លោកស្រី Gina Rinehart ជាស្រ្តីអូស្រ្តាលីដែលមានអំណាចជាងនាយករដ្ឋមន្រ្តី
យោងតាម បញ្ជីឈ្មោះរបស់ទស្សនាវដ្ដី Forbes ស្ដីពីស្រ្តីដែលមានអំណាចខ្លាំងក្លាបំផុតនៅលើពិភពលោក បានឲ្យដឹងថាមហាសេដ្ឋិនីអូស្ត្រាលីម្នាក់ឈ្មោះ Gina Rinehart គឺជាជនដែលមានអំណាចខ្លាំងជាងនាយករដ្ឋមន្រ្តីអូស្ត្រាលី លោកស្រី Julia Gillard ទៅទៀត។
ជាមួយនឹងទ្រព្យសម្បត្តិ ប្រមាណជា១៧ពាន់លានដុល្លារ លោកស្រី Gina Rinehart មហា សេដ្ឋិនី ដែលមានមុខរបរជីករ៉ែ ហើយជាអ្នកមានអំណាចលើសលប់នោះ គឺជាស្រ្តីអូស្ត្រាលីដ៏ខ្លាំងកំពូលនៅលើបញ្ជីនោះ ដោយលោកស្រីឋិតនៅចំណាត់ថ្នាក់លេខ១៦ នៅលើបញ្ជីនោះ។
យ៉ាង ណាមិញ លោកស្រី Julia Gillard ក៏មិនមានចំណាត់ថ្នាក់នៅឆ្ងាយពីលោកស្រី Gina Rinehart ប៉ុន្មានដែរ ដោយលោកស្រីឋិតនៅក្នុងចំណាត់ថ្នាក់លេខ២៨នៅលើបញ្ជីរបស់ទស្សនាវដ្ដី Forbes ហើយបន្ទាប់មកគឺលោកស្រី Gail Kelly ដែលជានាយិកាប្រតិបត្តិនៃធនាគារ Westpac ដែលឋិតនៅក្នុងចំណាត់ថ្នាក់លេខ ៦២។
ស្រ្តីដែលឋិតនៅលើបញ្ជីជនល្បីឈ្មោះចំនួន១០០នាក់នោះ រួមមានលោកស្រី Hillary Clinton ជាប់ចំណាត់ថ្នាក់ទី៥ ហើតារាចម្រៀង អ្នកនាង Beyonce ជាប់លេខ១៧ និងលោកស្រី អាំងសាន ស៊ូជីមេដឹកនាំបក្សប្រឆាំងនៃប្រទេសមីយ៉ាន់ម៉ាជាប់លេខ២៩។
ទស្សនាវដ្ដី Forbes របស់អាម៉េរិកវិនិច្ឆ័យស្រ្តីដែលមានឈ្មោះល្បីទាំងនោះ ដោយការវាស់វែងនូវវត្តមានរបស់ពួកគេនៅលើបណ្តាញព័ត៌មាន និងទ្រព្យសម្បត្តិរបស់ពួកគេ៕ (Radio Australia)