ស្លាប់ ៧នាក់ ក្នុងការបាញ់ប្រហារលើសហគមន៍ឥណ្ឌានៅអាមេរិក

នៅយប់ថ្ងៃអាទិត្យ ម្សិលមិញ ខ្មាន់កាំភ្លើងម្នាក់បានធ្វើការបាញ់ប្រហារទៅលើវិហាររបស់សហគមន៍ អ្នកមានដើមកំណើតឥណ្ឌា កាន់សាសនា Sikh នៅក្នុងរដ្ឋ Wisconsin បណ្តាលឲ្យមនុស្ស ៦នាក់ត្រូវ បាត់បង់ជីវិត ហើយខ្មាន់កាំភ្លើងខ្លួនឯងក៏ត្រូវបានប៉ូលិសបាញ់សម្លាប់ ក្នុងហេតុការណ៍នោះដែរ។

ការិយាល័យស៊ើបអង្កេតនៃប៉ូលិសសហព័ន្ធអាមេរិក ហៅកាត់ថា FBI បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃចន្ទនេះថា គេនៅមិនទាន់អាចធ្វើការសន្និដ្ឋានឲ្យបានច្បាស់លាស់ អំពីមូលហេតុ ដែលជំរុញ ឲ្យខ្មាន់កាំភ្លើងបាញ់ប្រហារទៅលើសហគមន៍អ្នកកាន់សាសនា Sikhs នេះទេ។ ក៏ប៉ុន្តែ មន្រ្តីFBI ដែល សុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា គេឃើញមានតម្រុយខ្លះៗ ដែលអាចឲ្យគេសន្និដ្ឋានជា ជំហានដំបូងថា នេះគឺជាការវាយប្រហារភេរវកម្ម។ រហូតមកទល់ពេលនេះ អាជ្ញាធរនៅមិនទាន់ បង្ហាញអំពី អត្តសញ្ញាណរបស់ខ្មាន់កាំភ្លើងនៅឡើយទេ។ ក៏ប៉ុន្តែ បើយោងតាមសាក្សី ដែលបាន ឃើញហេតុការណ៍ដោយផ្ទាល់ភ្នែក ខ្មាន់កាំភ្លើង គឺជាជនជាតិស្បែក ស។ នៅពេលនេះ ប៉ូលិសកំពុង ធ្វើការឆែកឆេរផ្ទះរបស់ខ្មាន់កាំភ្លើង ហើយអ្នកដែលរស់នៅជុំវិញនោះត្រូវបានគេជម្លៀសចេញ ដោយភ័យខ្លាចក្រែងខ្មាន់កាំភ្លើងដាក់បង្កៃគ្រឿងផ្ទុះ នៅក្នុងផ្ទះ ដូចករណី បាញ់ប្រហារក្នុងរោងកុន កាលពី២សប្តាហ៍មុន នៅរដ្ឋ Colorado។ លោកបារ៉ាក់ អូបាម៉ា ព្រមទាំងស្ថានទូតអាមេរិក ប្រចាំប្រទេសឥណ្ឌា សុទ្ធតែបានចេញមុខថ្លែងរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ។ ចំណែក លោកម៉ាន់ ម៉ូហាន់ស៊ិញ នាយករដ្ឋមន្រ្តីឥណ្ឌា ដែលជាអ្នកកាន់សាសនា Sikh ម្នាក់ដែរនោះ បាន ថ្លែងថា លោកមានការក្រៀមក្រំ និងរន្ធត់ចិត្ត ចំពោះការវាយប្រហារទៅលើសហគមន៍អ្នកកាន់ សាសនា Sikh នៅអាមេរិកនេះ។ គួរបញ្ជាក់ថា សព្វថ្ងៃនេះ មានសហគមន៍អ្នកកាន់សាសនា Sikh ដែលមានដើមកំណើតមកពីឥណ្ឌា ប្រមាណជា ៥០ម៉ឺន ទៅ ៧០ម៉ឺននាក់ កំពុងរស់នៅសហរដ្ឋ អាមេរិក។ ចាប់តាំងពីព្រឹត្តិការណ៍ភេរវកម្ម ១១ កញ្ញា មក ពួកគេតែងតែព្រួយបារម្ភខ្លាច ក្រែងត្រូវ រងការវាយប្រហារ ពីសំណាក់ជនជាតិអាមេរិក ដែលស្អប់អ្នកកាន់សាសនាអ៊ីស្លាម ពីព្រោះថា តាមទំនៀមទម្លាប់ ពួកអ្នកកាន់សាសនា Sikh ច្រើនតែរុំក្បាល និងទុកពុកមាត់ ពុកចង្កាវែងៗ ដែលនាំឲ្យគេច្រឡំថាជាពួកតាលីបង់ ឬពួកអ្នកកាន់សាសនាអ៊ីស្លាម ដែលគាំទ្រអាល់កៃដា៕ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close