អ៊ីស្រាអែលធ្វើការវាយប្រហារតាមផ្លូវអាកាសសាជាថ្មីលើស៊ីរី
នៅព្រឹកព្រលឹមថ្ងៃអាទិត្យនេះ យន្តហោះចម្បាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារសាជាថ្មី ទៀត ទៅលើទីតាំងយោធា ក្នុងទឹកដីស៊ីរី។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍ជាតិស៊ីរី និងតាមការបញ្ជាក់ឲ្យដឹងពីប្រភពរដ្ឋាភិបាលអ៊ីស្រាអែលខ្លួនឯង ផ្ទាល់។ ការវាយប្រហារតាម ផ្លូវអាកាស នៅព្រឹកថ្ងៃអាទិត្យនេះ ធ្វើឡើង នៅក្បែរទីក្រុងដាម៉ាស់ រដ្ឋធានីរបស់ស៊ីរី។
ទីតាំងយោធា ដែលទទួលរងនូវការវាយប្រហារ នៅព្រឹកព្រលឹមថ្ងៃអាទិត្យនេះ គឺរួមមាន មន្ទីរ ពិសោធន៍យោធាស៊ីរី ឈ្មោះ Jamraya ដែលបណ្តាប្រទេសលោកខាងលិចសង្ស័យថា ជាទីតាំងផលិតអាវុធគីមី ព្រមទាំងទីតាំងយោធាមួយចំនួនផ្សេងទៀត។
អង្គការឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរីបានអះអាងដោយដកស្រង់សម្តី សាក្សី ដែលនៅកន្លែងកើតថា នៅពេលមានការវាយប្រហារនោះ គេឃើញមានយន្តហោះចម្បាំងជាច្រើនគ្រឿងហោះកាត់ពីលើ។ អង្គការសិទ្ធិមនុស្សនេះក៏បានអះអាងផងដែរថា បើមើលទៅលើសមត្ថភាពខាងកងទ័ពរបស់ក្រុមឧទ្ទាម ពួកគេទំនងជាមិនមានលទ្ធភាពធ្វើការវាយប្រហារនេះទេ។
ស្ថានីយ៍ទូរទស្សន៍ជាតិស៊ីរីឯណោះវិញ បានផ្សាយថា ការវាយប្រហារតាមផ្លូវអាកាសនេះ គឺជាស្នាដៃរបស់អ៊ីស្រាអែល ហើយគោលដៅរបស់អ៊ីស្រាអែល គឺចង់ជួយដល់ក្រុមឧទ្ទាម ដែលរដ្ឋាភិបាលស៊ីរីចាត់ទុកថាជាក្រុមភេរវជន។
រដ្ឋាភិបាលអ៊ីស្រាអែលបានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់ ជុំវិញព័ត៌មាន ពីការវាយប្រហារទៅលើទីតាំងយោធារបស់ស៊ីរីនេះ។
ក៏ប៉ុន្តែ ប្រភពពីមន្រ្តីជាន់ខ្ពស់អ៊ីស្រាអែល ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា យន្តហោះអ៊ីស្រាអែលពិតជាបានធ្វើការវាយប្រហារទៅលើទីតាំងក្បែរ រដ្ឋ ធានីដាម៉ាស់ នៅព្រឹកមិញនេះមែន ហើយការវាយប្រហារនេះ គឺសំដៅកម្ទេចគ្រឿងសព្វាវុធ ដែលត្រូវបានដឹកចេញពីអ៊ីរ៉ង់ ឆ្លងកាត់ស៊ីរី ដើម្បីយកទៅឲ្យក្រុម Hezbollah នៅលីបង់។ ប្រភពពីមន្រ្តីអ៊ីស្រាអែលដដែលនេះបានបញ្ជាក់ទៀតថា កាលពីថ្ងៃសុក្រ អ៊ីស្រាអែលក៏បានធ្វើការវាយប្រហារទៅលើគ្រឿងសព្វាវុធអ៊ីរ៉ង់ នៅក្នុងទឹកដីស៊ីរីនេះដែរ។
អនុរដ្ឋមន្រ្តីក្រសួងការបរទេសស៊ីរី នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN បានចាត់ទុកការវាយប្រហារដោយយន្តហោះអ៊ីស្រាអែលនេះថា ជា “ការប្រកាសសង្រ្គាម”។ រដ្ឋាភិបាលអ៊ីរ៉ង់វិញ ក៏បានធ្វើការថ្កោលទោសចំពោះការវាយប្រហារនេះដែរ ព្រមទាំងបានអំពាវនាវឲ្យបណ្តាប្រទេសនៅក្នុងតំបន់ បញ្ចេញប្រតិកម្មតបតចំពោះទង្វើ ដែលអ៊ីរ៉ង់ចាត់ទុកថា ជាអំពើឈ្លានពានរបស់អ៊ីស្រាអែល៕ដោយ សេង ឌីណា (RFI)