នៅដើមឆ្នាំ២០១២កម្មកររោងចក្រជិត ១ពាន់នាក់ដូលសន្លប់នៅក្នុងម៉ោងអ្វើការ
តាមការឲ្យដឹង ពីមន្រ្តីនៃក្រសួងការងារ ក្នុងរយៈពេលជាង ៣ខែដំបូង ឆ្នាំ២០១២ យ៉ាងហោចណាស់មានកម្មករ៩៧០នាក់ ធ្វើការនៅសហគ្រាស រោងចក្រចំនួន៧នៅកម្ពុជា បានដួលសន្លប់ នៅក្នុងម៉ោងធ្វើការ ។ វាជាការដួលសន្លប់យ៉ាងច្រើន ខណៈដែលពេញមួយឆ្នាំ កាលពីឆ្នាំមុន មានកម្មករជិត២ពាន់នាក់ប៉ុណ្ណោះបានសន្លប់។
សមាជិកនៃគណៈកម្មការសិក្សាស្រាវជ្រាវ ទប់ស្កាត់ករណី សន្លប់និងបង្ការគ្រោះថ្នាក់ ការងារនៃក្រសួងការងារ បានឲ្យដឹងថា ក្លិនពុលនៅក្នុង រោងចក្រ បញ្ហាកង្វះអាហារូបត្ថម្ភ ភាពតានតឹងប្រព័ន្ធខ្យល់ចេញចូល នៅកន្លែងធ្វើការ និងធ្វើការលើសម៉ោង កំណត់ជាមូលហេតុធ្វើឲ្យមានការដួលសន្លប់។
ចំពោះកំណើននៃការសន្លប់របស់កម្មករ មន្រ្តីក្រសួងការងារ ក្រសួងសុខាភិបាល និងមន្រ្តីក្រសួងបរិស្ថាន បានយកចិត្ត ទុកដាក់យ៉ាងខ្លាំង ។ ខណៈដែលមន្រ្តីសហជីព បានបញ្ជាក់ថា ការដួលសន្លប់នេះ ជា«មេរៀនអាក្រក់» ធ្វើឲ្យអ្នកបញ្ជាទិញសម្លៀកបំពាក់ផ្អាកការបញ្ជាទិញទំនិញពី កម្ពុជា។
ប្រធានសហជីពសេរីកម្មករ លោក ជា មុន្នី បានឲ្យដឹងថា កំណើនសេដ្ឋកិច្ច ផ្នែកឧស្សាហកម្មកាត់ដេរនៅកម្ពុជា នឹងមានការធ្លាក់ចុះ។ ករណីមានកម្មករដួលសន្លប់ច្រើន ការប្រើហិង្សាលើកម្មករ ជាការមិនគោរពសិទ្ធិកម្មករ ដែលខាងសហគមន៍អឺរ៉ុប ជាអ្នកបញ្ជាទិញធំជាងគេនៅកម្ពុជា ស្អប់ខ្ពើម៕