បារាំង​ចង់​ពង្រឹង​​វត្តមាន​ខ្លួន នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ដែរ

ប្រទេស​បារាំង​កំពុង​ជួប​បញ្ហា​ថវិកា ប៉ុន្តែ រដ្ឋាភិបាល​បារាំង​មិន​ចង់​បាត់បង់​តួនាទី​យោធា​របស់ ខ្លួន នៅ​អាស៊ី។ នៅ​ថ្ងៃ​អាទិត្យ​នេះ នៅក្នុង​វេទិកា​ដើម្បី​សន្តិសុខ Shangri La ក្នុង​ប្រទេស​សិង្ហបុរី រដ្ឋមន្រ្តី​ការពារ​ជាតិ បារាំង បាន​ប្រកាស​បង្កើន​សហប្រតិបត្តិការ​យោធា នៅ​តំបន់​អាស៊ី​ប៉ាស៊ីងហ្វិក។ អាស៊ី​ប៉ាស៊ីហ្វិក​ដែល​បារាំង​នៅតែ​ចាត់ទុក​ជា​តំបន់​យុទ្ធសាស្រ្ត​ដ៏​ សំខាន់​មួយ​របស់​ខ្លួន។

“បារាំង ​នៅតែ​ចង់​បំពេញ​តួនាទី​របស់ខ្លួន ​ដើម្បី​ប្រយោជន៍​សន្តិសុខ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ សន្តិសុខ​របស់​ប្រជាជន​អាស៊ី ក៏​ដូចជា​សន្តិសុខ​បារាំង”។ នេះ​ជា​ការថ្លែង​របស់​លោក​Jean Yves Le Drian រដ្ឋមន្រ្តី​ការពារ​ជាតិ​បារាំង ទៅ​ប្រមុខ​មេដឹកនាំ​យោធា​នៅ​អាស៊ី នៅ​ក្នុង​ឱកាស​វេទិកា​ដើម្បី​សន្តិសុខ ដែល​តែងតែ​ត្រូវ​រៀបចំ​ឡើង ជា​រៀងរាល់​ឆ្នាំ ក្នុង​ប្រទេស​សិង្ហបុរី។

បើតាម​រដ្ឋមន្រ្តី​ការពារជាតិ​បារាំង បារាំង​មិន​ចង់​បាត់​តួនាទី​របស់ខ្លួន នៅ​អាស៊ី បើទោះជា​មាន​កត្តា​ភូមិសាស្រ្ត ឬ​ក៏​ដោយសារ​បញ្ហា​កាត់បន្ថយ​ថវិកា​រដ្ឋ ក៏ដោយចុះ។ នៅក្នុង​ន័យនេះ ទីក្រុង​ប៉ារីស​ចង់​ចូលជិត ចងសម្ព័ន្ធភាព​យោធា​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន ជាពិសេស ក្នុង​ទម្រង់​ធ្វើសមយុទ្ធ​រួមគ្នា។ បច្ចុប្បន្ន​នេះ បារាំង​កំពុង​​មាន​សហប្រតិបត្តិការ​យោធា​ជាមួយ​ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី និង​វៀតណាម។

បារាំង​ចង់​បញ្ជាក់​វត្តមាន​របស់ខ្លួន នៅ​អាស៊ីប៉ាស៊ីហ្វិក ព្រោះ​ដោយឃើញ ប្រទេស​មហាអំណាច ដូចជា​ចិន និង​អាមេរិក កំពុង​បោះ​យុថ្កា ពង្រាយ​ទ័ព កាន់តែច្រើន នៅ​អាស៊ី ប៉ាស៊ី ហ្វិក។ ជាលើកទីមួយ ថវិកា​ចំណាយ​ទៅលើ​វិស័យ​កងទ័ព នៅ​អាស៊ី​បាន​កើនឡើង ខ្ពស់ គឺ​ច្រើន ជាង​កញ្ចប់​ថវិកា ដែល​ប្រទេស​អឺរ៉ុប របស់​អង្គការ​អូតង់ ចំណាយ​សម្រាប់​ឆ្នាំ ២០១២​ទៅទៀត។

ក្នុង​នយោបាយ​រឹតត្បិត​ថវិកា បារាំង​បាន​កាត់បន្ថយ​ចំណាយ​លើ​វិស័យផ្សេងៗ ប៉ុន្តែ នៅ​រក្សា​កញ្ចប់​ថវិកា​សម្រាប់​ក្រសួង​ការពារជាតិ គឺ​ប្រមាណ ៣១​ពាន់​លាន​អឺរ៉ូ។ ផ្ទុយទៅ រដ្ឋាភិបាល​បាន​ប្រកាស​កាត់បន្ថយ​ចំនួន​ទ័ព​បន្ថែម គឺ​២ម៉ឺន ៤​ពាន់​នាក់ ចាប់ពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ ២០១៩។ ថវិកា​ដដែល ប៉ុន្តែ ចំនួន​កងទ័ព​នឹង​ថយចុះ ព្រោះ​រដ្ឋាភិបាល​បារំាង​ចង់​ពង្រឹង​សមត្ថភាព​យោធា​បារំាង ហើយ​ថវិកា​សំខាន់​មួយ​នឹង​ត្រូវ​គេ​ចំណាយ​លើ​សន្តិសុខ​ព័ត៌មានវិទ្យា៕ដោយ ឈាង បុប្ផា (RFI)

Related Articles

Back to top button
Close
Close