អ្នកជំនាញនយោបាយអាស៊ីថា ភាពតានតឹងរវាងអាម៉េរិក និងកូរ៉េខាងជើងអាចកើនឡើង
អ្នកជំនាញការអូស្ត្រាលីផ្នែកកិច្ចការ នយោបាយអាស៊ីបានឲ្យដឹងថា ស្ថានភាពតានតឹងនៅឧបទ្វីបកូរ៉េអាចមានការកើនឡើងយ៉ាងឆាប់រហ័ស។
ប្រទេសកូរ៉េខាងជើងបានបិទតំបន់ឧស្សាហកម្មដែលខ្លួន គ្រប់គ្រងរួមគ្នាជាមួយប្រទេសកូរ៉េខាងត្បូង ហើយសហរដ្ឋអាម៉េរិកក៏កំពុងបញ្ជូនប្រព័ន្ធការពារគ្រាប់មីស៊ីលទៅ កាន់កោះ Guam ផងដែរបន្ទាប់ពីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានធ្វើការគំរាម កំហែងវាយប្រហារដោយគ្រាប់បែកបរមាណូ។
នាយកវិទ្យា ស្ថានអាស៊ីនៃសាកលវិទ្យាល័យ Griffith របស់អូស្រ្ដាលីលោកសាស្ត្រាចារ្យ Andrew O’Neill បានមានប្រសាសន៍ថា មេដឹកនាំកូរ៉េខាងជើងថ្មីថ្មោងគឺលោក Kim Jong-un ចង់បង្ហាញពីសមត្ថភាពរបស់ខ្លួននៅក្នុងស្រុកផងដែរ។ ប៉ុន្តែលោកសាស្ត្រាចារ្យក៏មិនដឹងច្បាស់ដែរថា តើមេដឹកនាំកូរ៉េខាងជើងវ័យក្មេងនេះនឹងមានប្រតិកម្មយ៉ាងណាទៅ នឹងការកើនឡើងនៃប្រព័ន្ធការពាររបស់សហរដ្ឋអាម៉េរិកនោះ៕(Radio Australia)