ពលរដ្ឋបឹងកក់ចាប់ផ្ដើម​ដើរហែក្បួន

ភ្នំពេញ: ចាប់ពី​ព្រឹក​ថ្ងៃទី​៣០​ មេសា​ រហូតដល់​ថ្ងៃទី​៦ ​ឧសភា ​​២០១២ ប្រជាពលរដ្ឋ​សហគមន៍​បឹងកក់ប្រមាណ ៣០០​នាក់ បាន​ហែ​ក្បួន​តាមផ្លូវ​សាធារណៈក្នុង​រាជធានី​ភ្នំ​ពេញ​ ដើម្បី​ទាមទារ​បោះបង្គោលកំណត់​ព្រំដី ១២,៤៤ ហិកតា ធ្វើ​ប្លង់​កម្មសិទ្ធិ ៩៤ គ្រួសារ​ឲ្យ​បាន​ឆាប់ និង​ឈប់​យក​ប្រព័ន្ធតុលាការ​មក​គាបសង្កត់​ប្រជាពលរដ្ឋព្រមទាំង​ទាមទារ​ឲ្យ​អាជ្ញាធរ​ដក​ពាក្យបណ្តឹង​។

ការហែក្បួន​នេះ ធ្វើឡើងបន្ទាប់ពី​មានការ​អនុញ្ញាត នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា រវាង​មន្ត្រី​សាលា​រាជធានី អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ និង​តំណាង​ប្រជាពលរដ្ឋ​បឹងកក់ កាលពី​ព្រឹក​ថ្ងៃទី​២៧ ​មេសា ​​២០១២​។​

អ្នកស្រី ទេព វ​ន្នី ពលរដ្ឋ​បឹងកក់ បាន​ឲ្យ​ដឹងថា ការហែក្បួន​របស់​ប្រជាពលរដ្ឋ​បឹងកក់ រយៈ​ពេល​មួយ​សប្តាហ៍ ចាប់ពី​ថ្ងៃទី​៣០ ខែមេសា ដល់​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១២ ដោយ​ក្នុង​នោះ ក៏មាន​ការដាក់​ញត្តិ​តាម​បណ្តា​ស្ថានទូត​នានា រដ្ឋសភា ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក និង​ម្ចាស់ជំនួយ​។​

អ្នកស្រី​បន្តថា ការដើរ​ហែ​ក្បួន​តាមផ្លូវ ប្រជាពលរដ្ឋ​ពាក់អាវ និង​មួក ដោយ​នៅលើ​មួក​សរសេ​រ​អក្សរ អនុក្រឹត្យ​១៨៣, និង​ដី ១២,៤៤ ហិកតា របស់​ប្រជាពលរដ្ឋ​។ ចំណែក​នៅលើ​អាវ​វិញ ផ្នែក​ខាងមុខ​សរសេរថា បោះ​ព្រំប្រទល់​ដី ១២,៤៤ ហិកតា ដោយ​ពុំមាន​កាត់​គ្រួសារ​ណា​ចេញ ប្រព័ន្ធតុលាការ​ត្រូវតែ​ឯករាជ្យ​៕

Related Articles

Back to top button
Close
Close