អ្នកការសែត ឃែមបូឌាដេលី ពីនាក់ត្រូវបានដោះលែងវិញហើយ
ថ្ងៃទី២៧ មេសា ២០១២ ស្ត្រីអ្នកកាសែត The Cambodia Daily ២រូបបានត្រៀមចេញដំណើរពីខេត្តកោះកុង មកកាន់រាជធានីភ្នំពេញវិញហើយ បន្ទាប់ពីប៉េអឹមសួរនាំរួចរាល់អំពីហេតុការណ៍បាញ់សម្លាប់ប្រធានអង្គការការពារធនធានធម្មជាតិលោក ឈុត វុទ្ធី និងប៉េអឹមម្នាក់ឈ្មោះ អ៊ិន រតនា កាលពីរសៀល ថ្ងៃទី២៦ មេសា ម្សិលមិញនេះនៅខេត្តកោះកុង។
យោងតាមការបញ្ជាក់ពីសកម្មជនសិទ្ធិមនុស្ស និងស្ត្រីអ្នកកាសែត នៅព្រឹក ថ្ងៃទី២៧ មេសា នេះ បានឲ្យដឹងថា ស្ត្រីអ្នកកាសែតទាំងពីររូប ត្រូវបានប៉េអឹមខេត្តកោះកុង សួរនាំចាប់តាំងពីរសៀលថ្ងៃទី២៦ ខែមេសា ក្រោយកើតហេតុ និងបន្តរហូតដល់ព្រឹក ថ្ងៃទី២៧ ខែមេសា មុននឹងអនុញ្ញាតឲ្យអ្នកទាំងពីរចាកចេញពីខេត្តកោះកុង។
អ្នកយកព័ត៌មានស្ត្រីទាំង ២ រូបនេះ មានឈ្មោះ ផន បុប្ផា ជាជនជាតិខ្មែរ អាយុ ២៧ ឆ្នាំ និងម្នាក់ទៀតជនជាតិកាណាដា មានឈ្មោះថា អូលេស៊ា ផ្លុកឃី (Olesia Plokhii) អាយុ ២៧ ឆ្នាំដូចគ្នា បានចុះទៅយកព័ត៌មានទាក់ទងការកាប់ឈើមួយកន្លែងនៅខេត្តកោះកុង កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១២។
គួរបញ្ជាក់ថា ស្ត្រីអ្នកកាសែតទាំងពីរមិនមានរបួសអ្វីទេ ប៉ុន្តែនាងបានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយក្នុងហេតុការណ៍ ផ្ទុះអាវុធនោះ៕