កម្ពុជាបញ្ជាក់ពីដំណើរការប្រជាធិបតេយ្យក្រោយការបោះឆ្នោត
ភ្នំពេញ ៖ កាលពីថ្ងៃទី៥ ខែសីហា មន្រ្តីជាន់ខ្ពស់ កម្ពុជា បានថ្លែងអះអាងបញ្ជាក់ប្រាប់អ្នកការទូតអាល្លឺម៉ង់ថា ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កំពុងបោះជំហានទៅមុខជាវិជ្ជមាន តាមរយៈការបោះឆ្នោតសាកលរៀងរាល់៥ឆ្នាំម្តង ក្នុងការជ្រើសរើសមេដឹកនាំរបស់ប្រទេសខ្លួន។
លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងប្រាប់លោក Wolfgang Moser ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ដែលចប់អាណត្តិថា ទោះបីជាយ៉ាងណាក្តី ការបោះឆ្នោតនេះ ឆ្លុះបញ្ចាំងឲ្យឃើញនូវការអនុវត្តលទ្ធិប្រជាធិបតេយ្យជា ប្រក្រតីនៅកម្ពុជា ទោះជាបក្សណាឈ្នះ ឬចាញ់យ៉ាងណាក្តី។
គណបក្ស ប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងអំណាច បានប្រកាសពីជោគជ័យរបស់ខ្លួន ទៅលើគណបក្សសង្រ្គោះជាតិ ដែលជាដៃគូប្រជែងរបស់ខ្លួន ខណៈគណបក្សសង្រ្គោះជាតិ ក៏បានប្រកាសពីជោគជ័យរបស់ខ្លួនផងដែរ ប៉ុន្តែនៅតែមិនទាន់ទទួលយកលទ្ធផល ដោយសារតែខ្លួនរកឃើញថា មានភាពមិនប្រក្រតីជាច្រើននៅក្នុងការបោះឆ្នោត៕ Cambodia News