ABC៖ ចិន​លួច​ប្លង់​អគារ​ទីស្នាក់ការ​ថ្មី​នៃ​ក្រសួង​ចារកិច្ច​អូស្រ្តាលី

ចោរ​អ៊ីនធ័រនែត​ចិន​ (Hacker) បាន​ចូលលួច​ប្លង់​អគារ​ទីស្នាក់ការ​ថ្មី​របស់​ក្រសួង​ចារកិច្ច​អូស្រ្តាលី។ នេះ​បើ​យោងតាម​ការ​ផ្សាយ​របស់​បណ្តាញ​ព័ត៌មាន​អូស្រ្តាលី ABC នៅថ្ងៃ​អង្គារ​នេះ។ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អូស្រ្តាលី​មិនបាន​បដិសេធ តែ​ក៏​មិនបាន​ទទួលស្គាល់​ដែរ​ថា ពិត​ជា​មាន​ការ​ចូលលួច​ប្លង់​ទីស្នាក់ការ​ក្រសួង​ចារកិច្ច​នេះ​មែន។ ប៉ុន្តែ លោក​បាន​បញ្ជាក់ថា ព័ត៌មាន​នេះ​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ទំនាក់ទំនង​រវាង​អូស្រ្តាលី និង​ចិន​នោះទេ។

យោងតាម​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​អូស្រ្តាលី ABC (Australian Broadcasting Corporation) ឯកសារ ដែល​ត្រូវ​បាន​ពួក Hackers ចូល​លួច​នេះ គឺ​រួមមាន​ប្លង់​ ដែល​បង្ហាញ​អំពី​បណ្តាញ​ខ្សែកាប និង​ប្រព័ន្ធ​សន្តិសុខ ក្នុង​ទីស្នាក់ការ​ថ្មី នៃ​ក្រសួង​ចារកិច្ច​អូស្រ្តាលី ដែល​កំពុង​ស្ថិត​ក្នុង​ការ​សាងសង់​ជិត​បញ្ចប់។ ឯកសារ​អស់ទាំងនេះ សុទ្ធសឹង​ជា​ឯកសារ​សម្ងាត់​កម្រិត​ខ្ពស់​បំផុត ហើយ​ការស្រាវជ្រាវ​បាន​រកឃើញ​ថា ការលួច​តាម​បណ្តាញ​អ៊ីនធ័រនែត​នេះ មាន​ប្រភព​ចេញ​ពី​ប្រទេស​ចិន។

ក្រុម​អ្នក​ស្រាវជ្រាវ​វិស័យ​ការពារជាតិ​អូស្រ្តាលី​បាន​អះអាង​ថា ប្លង់​ដែល​ Hackers លួច​យក​ទៅនេះ បង្ហាញ​ពី​ទីតាំង​សំខាន់ៗ ដែល​អាច​ធ្វើ​ឲ្យ​គូសត្រូវ​ដឹង​កន្លែង ដើម្បី​ដាក់​ឧបករណ៍​លបស្តាប់​សំឡេង លួចយក​ការណ៍​សម្ងាត់។

លោក Bob Carr រដ្ឋមន្រ្តី​ការបរទេស​អូស្រ្តាលី បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ព័ត៌មាន​ ស្តីពី​ការ​លួច​ប្លង់​ទីស្នាក់ការ​ក្រសួង​ចារកិច្ច​នេះ​ទេ ក៏ប៉ុន្តែ បាន​លើក​ឡើង​ថា ព័ត៌មាន​នេះ​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ទំនាក់ទំនង​រវាង​អូស្រ្តាលី និង​ចិន​នោះទេ។  លោក​ក៏​បាន​អះអាង​ផងដែរ​ថា រដ្ឋាភិបាល​អូស្រ្តាលី​ដឹងខ្លួន​ជាមុន​ និង​មាន​ការប្រុងប្រយ័ត្ន​ជាប់ជានិច្ច ទាក់ទង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត។

គួរបញ្ជាក់ថា ទីស្នាក់ការ​ថ្មី នៃ​ក្រសួង​ចារកិច្ច​អូស្រ្តាលី នៅ​ក្នុង​ទីក្រុង Canberra គ្រោង​នឹង​ត្រូវ​សាងសង់​ចប់សព្វគ្រប់ នឹង​ដាក់​សម្ពោធ​ឲ្យ​ដំណើរការ​ តាំង​ពី​ខែមុន ក៏ប៉ុន្តែ ការសាងសង់​នេះ​មាន​ការ​យឺតយ៉ាវ ហើយ​ពន្យារពេល​រហូតមកទល់នឹង​ពេលនេះ។ យោងតាម​ ABC ដែល​ដកស្រង់​ប្រភព​ពីអ្នកជំនាញ​ខាង​ផ្នែក​សន្តិសុខ ការយឺតយ៉ាវ ព្រមទាំង​ការ​បង្កើន​កញ្ចប់​ថវិកា​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​នៃ​ការ​សាងសង់​ ទីស្នាក់ការ​ក្រសួង​ចារកិច្ច​នេះ គឺ​ទំនង​ជា​បណ្តាល​មក​ពី​រឿង​ Hacker  ចូល​លួច​ប្លង់​អគារ​នេះ​ឯង ដោយសារ​តែ​គេ​ត្រូវ​ការ​រៀបចំប្លង់​ថ្មី​ឲ្យ​ខុស​ពី​ប្លង់ ដែល​គេ​លួចទៅ។

គេ​មិនដឹង​ថា តើ​ការ​ចូលលួច​ប្លង់​ទីស្នាក់ការ​ក្រសួង​ចារកិច្ច​នេះ បាន​កើតមាន​ឡើង កាល​ពី​ពេលណា​ពិតប្រាកដ​នោះទេ ក៏ប៉ុន្តែ ការលេចធ្លាយ​ព័ត៌មាន​នេះ​កើតមាន​ឡើង នៅ​ក្នុង​ពេល ដែល​ប្រធានាធិបតី​ចិន និង​អាមេរិក កំពុង​ត្រៀមរៀបចំ​បើក​ធ្វើ​ជំនួបកំពូល​ជាមួយគ្នា នៅ​ដើមខែ​ក្រោយ ហើយ​នៅ​ក្នុង​ជំនួបកំពូលនេះ បញ្ហា​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត (Cyber Security) គឺ​ជា​ប្រធានបទ​ដ៏​សំខាន់​បំផុត​មួយ។

ជារឿយៗ គេ​សង្កេតឃើញថា អាមេរិក​តែងតែ​ចោទប្រកាន់​ចិន​ថា​ជា​អ្នក​នៅពីក្រោយ​ការ​វាយ ប្រហារ​តាម​ ប្រព័ន្ធ​អ៊ីនធ័រនែត ទៅ​លើ​ទីតាំង​យុទ្ធសាស្រ្ត​សំខាន់ៗ​របស់​អាមេរិក។ ការ​ចោទប្រកាន់ ដែល​ចិន​តែងតែ​បាន​បដិសេធ​ថា គ្មាន​មូលដ្ឋាន​ច្បាស់លាស់៕ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close