ជម្ងឺគ្រុនឈាមកំពុងរាតត្បាតលើកុមារនៅទីជនបទ
Cambodia News/
កំពង់ឆ្នាំង ៖នៅក្នុងមន្ទីរពេទ្យកុមារខេត្តកំពង់ឆ្នាំង មានកុមារកំពុងសំរាកពេទ្យ ប្រមាណជា ២៩នាក់ កុមារទាំងនេះភាគច្រើនមានជម្ងឺគ្រុនឈាម ដែលកំពុងរាតត្បាតលើកុមារនៅទីជនបទ គួរព្រួយបារម្ភ។
លោក សូរិន្ទទី រាវុឌ្ឍី ប្រធានមន្ទីរពេទ្យបង្អែកខេត្តបានអោយដឹងថា នៅក្នុងរបាយការណ៍បូកសរុបសប្ដាហ៍ទី២៨ឆ្នាំ២០១៣ កុមារដែលមានជម្ងឺគ្រុនឈាមមកសំរាកក្នុងមន្ទីរពេទ្យខេត្តមាន ចំនួន១៤នាក់ក្នុងនោះមានមនុស្សចាស់ម្នាក់ផងដែរ។
អ្នកជម្ងឺភាគច្រើនមកពីទីជនបទក្នុងស្រុករលាប្អៀរ ស្រុកទឹកផុស ស្រុកបរិបូរណ៍ ប៉ុន្តែជម្ងឺកុមារទាំងអស់នោះគឺជាជម្ងឺគ្រុនឈាមប្រភេទស្រាល ហើយរស់នៅរាយប៉ាយតាមភូមិឃុំដោយឡែកពីគ្នា មិនទាន់ដល់ពេលប្រកាសអាសន្ននោះទេ។ កន្លងមកមន្ត្រីសុខាភិបាលបានចុះដល់មូលដ្ឋានមួយចំនួនអប់រំ ប្រជាពលរដ្ឋដោយផ្ទាល់ក្នុងការលប់បំបាត់ជំរកមូសខ្លាតាមលំនៅឋាន តាមទីជនបទពិសេសកន្លែងកើតមានជម្ងឺគ្រុនឈាម។
លោក ម៉ម ម៉ាល័យ អនុប្រធានមន្ទីរសុខាភិបាលខេត្តទទួលបន្ទុកជម្ងឺឆ្លងនិងជម្ងឺរាត ត្បាតបាននិយាយអោយដឹងនៅព្រឹកថ្ងៃទី១៨ ខែកក្កដានេះថា ៖តាមរបាយការណ៍ដែលលោកទទួលបានក្នុងសប្ដាហ៍នេះមានកុមារគ្រុនឈាម ចំនួន១៧នាក់បើប្រៀបធៀបជាមួយបណ្ដាខេត្តផ្សេងៗទៀត ខេត្តកំពង់ឆ្នាំងមានអ្នកគ្រុនឈាមទាបជាងគេ។
ប៉ុន្តែ ទោះបីកំរិតជម្ងឺគ្រុនឈាមនៅទាបក៏ដោយមន្ទីរសុខាភិបាលខេត្តបាន ធ្វើការអប់រំនិងពង្រឹងដល់ប្រធានមណ្ឌលសុខភាពនិងមន្ទីរពេទ្យ បង្អែកតាមបណ្ដាស្រុកអោយយកចិត្តទុកដាក់អប់រំផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋជាប្រចាំនៅតាមមូលដ្ឋានអោយបានយល់ច្បាស់អំពីវិធី ទប់ស្កាត់និងកំចាត់មូសខ្លា ដើម្បីការពារសុខភាពកូនចៅកុំអោយកើតជម្ងឺគ្រុនឈាមនៅក្នុងរដូវ ភ្លៀងនេះ៕