លិចកប៉ាល់​នៅ​កោះជ្វា​​ឥណ្ឌូណេស៊ី​ អ្នកដំណើរ​ភាគច្រើន​ជា​ជន​អន្ដោប្រវេសន៍​

មនុស្ស​១៥៧​នាក់​ត្រូវ​បាន​គេ​ជួយ​ សង្គ្រោះ​ ១០នាក់​ទៀត​បាន​បាត់​ខ្លួន ​ក្នុង​គ្រោះ​លិច​កប៉ាល់​នៅ​កោះ​តូច​មួយ របស់​ប្រទេស​ឥណ្ឌូណេស៊ី កាល​ពីព្រឹក​ថ្ងៃ​ពុធ​នេះ។ បើ​តាម​ប្រភព​របស់​អ្នក​ទទួលខុសត្រូវលើ​កប៉ាល់​ បាន​បង្ហាញ​ថា ​មានមនុស្ស​ ចំនួន​៣នាក់​បានស្លាប់​ផងដែរ។​

បន្ទាប់ ​ពី​មាន​ក្រុម​ជួយ​សង្គ្រោះ​បាន​ប្រតិបត្តការ ក្រោយ​គ្រោះ​លិច​កប៉ាល់​ភ្លាម គេ​មិន​ទាន់​ដឹង​ព័ត៌មាន​ច្បាស់លាស់​អំពី​ចំនួនមនុស្ស​ដែល​រងគ្រោះ​នេះ​ទេ។ នេះ​បើ​តាម​ប្រភព​របស់​ទីភ្នាក់ងារព័ត៌​មាន​បារាំង AFP។​

គេ ​គ្រាន់តែដឹង​ថា កប៉ាល់​ដែល​មាន​ផ្ទុក​ជន​អន្តោប្រវេសន៍​ជាង ២៥០​នាក់​បាន​ចេញ​ដំណើរ​ពី​ប្រទេស​ឥណ្ឌូណេស៊ី សំដៅ​ទៅ​ប្រទេស​អូស្ត្រាលី ដោយ​ឆ្លងកាត់​តាម​បណ្ដោយ​កោះ​ជ្វា។ ហើយ​តាម​ប្រភព នា​ដំណាក់​កាល​ដំបូង របស់​កាសែត​ក្នុងស្រុក គេ​ក៏​មិន​ទាន់​អាច​អះអាង​បាន​នៅឡើយ​ទេ​ថា មាន​មនុស្ស​ប្រមាណ​ជាង​១០​នាក់ បាន​ស្លាប់​រួចទៅ​ហើយ ឬ​គ្រាន់តែ​បាត់​ខ្លួន។​

បច្ចុប្បន្ន​ ក្រុម​អជ្ញាធរ​ឥណ្ឌូណេស៊ី កំពុងតែ​ប្រតិបត្តការ​ជួយ​សង្គ្រោះ​បន្ទាន់ និង​ស្វែងរក​មនុស្ស​ផ្សេង​ទៀត​ដែល​គេ មិន​ទាន់​បាន​ដំណឹង។ តែ​បើ​តាម​សារព័ត៌មាននានា​របស់​អូស្ត្រាលី​បាន​សរសេរ​ថា កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ទី​២៣ កក្កដា កប៉ាល់​បាន​ចាប់​ផ្ដើម​ឆេះ​ម៉ាស៊ីន បន្ទាប់​មក​ក៏​លិច​ចូល​ទៅក្នុង​ទឹក​យ៉ាង​ជ្រៅ ដោយ​មិន​ទាន់​ដឹង​ពី​មូលហេតុ នៃ​ការ​ឆេះ​នេះ​ទេ។

កាសែត​របស់​អូស្ត្រាលី​មួយ បាន​សន្និដ្ឋាន​ថា មាន​មនុស្ស​ប្រមាណ​៦០​នាក់​ផ្សេងទៀត អាច​គ្រាន់​តែ​បាត់​ខ្លួន ឬ​ក៏​អាច​ស្លាប់​ផងដែរ។ តែ​ទោះ​ជា​យ៉ាង រហូត​មក​ដល់​ព្រឹក​ថ្ងៃអង្គារ​នេះ គេ​មិន​ទាន់​បាន​ព័ត៌មាន​ច្បាស់ការ​អំពី​តុល្យការ​នៃ​គ្រោះថ្នាក់​ខាងលើ​ ឡើយ។​

សូម​បញ្ជាក់​ថា​នៅក្នុង​កប៉ាល់​គេ​រកឃើញ​ថា​ មាន​អ្នក​ដំណើរ​ភាគ​ច្រើន​ជា​ជនជាតិ ស្រីលង្កា អ៊ីរ៉ង់ និងអ៊ីរ៉ាក់។ ពួក​គេ​ទាំងអស់​កំពុង​តែ​ព្យាយាម​សុំ​សិទ្ធិ​ជា​ជន​ភៀសខ្លួន​នៅ​ប្រទេស​ អូស្ត្រាលី។

ហើយ​ចាប់​តាំង​ពី​ខែ​មករា​ឆ្នាំ​២០១៣​មក គេ​ឃើញ​មាន​មនុស្ស​ប្រមាណ​ជាង​១ម៉ឹន៥ពាន់​នាក់​បាន​ភៀសខ្លួន​តាម​កប៉ាល់ ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​​នៅ​ប្រទេស​អូស្ត្រាលី ដែល​បញ្ហា​អន្ដោ​ប្រវេសន៍​ខាង​លើ ជា​ប្រធាន​បទ​ក្ដៅ​មួយ​ក្នុង​រឿង​នយោបាយ​បច្ចុប្បន្ន។

ថ្មីៗ​នេះ​ ថ្នាក់​ដឹកនាំ​អូស្ត្រាលី​បាន​ប្រកាស​ថា មិន​លើក​លែង​ដល់​ជន​អន្តោប្រវេសន៍​មកតាម​កប៉ាល់​ដោយ​ខុសច្បាប់​នោះទេ។ ហើយ​អូស្ត្រាលី​នឹង​បញ្ជូន​ពួកគេ ទៅ​កោះ​Papouasie Nouvelle Guinée ឬ​ក៏​បញ្ជូន​ទៅ​ប្រទេស​ដើម​របស់​ពួកគេ​​វិញ ដោយ​ប្រកាស​មិនផ្តល់​សិទ្ធិ​ជ្រកកោន​ណា​មួយទេ៕ដោយ ជា ប៊ុនធឿន (RFI)

Related Articles

Back to top button
Close
Close