អូស្ត្រាលីផ្អាកការផ្ទេរអ្នកទោសឲ្យអាជ្ញាធរអាហ្វហ្គានីស្ថាន
កងយោធាអូស្ត្រាលីបានផ្អាកការផ្ទេរអ្នក ទោសនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ ពីមានការចោទប្រកាន់ថា កងសន្តិសុខរបស់ប្រទេសនេះបានធ្វើការរំលោភបំពានដល់អ្នកជាប់ឃុំ។
លោក Stephen Smith រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលីបានប្រកាសពីការផ្អាកនេះ ខណៈពេលដែលលោកកំពុងបំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពអូស្ត្រាលីមួយនៅ តំបន់ Uruzgan។
ការប្រកាសនេះ មានន័យថា កងទ័ពអូស្ត្រាលីនឹងមិនផ្ទេរជនជាប់ឃុំឃាំងអាហ្វហ្គានីស្ថានទៅ អាជ្ញាធរដែនដីទេ លុះណាតែមានភស្តុតាងបញ្ជាក់ថាពួកគេមានសុវត្ថិភាព។
បើតាមច្បាប់តម្រូវឲ្យកងទ័ពផ្ទេរជនជាប់ឃុំឃាំងទៅអាជ្ញាធរក្នុងស្រុកក្នុងរយៈពេល ៩៦ម៉ោង។
ការ ប្រកាសផ្អាកនេះធ្វើឡើងបន្ទាប់ពីមានការចោទប្រកាន់ថាសមាជិក ភ្នាក់ងារស៊ើបការណ៍អាហ្វហ្គានីស្ថាន បានធ្វើទុក្ខបុកម្នេញដល់អ្នកទោស ដែលអាជ្ញាធរអូស្ត្រាលីបានប្រគល់ដល់ពួកគេ។
ថ្មីៗ នេះយោធាអង់គ្លេសក៏បានសារភាពផងដែរថាខ្លួនបានឃុំជនជាប់ចោទរយៈ ពេលយូរផងដែរ ដែលជនជាប់ចោទមួយចំនួន រងការឃុំខ្លួនរហូតដល់ជាងមួយឆ្នាំក៏មាន៕ (Radio Australia )