លក្ខខណ្ឌរបស់កូរ៉េខាងជើងដើម្បីចរចាជាថ្មីជាមួយអាមេរិកនិងកូរ៉េខាងត្បូង
កូរ៉េខាងជើងបានធ្វើបញ្ជីដាក់ លក្ខខណ្ឌមួយចំនួននៅថ្ងៃព្រហស្បតិ៍១៨មេសានេះ សំរាប់ការចរចាជាថ្មីជាមួយកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក។ ក្នុងលក្ខណ្ឌនោះ កូរ៉េខាងជើងទាមទារឲ្យដកទណ្ឌកម្ម របស់អ,ស,ប,និងការបិទបញ្ចប់សមយុទ្ធរួមគ្នារវាងអាមេរិកនិងកូរ៉េខាង ត្បូង។
គណៈកម្មការការពារជាតិកូរ៉េ ខាងជើង នៅក្នុងសេចក្តីជូនដំណឹងមួយរបស់ខ្លួននៅថ្ងៃ១៨មេសានេះ បានថ្លែងបញ្ជាក់ថា”បើ សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ចង់ចរចាគ្នាយ៉ាងពិតប្រាកដនោះ សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ត្រូវសុខចិត្តព្រមទទួលយកលក្ខខណ្ឌ របស់កូរ៉េខាងជើង។
ក៏ប៉ុន្តែ លក្ខខណ្ឌកូរ៉េខាងជើងនេះ ច្បាស់ជាត្រូវសេអ៊ូលនិងវ៉ាស៊ីនតោនច្រានចោលជាមិនខាន ។ អាមេរិក និង កូរ៉េខាងត្បូង នឹងនៅតែទាមទារជានិច្ច ឲ្យកូរ៉េខាងជើង បន្ទន់ជំហរថែមទៀតនៅក្នុងសំណុំរឿង ការរំសាយនុយក្លេអ៊ែរ។
គូររំលឹកថា ចាប់តាំងពីកូរ៉េខាងជើង បានបាញ់សាកល្បងមីស្ស៊ីលលើកទី៣នៅថ្ងៃទី១២កុម្ភៈមក អ,ស,ប, បានសម្រេចចិត្តដាក់ទណ្ឌកម្មថ្មីៗមួយចំនួន0ទៀតប្រឆាំងកូរ៉េខាងជើង ដែល ជម្រុញឲ្យភាពតានតឹង ឡើងខ្លាំងមួយកម្រិតទៀតនៅក្នុងឧបទ្វីបកូរ៉េ។
គណៈកម្មការការពារជាតិកូរ៉េខាងជើង បានអំពាវនាវឲ្យដកចេញវិញដែរ សេចក្តីសម្រេចចិត្តនានារបស់ក្រុមប្រឹក្សាសន្តិសុខនៃ អ,ស,ប ដោយកូរ៉េខាងជើងយល់ថារឿងគួរឲ្យអស់សំណើច។
មិនតែប៉ុណ្ណោះ គណៈកម្មការការពារជាតិកូរ៉េខាងជើង ថែមទាំងបានទាមទារឲ្យអាមេរិក ដកឧបករណ៍នានា ដែលអាចប្រើប្រាស់នៅក្នុងសង្គ្រាមនុយក្លេអ៊ែរ ចេញពីឧបទ្វីបកូរ៉េ និង ការសន្យាលែងពឹងផ្អែកជារៀងរហូតដែរ។
ចំណែកខាងកងទ័ពកូរ៉េខាងជើងវិញ ដែលឡើងចាង បានប្រកាសដាក់ឧសានវាទដល់សេអ៊ូលថា បើសេអ៊ូល ពិតជាចង់ជជែកនិងចរចាគ្នាដោយពិតៗ”ជាមួយកូរ៉េខាងជើង- សេអ៊ូល ត្រូវតែហ៊ាន ធ្វើការសុំទោស ចំពោះ រាល់ទង្វើអរិភាពប្រឆាំងនឹងកូរ៉េខាងជើងដែរ។
ដោយឡែក លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-Hye និងប្រមុខការទូតអាមេរិកលោក John Kerry នៅឱកាសទស្សនកិច្ចនៅតំបន់អាស៊ីឥសាន្ត បានគូសបញ្ជាក់ទាំងពីរនាក់ថា “ការចាប់ផ្តើមចរចាគ្នាជាថ្មី អាចនឹងប្រព្រឹត្តទៅបានលុះត្រាណាតែ កូរ៉េខាងជើង ផ្លាស់ប្តូរអកប្បកិរិយារបស់ខ្លួននិងគោរពកាត្វកិច្ចអន្តរជាតិ ជាអាទិ៍ ស្តីពីកម្មវិធីនុយក្លេអ៊ែរ។
សូមបញ្ជាក់ថា ចាប់តាំងពីជាច្រើនសប្តាហ៍កន្លងមកហើយ ដែលសេអ៊ូលនិងវ៉ាស៊ីនតោន បានធ្វើសមយុទ្ធប្រចាំឆ្នាំ រួមគ្នាក្នុងទ្រង់ទ្រាយធំ -សមយុទ្ធរួមគ្នានេះ ដែលរាល់តែលើក បានធ្វើឲ្យព្យុងយ៉ាង មានកំហឹងក្រេវក្រោធខ្លាំង ពីព្រោះ កូរ៉េខាងជើងមើលឃើញថា ការធ្វើសមយុទ្ធនេះ មានលក្ខណៈជាការលុកលុយមួយនៅក្នុងដែនដីកូរ៉េខាងជើង៕ដោយ នុយ ប៊ែរណាដែត