ការថយចុះគណបក្ស ឈរឈ្មោះបោះឆ្នោត មកពីបញ្ហាផ្ទៃក្នុង និង ការអស់ជំនឿ
Cambodia News
ភ្នំពេញ៖ អង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធការបោះឆ្នោត បានរកឃើញថា ការថមថយចំនួនគណបក្សឈរឈ្មោះបោះឆ្នោត គឺបណ្ដាលមកពីបញ្ហាផ្ទៃក្នុង និង ការអស់ជំនឿ ដែលធ្វើឲ្យគណបក្សមួយចំនួន ដែលកើតឡើងមកហើយ ហើយក៏រលាយបាត់ទៅវិញ។
នៅថ្ងៃទី១៤ ខែឧសភា នេះលោក ធន សារ៉ាយ គណៈនាយករបស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ បានថ្លែងថា ចំនួនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ធ្លាក់ចុះដោយសារបញ្ហាផ្ទៃក្នុង ដូចជា ថវិកាចំណាយ និង គោលនយោបាយបក្សខ្លះ មិនមានភាពច្បាស់លាស់ មិនមានអ្នកគាំទ្រច្រើន ទើបបណ្តាលគណបក្សខ្លះ រលាយទៅវិញ ។
គួរបញ្ជាក់ថា កាលអំឡុងការបោះឆ្នោតជាតិឆ្នាំ ២០០៨ មានគណបក្សឈរឈ្មោះបោះឆ្នោតចំនួន១១ តែការបោះឆ្នោតជាតិអាណត្តិទី៥ នេះ ដែលទើបបិទបញ្ចប់ការចុះបញ្ជីឈ្មោះសម្រាប់ការប្រកួតប្រជែងកាលពីវេលា ម៉ោង៥រសៀលថ្ងៃទី១៣ ឧសភា ម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសថា មានតែគណបក្សចំនួន៨ ប៉ុណ្ណោះ ដែលបានចុះបញ្ជី ។ ក្នុងនោះ ៥ បានទទួលស្គាល់ជាផ្លូវការ ២ កំពុងត្រួតពិនិត្យ ១ បង្វិលឲ្យទៅកែឯកសារឡើងវិញ ៕