កុមារកម្ពុជាម្នាក់ទៀតឆ្លងជំងឺផ្តាសាយបក្សី កំពុងសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យគន្ធបុប្ផា
Cambodia News
ភ្នំពេញ៖ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៣ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានចេញសេចក្តីប្រកាសរួមគ្នាថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កាលពីថ្ងៃទី០២ ខែមេសា បានរកឃើញជំងឺ ផ្តាសាយបក្សី H5N1 មួយករណីទៀត បានកើតឡើងកុមារាអាយុ ៥ឆ្នាំ រស់នៅក្នុងបឹងតាព្រាម្ម សង្កាត់ ត្រើយកោះ ស្រុកកំពង់បាយ ខេត្តកំពត។
បច្ចុប្បន្នកុមារាដែលឆ្លងជំងឺផ្តាសាយបក្សី H5N1 ត្រូវបានក្រុមគ្រូពេទ្យកំពុង ជួយសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យគន្ធបុប្ផា។ នេះជាករណី ជំងឺផ្តាសាយបក្សីទី១០ ដែលបានកើតមាន នៅលើប្រជាពលរដ្ឋកម្ពុជា រយៈពេលត្រឹម៣ខែដើមឆ្នាំ២០១៣។
តាមសេចក្តីប្រកាសព័ត៌មាននេះ បានឲ្យដឹងទៀតថា កុមារារងគ្រោះ បានចាប់ផ្ដើមឈឺ នៅថ្ងៃទី២៧ ខែ មីនា ឆ្នាំ២០១៣ ដោយមានគ្រុនក្ដៅ ប្រកាច់ និង ហត់។ ក្រោយពីមានអាការៈបែបនេះ ម្ដាយកុមារារង គ្រោះ បានទិញថ្នាំពីឱសថស្ថាន នៅក្នុងភូមិ ឱ្យកុមារានេះលេប នៅថ្ងៃទី២៨ ខែមីនា។
ក្រោយលេបថ្នាំ ដោយមិនបានវិនិច្ឆ័យរោគ ស្ថានភាពរបស់កុមារារងគ្រោះ មិនបានធូរស្រាលនោះទេ ហើយថែមទាំងកាន់តែធ្ងន់ធ្ងរ លុះនៅថ្ងៃទី២៩ ខែមីនា ត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពត្រើយកោះ និងបន្ដបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ដកំពត។
នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៣ អាការៈកុមារកាន់តែហត់ និងត្រូវបញ្ជូនបន្ដទៅមន្ទីរពេទ្យគន្ធបុបា្ផ រាជ ធានីភ្នំពេញ និងផ្ដល់ការព្យាបាលដោយឱសថទាមិថលុ។
យោងតាមសេចក្តីប្រកាសនេះ បានបញ្ជាក់ថា កុមារារងគ្រោះ បាននិងកំពុងស្ថិតក្នុងស្ថានភាព ប្រកប ដោយគ្រោះថ្នាក់។ មិនដឹងច្បាស់ថា កុមារានេះ មានប៉ះពាល់ផ្ទាល់ ជាមួយបក្សីងាប់ ឬយ៉ាងណានោះទេ៕