យន្តហោះជំនាន់សូវៀតពីរគ្រឿង ត្រូវគេរកឃើញនៅក្នុងកប៉ាល់របស់កូរ៉េខាងជើង
ប៉ាណាម៉ាបាន រកឃើញយន្ដហោះចម្បាំងចំនួន២គ្រឿង ដែលផលិតតាំងពីសម័យសហភាពសូវៀត នៅក្នុងកប៉ាល់របស់កូរ៉េខាងជើង។ ជាយន្តហោះសេរ៊ី MiG-21 ដែលមានវ័យចំណាស់ កប់នៅក្រោមគំនរស្ករស ក្នុងកប៉ាល់របស់កូរ៉េខាងជើងដែលអាជ្ញាធរប៉ាណាម៉ាបានឃាត់ទុក កាលពីពាក់កណ្ដាល ខែកក្កដានេះ។
ក្រៅ ពីសព្វាវុធចាស់ៗ ឥឡូវនេះ អាជ្ញាធរនៃសាធារណរដ្ឋប៉ាណាម៉ា បានប្រកាសជាថ្មីទៀតថា ខ្លួនបានរកឃើញយន្ដហោះចម្បាំង ប្រភេទ MiG-21 ដ៏ចំណាស់ចំនួន២គ្រឿង ដែលផលិតតាំងពីសម័យ សហភាពសូវៀត។
យន្ដហោះចម្បាំង ប្រភេទល្បឿនលឿនជាងសំឡេង MiG-21 ទាំងពីរគ្រឿងនេះ ត្រូវបានគេរកឃើញ នៅក្បែរគំនរគ្រាប់មីស៊ីល និងគ្រឿងសព្វាវុធ ដែលកប់នៅពីក្រោមបាវស្ករ-ស។ ប៉ាណាម៉ាយល់ថា ការដឹកជញ្ជូនយន្ដហោះចម្បាំងនេះ ជាការរំលោភលើសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ។ ជាសេចក្តីសម្រេចលេខ ១៧១៨ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៦ អំពីការហាមឃាត់រាល់ការនាំចេញ និងនាំចូលទៅកូរ៉េខាងជើង នូវរាល់គ្រឿងសព្វាវុធធុនធ្ងន់ ដូចជា រថក្រោះ រថពាសដែក មីស៊ីល យន្ត ហោះចម្បាំង ព្រមទាំងគ្រឿងបន្លាស់ និងផ្នែកផ្សេងទៀត ដែលគណៈកម្មាធិការទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខជាអ្នកកំណត់។
កូរ៉េខាងជើង និងគុយបាវិញ បានអះអាងថា គ្រឿងសព្វាវុធ និងគ្រាប់មីស៊ីលចាស់ៗ នៅលើកប៉ាល់នោះ គឺជារបស់គុយបា ដែលបញ្ជូនទៅឲ្យកូរ៉េខាងជើងជួសជុល។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលប៉ាណាម៉ាបានស្នើសុំឲ្យអ្នកជំនាញរបស់ក្រុមប្រឹក្សា សន្តិសុខ មកពិនិត្យកប៉ាល់របស់កូរ៉េខាងជើង ហើយតាមគម្រោង អ្នកជំនាញរបស់ អសប នឹងមកដល់ប៉ាណាម៉ា នៅថ្ងៃទី៥ សីហាខាងមុខ។
អ្នកដើរកប៉ាល់៣៥នាក់របស់កប៉ាល់កូរ៉េខាងជើងខាងលើ ត្រូវបានសាធារណរដ្ឋប៉ាណាម៉ា ឃាត់ខ្លួន ហើយថែមទាំងអាចប្រឈមមុខនឹងការកាត់ទោសពីបទជួញដូរសព្វាវុធថែម ទៀតផង។ កូរ៉េខាងជើងឯណេះវិញ បានទាមទារយ៉ាងទទូច ឲ្យប៉ាណាម៉ាដោះលែងអ្នកដើរកប៉ាល់ទាំងអស់របស់ខ្លួនឲ្យបានឆាប់ ជាទីបំផុត។
គួរបញ្ជាក់ផងដែរថា ប៉ាណាម៉ាបានឃាត់កប៉ាល់មួយដែលមានដោតទង់ជាតិកូរ៉េខាងជើង កាលពីល្ងាចថ្ងៃទី១៥ កក្កដាកន្លងទៅ។ ប៉ាណាម៉ា ឃាត់កប៉ាល់ខាងលើ ព្រោះសង្ស័យថា មានដឹកថ្នាំញៀន។ ប៉ុន្តែ ក្រោយពីចុះឆែកឆេរគ្រប់កន្លែងក្នុងកប៉ាល់ គេឃើញបាវស្ករជាង២ម៉ឺនតោន ដែលគេដាក់គរបាំងកុងទឺណឺ។ ហើយក្នុងកុងទឺណឺទាំងនោះ គេរកឃើញ គ្រាប់មីស៊ីល គ្រឿងសព្វាវុធ និងគ្រឿងបន្លាស់របស់វាជាច្រើនទៀត។ ចុងក្រោយនេះ ប៉ាណាម៉ា ទើបតែរកឃើញយន្ដហោះចម្បាំងដ៏ចំណាស់ពីរគ្រឿងទៀត ដែលកប់នៅក្រោមគំនរបាវស្ករជាច្រើន៕ដោយ អ៊ឹម រចនា (RFI)