​លោក ​ហ៊ុន ​សែន៖​ បើ​សិន​បក្ស​ប្រ​ជាជន​ចាញ់ឆ្នោត​ កម្ពុជា​អាច​នឹង​វឹកវរ​

Cambodia News

ប៉ោយប៉ែត៖ នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ជាតិ​លេខ​៥៩ ពី​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ត​ភ្ជាប់​ទៅ​ខេត្ត​ប៉ៃលិន នៅ​ថ្ងៃ​ទី២១ មិថុនា លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​និយាយ​អំពី​ប្រទេស​កម្ពុជា អាច​មាន​អស្ថិរភាព​នយោបាយ ហើយ​ប៉ះពាល់​ដល់​សន្តិសុខ​ក្នុង​តំបន់​ផង​ដែរ ប្រសិន​បើ​គណបក្ស​លោក​ចាញ់​ឆ្នោត​ក្នុង​ពេល​បោះឆ្នោត​ខាង​មុខ​នេះ។

លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន

ក៏ប៉ុន្តែ បញ្ហា​នេះ​ត្រូវ​បាន​ច្រាន​ចោល​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក យ៉ែម បុញ្ញឫទ្ធិ អគ្គលេខា​ធិការ​​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ហៅ​ការ​ថ្លែង​សារ​នយោបាយ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ​ថា គឺ​ជា​ការ​អស់​ជម្រើស និង​អស់​សង្ឃឹម​ក្នុង​ការ​ប្រកួត​ប្រជែង។

លោក យ៉ែម បុញ្ញឫទ្ធិ បន្ត​ថា នេះ​ជា​មធ្យោបាយ​តែ​មួយ​គត់​របស់​លោក​នាយក​រដ្ឋមន្ត្រី ដែល​ជ្រើស​រើស​ការ​ប្រកាស​អាសន្ន​នៅ​ក្នុង​សង្គម ថា​នឹង​មាន​អស្ថិរភាព​នយោបាយ ដើម្បី​គំរាម​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស។  លោក​គិត​ថា ព្រោះ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដឹង​យ៉ាង​ច្បាស់​ថា ពលរដ្ឋ​កម្ពុជា ធ្លាប់​ឆ្លង​កាត់​សង្គ្រាម និង​ព្រួយ​បារម្ភ​ខ្លាច​មាន​វិបត្តិ​ជា​ថ្មី​ឡើង​វិញ ទើប​លោក ហ៊ុន សែន ប្រើ​សារ​គំរាម​បែប​នេះ។

បើ​ទោះ​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា បើ​គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត​នឹង​លុប​បំបាត់​គម្រោង​អភិវឌ្ឍន៍​នានា ដោយ​រួម​ទាំង​ឈប់​ធ្វើ​បុណ្យ​ក៏ដោយ ក៏ប៉ុន្តែ​លោក យ៉ែម បុញ្ញឫទ្ធិ អះអាង​ថា ការ​អភិវឌ្ឍ​ជាតិ គឺ​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល គឺ​ពុំ​មែន​ជា​រឿង​បុគ្គល​នោះ​ទេ៕

Related Articles

Back to top button
Close
Close