M១៥ បានព្យាយាមជ្រើសរើសឃាតករសង្ស័យម្នាក់ដែលសម្លាប់ទាហានអង់គ្លេសមកធ្វើជាបុគ្គលិក
នៅក្នុងប្រទេសអង់គ្លេស ២ថ្ងៃក្រោយព្រឹត្តិការណ៍ចាក់សម្លាប់ទាហានអង់គ្លេសម្នាក់ក្នុង ទីក្រុងឡុងដ៍ដោយបុរស ២នាក់ប្រដាប់ដោយកាំបិត និងកាំបិតប៉័ងតោសស្ញាចមក មិត្តភ័ក្តិម្នាក់របស់ជនដៃដល់ឈ្មោះ Abou Nusaybah បានផ្តល់បទសម្ភាសន៍ឲ្យទូរទស្សន៍ BBC ដោយបានបង្ហើបឲ្យដឹងថា ក្រសួងស៊ើបការសម្ងាត់ផ្ទៃក្នុងអង់គ្លេស (M១៥) ធ្លាប់បានព្យាយាមហៅឃាតករម្នាក់ឈ្មោះ Michael Adebolajo ឲ្យចូលបម្រើការនៅក្នុងក្រសួង។ ក្រោយពីបទសម្ភាសន៍នោះភ្លាម ប៉ូលិសក៏បានឃាត់ខ្លួនរូប Abou Nusaybah តែម្តង។
នេះ អាចចាត់ទុកជាព័ត៌មានដែលក្រសួងស៊ើបការសម្ងាត់ផ្ទៃក្នុង អង់គ្លេសហៅកាត់ថា M១៥ មិនបានរង់ចំាទាល់តែសោះ។ បើយោងតាមជន Abou Nusaybah ដែលជាមិត្តភ័ក្តិរបស់ឃាតករ Michael Adebolajo ឲ្យដឹងថា រូប Michael Adebolajo ធ្លាប់បានបដិសេធមិនព្រមចូលបម្រើការនៅក្នុងក្រសួង M១៥ ទេ។ គឺទើបតែនៅក្រោយការស្នាក់នៅក្នុងប្រទេសកេនញ៉ារបស់ឃាតករ Michael Adebolajo ទេ ដែលក្រសួងស៊ើបការសម្ងាត់ផ្ទៃក្នុងអង់គ្លេសបានសម្រេចចិត្តឈប់បង្ខំ ចិត្តរូបឃាតករ Michael Adebolajo នេះបើតាមការបញ្ជាក់របស់ជន Abou Nusaybah ដែលបានស្គាល់ឃាតករ Michael Adebolajo ដំបូងក្នុងឆ្នំា ២០០២។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ BBC ដដែល ជន Abou Nusaybah បានបន្ថែមថា ពីដំបូង M១៥ បានសាកសួរបុរស Michael Adebolajo ថា តើមានស្គាល់មនុស្សមួយចំនួន ដែរ ឬទេ។ តែបន្ទាប់ពី Michael Adebolajo បានឆ្លើយថា អត់មានស្គាល់នរណាមក M១៥ ក៏បានសួរ Michael Adebolajo ថា តើចង់ចូលធ្វើការងារនៅក្នុងក្រសួងជាមួយពួកគេ ឬអត់ ?។
បើយោងតាមទូរទស្សន៍ BBC រូប Abou Nusaybah ត្រូវបានប៉ូលិសឃាត់ខ្លួន នៅក្រោយបទសម្ភាសន៍នោះ។ រីឯប៉ូលិសវិញមិនបានបញ្ជាក់ពីព័ត៌មាននេះទេ តែគ្រាន់បានបញ្ជាក់ថា ទីភ្នាក់ងារប្រឆំាងភេរវនិយមបានឃាត់ខ្លួនបុរសម្នាក់អាយុ ៣១ឆ្នំាកាលពីយប់មិញក្នុងទីក្រុងឡុងដ៍ពីបទជាប់សង្ស័យបានរៀបចំ ឬចង់រៀបចំអំពើភេរវកម្ម។ ទន្ទឹមគ្នានេះ ប៉ូលិសក៏បានចូលឆែកឆេរក្នុងផ្ទះចំនួនពីរនៅប៉ែកខាងកើតទីក្រុង ឡុងដ៍។ យ៉ាងណាក៏ដោយ ប៉ូលិសមិនបានប្រាប់ឲ្យដឹងទេថា តើការចាប់ខ្លួនបុរសរូបនោះមានជាប់ពាក់ព័ន្ធនឹងឃាតកម្មសម្លាប់ ទាហានអង់គ្លេសម្នាក់កាលពី ២ថ្ងៃមុន ឬអត់។
យ៉ាងណាក៏ដោយ តំាងតែពីថ្ងៃសុក្រម្សិលមិញមក ក្រសួងសន្តិសុខបាននិងកំពុងទទួលគំនាបយ៉ាងខ្លំាងដើម្បីពន្យល់ បកស្រាយថា ហេតុអ្វីបានជាទុកបណ្តោយឲ្យបុរសពីរម្នាក់ចាក់សម្លាប់ទាហានចំ កណ្តាលទីក្រុងយ៉ាងងាយស្រួលបែបនេះ ពិសេស ថាហេតុអ្វីបានជាក្រសួងសន្តិសុខមានការធ្វេសប្រហែសទុកឲ្យយុវជន Michael Adebolajo ដែលមានដើមកំណើតជាជនជាតិនីយ៉េរីយ៉ា និងដែលបានប្តូរពីអ្នកកាន់សាសនាគ្រិស្ត មកជាអ្នកកាន់សាសនាអ៊ីស្លាមរួចពីកណ្តាប់ដៃរបស់ប៉ូលិសយ៉ាងដូច្នេះ។
គួររម្លឹកជូនឡើងវិញថា បុរស Michael Adebolajo អាយុ ២៨ឆ្នំា និងដៃគូម្នាក់ទៀតឈ្មោះ Michael Abebowale អាយុ ២២ឆ្នំា បានជាប់ចោទពីបទបានចាក់សម្លាប់ទាហានអង់គ្លេសម្នាក់ក្នុង ទីក្រុងឡុងដ៍កាលពី ២ថ្ងៃមុន។ ខណៈនេះ ជនទំាងពីរនាក់កំពុងព្យាបាលរបួសក្នុងមន្ទីរព្រទ្យ តែជីវិតរបស់គេមិនស្ថិតក្នុងសភាពគ្រោះថា្នក់ទេ៕ដោយ គួច គន្ធារ៉ា (RFI)