ក្រុមចោរប្លន់ដ៏សកម្មចំនួន ៦នាក់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន
ភ្នំពេញ ៖ កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៣ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំធ្វើសន្និសីទកាសែតមួយដើម្បីបង្ហាញមុខសញ្ញាក្រុមចោរប្លន់ដ៏សកម្ម ចំនួន៦នាក់ ដែលតែងតែធ្វើសកម្មភាពប្លន់យ៉ាងកក្រើកក្នុងរាជធានីភ្នំពេញ។
បើតាមប្រភពពីលោកវរសេនីយ៍ឯក ជួន ណារិន្ទ បានមានប្រសាសន៍ឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៣ សមត្ថកិច្ចការិយាល័យកណ្តាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បានចុះធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យប្លន់ម៉ូតូ២នាក់ នៅចំណុចផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន បន្ទាប់មកក៏ធ្វើការស្រាវជ្រាវជាបន្តទៀតរហូតឈានដល់ការចាប់ឃាត់ខ្លួន បានជនសង្ស័យចំនួន៤នាក់ទៀត និងដកហូតបានកាំភ្លើងម៉ាក កា៥៩ ១ដើម និងម៉ូតូ២គ្រឿង ដែលក្នុងនោះ១គ្រឿងជារបស់ជនរងគ្រោះម៉ាក CBR និង១គ្រឿងទៀតម៉ាក អេសអិល ពណ៌ទឹកប្រាក់ បិទស្កុតខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AQ-2041 ដែលពួកគេជិះធ្វើសកម្មភាពប្លន់។
បើតាមចម្លើយសារភាពរបស់ជនសង្ស័យ ទាំង៦នាក់ខាងលើនេះបានឲ្យដឹងថា ពួកគេធ្លាប់ធ្វើសកម្មភាពចំនួន៤លើកប្លន់យកម៉ូតូ និងទូរស័ព្ទស៊េរីទំនើបៗក្នុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក សង្កាត់វាលវង់ ខណ្ឌ៧មករា សង្កាត់បឹងកេងកង២ ខណ្ឌចំការមន និងនៅជាប់របងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដទៅតាមនីតិវិធីច្បាប់ ៕ Cambodia News