លោក ហោ ណាំហុង ប្រាប់ប្រទេសនានា កុំលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា
Cambodia News
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទទី១០ មិថុនា នេះ នៅក្នុងជំនួបមួយ ជាមួយឯកអគ្គរាជទូតអូស្រា្តលី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានបន្លឺសម្លេងជាថ្មីទៅកាន់បណ្ដាប្រទេសនានា កុំលូកដៃចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ពិសេសខណៈដែលប្រទេសនេះ កំពុងរៀបចំការបោះឆ្នោត។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់ក្រុមអ្នករាយការណ៏ព័ត៌មាន ពីសេចក្ដីថ្លែងរបស់លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា អំឡុងជួបជាមួយលោកស្រី អាលីសុន ប៊ូរ៉ូវ (Alison Burrows) ឯកអគ្គរាជទូតអូស្ត្រាលីថា ប្រទេស កម្ពុជា ជា ប្រទេសកាន់នូវ លទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ ហើយ កម្ពុជា មិនចង់ឃើញប្រទេសដទៃ ជ្រៀតជ្រែក រឿងផ្ទៃក្នុង របស់ខ្លួន ឡើយ ។
សេចក្ដីថ្លែងបែបនេះ បានធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី ជេន ផ្សាគី (Jen Psaki) កាលពីថ្ងៃសៅរ៏ ចុងសប្ដាហ៏កន្លងទៅ បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៏មួយ ដោយបង្ហាញពីការព្រួយបារម្ភ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះការបណ្ដេញតំណាងរាស្ត្របក្សប្រឆាំង ២៧រូបចេញពីសភា៕