លោកបារ៉ាក់ អូបាម៉ា ទស្សនកិច្ច «ផ្ទះទាសករ» នៅសេណេហ្គាល់
ក្នុងដំណើរទស្សនកិច្ចមួយសប្តាហ៍ នៅអាហ្វ្រិក លោកបារ៉ាក់ អូបាម៉ា បានទៅដល់ប្រទេសសេណេហ្គាល់ហើយ។លោកបានធ្វើដំណើរទៅដល់កោះ ហ្គោរ៉េ(Gorée)ដើម្បីពិនិត្យមើលផ្ទះរបស់ទាសករ និងក៏បាន រម្លឹកគុណដល់លោកណែលសុន ម៉ុនដឺឡាវីរជនរបស់ពិភពលោកផងដែរ។
ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្លួនទៅកាន់ទ្វីបអាហ្វ្រិកចាប់តាំងពីលោកបានឡើងធ្វើជាប្រធានា ធិបតីអាមេរិកមកលោកអូបាម៉ា ត្រូវបានស្វាគមន៍កាលពីម្សិលមិញដោយលោកMacky Sall ប្រធានាធិបតី សេណេហ្គាល់ និងភរិយា។
លោកអូបាម៉ាដែលអមដំណើរដោយភរិយា និងកូនស្រីទាំងពីរផងបានទៅដល់កោះ Gorée ដើម្បីមើល ផ្ទះទាសករដែលជាទីតាំងនៃការចងចាំដ៏សោកសៅរបស់ទ្វីបអាហ្វ្រិក។ ទីតាំងនេះធ្លាប់ត្រូវបានប្រធានា ធិបតីអាមេរិកពីររូបហើយដែលបាន ទៅទស្សនកិច្ចនៅទីនោះគឺលោក Bill Clinton និងលោក George W. Bush។
ដោយសម្តែងពី អារម្មណ៍ដ៏ក្តុកក្តួល ប្រមុខរដ្ឋអាមេរិកដែលមានឈាមជ័រអាហ្វ្រិករូបនេះបានអះអាងថា ទស្សនកិច្ចនេះបានជំរុញឲ្យលោកមានទឹកចិត្តកាន់តែពុះកញ្ជ្រោលថែមទៀត ក្នុងការការពារសិទ្ធិមនុស្ស នៅក្នុងពិភពលោក។
ក្នុងសន្និសីទកាសែតរួមគ្នាជាមួយប្រធានាធិបតីសេណេហ្គាល់ លោក អូបាម៉ា បានសម្តែងការគោរពដឹងគុណចំពោះលោក ណែលសុន ម៉ុនដឺឡា អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង និងជាវីរជនរបស់ពិភព លោក ក្នុងការតស៊ូប្រឆាំងការរើសអើងជាតិសាសន៍នៃរបបអាផាថេត។ លោកបានថ្លែងថា ណែលសុន ម៉ុនដឺឡា គឺជាវីរជនម្នាក់របស់លោក ហើយក៏ជា វីរជនរបស់ពិភពលោកទាំងមូលផងដែរ។ប្រសិនបើលោកម៉ុនដឺឡា លាចាកលោកនេះទៅក៏មរតករបស់លោកនឹងស្ថិតនៅជានិច្ចជាមួយពិភពលោក។
ឆ្លើយតបនឹងសំណួររបស់អ្នកកាសែត លោកអូបាម៉ាក៏បានបញ្ជាក់ថា ការសម្រេចរបស់តុលាការកំពូល អាមេរិកក្នុងការលុបចោលច្បាប់ ហាមឃាត់អាពាហ៍ពិពាហ៍មនុស្សភេទដូចគ្នាគឺជាជោគជ័យថ្មីមួយទៀត សម្រាប់ប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក។ លោកអះអាងថា ទោះបីជាមានជាតិសាសន៍ខុសគ្នា កាន់សាសនាខុសគ្នា និងមានភេទអ្វីក៏ដោយ ក៏មនុស្សត្រូវមានសិទ្ធិស្មើគ្នា។
លោកអូបាម៉ាត្រូវបន្តដំណើរទស្សនកិច្ចរបស់ខ្លួនទៅកាន់ អាហ្វ្រិកខាងត្បូងនៅថ្ងៃសុក្រនេះ។ លោកនឹង ត្រូវជួបពិភាក្សាការងារជាមួយសមភាគីរបស់ខ្លួនគឺលោកប្រធានាធិបតី Jacob Zuma នៅទីក្រុង Johannesburg ។ កម្មវិធីទស្សនកិច្ចរបស់លោក អូបាម៉ានៅអាហ្វ្រិកខាងត្បូងនឹងអាចប្រែប្រួលអាស្រ័យ ទៅតាមស្ថានភាពសុខភាព របស់លោក ណែលសុន ម៉ុនដឺឡា។ លោក ម៉ុនដឺឡា អាយុ ៩៤ ឆ្នាំដែល កំពុងតែសម្រាកក្នុងមន្ទីរពេទ្យទីក្រុងប្រេតូរីយ៉ា តាំងពីជិតបីសប្តាហ៍មកហើយ៕ដោយ ប៉ែន បូណា (RFI)