កងទ័ព​រដ្ឋាភិបាល​ស៊ីរី​ចាប់ផ្តើម​ទទួល​មែន កាំជ្រួច​មីស្ស៊ីល​រុស្ស៊ី​ធុន S-300

គឺកាំជ្រួច​ប៉ុន្មាន​គ្រឿងដំបូង នៃ​ប្រព័ន្ធ​ការពារដែន​អាកាស​ធុន S-300 ដែល​ទើប បាន​ទៅដល់​ប្រទេស​ស៊ីរី។ ដំណឹង​នេះ ចុះផ្សាយ​ដោយ​កាសែតលីបង់ Al Akhbar លេខថ្ងៃ៣០ ឧសភា យោងទៅលើ បទសម្ភាសន៍ លោកប្រធានាធិបតីស៊ីរី Bachar al Assad សម្ភាសន៍ ដែល​ត្រូវចាក់​ផ្សាយ​ថ្ងៃនេះ ដោយ​កាណាល់ទូរទស្សន៍ Al Manar ស្និទ្ធ​នឹង Hezbollah ជា ចលនា​អ៊ីស្លាមនិកាយShiit នៅប្រទេស​លីបង់​ច្បាំង​នៅខាង របបក្រុងដាម៉ាស។

បញ្ហា​លក់អាវុធ​នេះ​របស់រុស្ស៊ី ទៅឲ្យ​របប​លោក​ប្រធានាធិបតី ស៊ីរី គឺញ៉ាំង​ឲ្យមាន ការ ទិតៀន​យ៉ាងខ្លាំង ពីខាង ស.រ.អា. និង សម្ព័ន្ធមិត្ត​ដ៏ជំនិត​របស់អាមេរិក នៅតំបន់​ដើមបូព៌ា ពោល​គឺ អ៊ីស្រាអែល ដែល​នៅជាប់ផ្ទាល់​នឹង​ដែន​ដីស៊ីរី។ មកពីមូលហេតុ​នេះ បានជា កាលពីថ្ងៃ ១៤ឧសភា កន្លងទៅ លោក​នាយករដ្ឋ​មន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ថែម​ទាំងបាន មក​ជួបចរចា​ជាបន្ទាន់ ជាមួយ​លោកប្រធានាធិបតី​រុស្ស៊ី​ពូទីន ទៅផង ដើម្បី​ទទូច ក្រុង​ម៉ូស្គូ កុំ​លក់​អាវុធ​នេះ ទៅ​ស៊ីរី។ ប៉ុន្តែ រុស្ស៊ី​មិន​កែប្រែ​គោលជំហរ​ខ្លួន ឡើយ ក្នុង​បញ្ហា ដ៏​ចម្រូងចម្រាស​នេះ។

លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Serguei Lavrov តែង​គូស​បញ្ជាក់​ថា ប្រព័ន្ធ​កាំជ្រួច S-300 ដែល​រុស្ស៊ី​លក់នេះ ឥត​បំពាន​លើ បទដ្ឋាន​អន្តរជាតិ​ឡើយ ដ្បិត វាជា​អាវុធ​សម្រាប់​តែ​ការពារ​ប៉ុណ្ណោះ និយាយ​ឲ្យ​ចំ គឺ​សម្រាប់ ការពារ​ដែន​អាកាស​ស៊ីរី មិនមែន​សម្រាប់​វាយប្រហារ​ទៅលើ ពួកឧទ្ទាម ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ដាម៉ាស ឡើយ បាន​ន័យ​ថា វា​ក៏​មិន​រំលោភ​លើ បម្រាមហាម មិន​ឲ្យ​ផ្តល់ អាវុធ​ទៅ​ស៊ីរី ដែល​ធ្លាប់​បាន​ចេញ​ដោយ សហភាពអឺរ៉ុប និងស.រ.អា.។

ឥឡូវ ក្រោយ​ពី​សហភាពអឺរ៉ុប បាន​លុបទៅវិញ​បម្រាមនោះ ហើយ​ឲ្យភ្លើង​ខៀវ ទៅ​ប្រទេស​ណា ជា​សមាជិក​ខ្លួន ឲ្យ​អាច​ផ្តល់អាវុធ​ទៅ​ក្រុមប្រឆាំង នៅស៊ីរី​ទៅ​តាម​ការយល់ឃើញ​របស់​គេ ម៉ូស្គូ ថ្លែង​ចោទប្រកាន់​ទង្វើ​សហភាព​នេះ ថា អាច​នាំ​ឲ្យ​ខូចការ ដល់​សន្និសីទ​អន្តរជាតិ​មួយ​លើកថ្មី ស្តីអំពី​ប្រទេស​ស៊ីរី ដែល​គ្រោង​ប្រព្រឹត្ត​ទៅ ក្នុង​ក្រុង​ហ្ស៊ឺណែវ នៅខែមិថុនា​ខាងមុខ ស្រប​នឹង សំណើ​រួម រុស្ស៊ី-អាមេរិក ក្រោម​ឈ្មោះ​ថា “ ហ្ស៊ឺណែវ-ទី២”។

កុងត្រា ដែល​ប្រមើល​លក់​ទៅ​ឲ្យ​ស៊ីរី នូវ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​រុស្ស៊ី​ធុន S-300 ត្រូវ​បាន​ចុះ តាំង​ពី​ឆ្នាំ ២០១០​ម៉្លេះ ក្នុង​តម្លៃ៩០០លាន​ដុល្លារ​អាមេរិក ដែល​ទឹកប្រាក់​នេះ តាម​ការចុះផ្សាយ នៃ​កាសែត​រុស្ស៊ី គឺ​មាន​ផ្ទេរ ដោយ​រដ្ឋាភិបាល​ក្រុង​ដាម៉ាស មក​ឲ្យ​ភាគី​រុស្ស៊ី​ទៅហើយ។

កាសែត​រុស្ស៊ី ឈ្មោះ Komsomolskaya Pravda ពេលថ្មីៗ​ក្រោម​ចំណងជើង​ថា “បស្ចិម​លោក មួម៉ៅ នឹង​រុស្ស៊ី ដែល​រំខាន​ខ្លួន មិន​ឲ្យ​ទម្លាក់​គ្រាប់បែក លើ​ស៊ីរី” លើក​យក​មតិ​ពួក​អ្នកជំនាញការ លោក​ខាងលិច​ផ្ទាល់ មក​ចុះ​ផ្សាយថា៖ ប្រព័ន្ធ​S-300 នឹង​ទប់ស្កាត់​មហិច្ឆតា​កង​អាកាស​អូតង់ កុំ ឲ្យ​ញ៉ាម វាយប្រហារ​ស្រេចតែ​ទំនើង​ក្បាលចិត្ត ដូច​ករណី​ប្រទេស​លីប៊ីឡើយ ដ្បិត​អាវុធ​រុស្ស៊ីនេះ ធានា​កំទេច ក្នុង​អាកាស គឺ តាំងពី​យន្តហោះ រហូតដល់ កាំជ្រួច​បណ្តែត ដែល​ហៅ​ថា Cruise៕ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close