ជន​សង្ស័យ​ ចំនួន ​៤ ​នាក់ ​ត្រូវ​ចាប់​ខ្លួន​រឿង​ផ្ទះ​អាវុធ ​ជា​មួយ​ក្បួន​ឃោសនា ​គណ​បក្ស​សង្គ្រោះ​ជាតិ ​

Cambodia News

ភ្នំពេញ៖ ជនសង្ស័យ​ចំនួន ៤ នាក់ ត្រូវបាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​ភ្លាមៗ នៅក្នុង​ការ​ប៉ះ​ទង្គិច​គ្នា ជាមួយ​សកម្មជន​គណ​បក្ស សង្គ្រោះ​ជាតិ រហូតដល់​មាន​ការផ្ទុះអាវុធ និង​ការប្រើ​អំពើ​ហិង្សា កាលពី​យប់​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៣ តាម​បណ្តោយ​ផ្លូវ​លេខ​១៣៥ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

ជនសង្ស័យ២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន
ជនសង្ស័យ២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន

ការប៉ះទង្គិច​គ្នា​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជាង ៧ យប់ ហើយ​អូសបន្លាយ​រហូតដល់​ម៉ោងជាង ៩ យប់ ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៣​ បន្ទាប់ពី​ក្រុម​ជនសង្ស័យ និង​សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ បាន​ប៉ះទង្គិច​ពាក្យសំដី​គ្នា ដោយសារតែ​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក រឿង​គណបក្ស​។​

មន្ត្រីជាន់ខ្ពស់​កងរាជអាវុធហត្ថ បាន​ឲ្យដឹងថា ជនសង្ស័យ​ចំនួន ៤​នាក់ ដែល​ត្រូវបាន​ចាប់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ១-​ឈ្មោះ ឃី គឹម​លន់ ជា​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ២-​ឈ្មោះ អ៊ុង ច័ន្ទ​ថន  ជា​អង្គរក្ស និង​ជា​មន្ត្រី​កងរាជអាវុធហត្ថ​នៅ​ខេត្ត​កណ្តាល ជា​អ្នកបាញ់​ចំនួន​៤​គ្រាប់​ ៣-​ឈ្មោះ មៀក សៅភា​រិទ្ធ ជា​បុគ្គលិក​ក្រុមហ៊ុន​លក់​សៀវភៅ​
៤-​ឈ្មោះ ភោគ ចំរើន​ឧត្តម ជា​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​។​
​    ​
មន្ត្រី​ដដែល​បាន​បន្តថា បន្ទាប់ពី​ធ្វើ​ការឃាត់ខ្លួន ជនសង្ស័យ​ទាំង ៤​នាក់ ត្រូវបាន​បញ្ជូន​មកកាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការសាកសួរ​អំពី​ដំណើររឿង ដែល​ឈានទៅដល់​ការផ្ទុះអាវុធ និង​ការប្រើ​អំពើហិង្សា​ដាក់​គ្នា​។​
​    ​
​សេចក្តីរាយការណ៍​ពី​ កន្លែងកើតហេតុ​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ ក្រុម​ជនសង្ស័យ​បាន​ធ្វើ​ពិធី​ខួបកំណើត នៅក្នុង​ភូមិគ្រឹះ​គ្មាន​លេខ ដែល​គេ​ស្គាល់​ថា ជា​ផ្ទះ​របស់​លោក​ឧកញ៉ា លី គឹម​លុន នៅតាម​បណ្តោយ​ផ្លូវ​៣១៥  សង្កាត់​ផ្សារ​ដើមថ្កូវ ហើយ​នៅពេល​ដែល​ក្បួន​ឃោសនា​គណបក្ស សង្គ្រោះ​ជាតិ មកដល់​មុខ​ភូមិគ្រឹះ (​របង​ផ្ទះ​មាន​បិទ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​) ក៏​បាន​ស្រែក​ដៀមដាម​ដាក់ រហូត​ទប់​កំហឹង​មិន​បាន ភាគី​ទាំងពីរ ក៏​មាន​ការប្រតាយប្រតប់​គ្នា រហូត​ឈាន​ទៅដល់​ការផ្ទុះ​អាវុធ​តែ​ម្តង​ទៅ​។​

​ ជុំវិញ​ហេតុការណ៍​នោះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា នៅពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក យឹម សុវណ្ណ បាន​ដង្ហែ​ក្បួន​ឃោសនា ដល់​ផ្លូវ​លេខ ១៣៥ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ទល់មុខ​ផ្ទះ​លោក​ឧកញ៉ា លី គឹម​លុន ស្រាប់តែ​មាន​ការប្រើ​ហិង្សា ដោយ​ការ​គប់​ដុំថ្ម លើ​ក្បួន​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ បណ្តាលឲ្យ​មនុស្ស ៣ នាក់​រងរបួស​។ ពេលនោះ ក៏​មាន​ការ​បាញ់កាំភ្លើង​ពី ៥ ទៅ ១០ គ្រាប់ ហើយ​អ្នកចូលរួម​ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៣ នាក់ ត្រូវបាន​ចាប់ខ្លួន ដោយ​គ្មាន​មូលហេតុ​។​

​គណបក្ស​សង្គ្រោះ​ ជាតិ បានប្រកាស​ថ្កោលទោស​លើ​សកម្មភាព​រំខាន​ក្បួន​ឃោសនា ហើយ​ទាមទារ​ឲ្យ​អាជ្ញា​ធរមា​ន​សមត្ថកិច្ច ស៊ើបអង្កេត ចាប់ខ្លួន​ជន​បង្ក និង​អ្នក​នៅ​ពីក្រោយ​ខ្នង យក​មក​ផ្តន្ទាទោស​តាមច្បាប់​៕

S-384S-386

Related Articles

Back to top button
Close
Close