ទីក្រុងវ៉ាស៊ីតោន៖« ការ​គំរាមកំហែង​របស់​កូរ៉េខាងជើង មិនមែន​ជា​ដំណោះស្រាយទេ »

បន្ទាប់ ​ពី​ក្រុមប្រឹក្សាសន្តិសុខ​ អង្គការសហប្រជាជាតិ​បាន​ដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆំាង​កូរ៉េខាងជើង និង​ប្រតិកម្ម​គំរាម​ខ្លំាងក្លា​ពី​សំណាក់​កូរ៉េខាងជើង​មក សហរដ្ឋអាមេរិក​បាន​បញ្ចេញ​ប្រតិកម្ម​តបវិញ ដោយ​ព្រមាន​ថា ការ​គំរាមកំហែង​របស់​កូរ៉េខាងជើង ដូច​យ៉ាង​ការ​ប្រកាស​សង្រ្គាម​នុយក្លេអ៊ែរ​ទល់​នឹង​អាមេរិក និង​កូរ៉េ​ខាង​ត្បូង ការ​កាត់ផ្តាច់​ខ្សែទូរស័ព្ទ​ផ្ទាល់​ជាមួយ​កូរ៉េ​ខាង​ត្បូង ឬ​មួយ​ក៏​លុបចោល​ទាំងអស់​នូវ​កិច្ចព្រមព្រៀង​មិនឈ្លានពាន​ជាមួយ​នឹង​កូរ៉េ​ ខាង​ត្បូង​ក្តី មិន​មែន​ជា​ដំណោះស្រាយ​ទេ។

នេះ ​គឺ​ជា​ប្រតិកម្ម​របស់​លោក Josh Earnest អ្នកនំាពាក្យទី២​របស់​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា នា​ឱកាស​ផ្តល់ព័ត៌មាន​ប្រចំា​ថ្ងៃ​ឲ្យ​អ្នកកាសែត​នៅ​វិមាន​ប្រធានាធិបតី។ សម្រាប់​លោក Josh Earnest ការ​គំរាមកំហែង​របស់​កូរ៉េខាងជើង​មិន​បាន​ជួយ​ដោះស្រាយ​បញ្ហា​ឲ្យ​ចម្រើន​ទៅ ​មុខ​ទេ ផ្ទុយ​ទៅ​វិញ វា​រឹត​តែ​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់​តែ​ដុនដាប​ទៅៗ។ អ្នកនំាពាក្យទី២​របស់​លោក​អូបាម៉ា​រូប​នេះ​ដដែល​បាន​រម្លឹក​ឡើង​វិញ​ថា នា​ពេល​កន្លង​មក រដ្ឋបាល​អាមេរិកំាង​ធ្លាប់​បាន​អំពាវនាវ​របប​ក្រុង​ព្យុងយ៉ាង​ឲ្យ​បង្កើន​ ទំនាក់ទំនង​ល្អ​ជាមួយ​បងប្អូនបង្កើត​គូសត្រូវ​របស់​ខ្លួន គឺ​កូរ៉េខាងត្បូង ពិសេស ចាប់​យក​ឱកាស​ល្អ​ដែល​រដ្ឋាភិបាល​ថ្មី​របស់​ក្រុង​សេអ៊ូល​បាន​ស្នើ​នា​ រយៈពេល​ចុង​ក្រោយ​នេះ។

ប្រតិកម្ម​របស់​លោក Josh Earnest ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​រដ្ឋអំណាច​ក្រុង​ព្យុងយ៉ាង​បាន​ប្រកាស​គំរាម​កាល​ពី​ថ្ងៃ​សុក្រ​ ម្សិលមិញ​ថា នឹង​ធ្វើ​សង្រ្គាម​នុយក្លេអ៊ែរ​ទល់​នឹង​អាមេរិក និង​កូរ៉េ​ខាង​ត្បូង ការ​កាត់ផ្តាច់​ខ្សែទូរស័ព្ទ​ផ្ទាល់​ជាមួយ​កូរ៉េ​ខាង​ត្បូង ឬ​មួយ​ក៏​លុបចោល​ទាំងអស់​នូវ​កិច្ចព្រមព្រៀង​មិនឈ្លាន ពាន​ជាមួយ​នឹង​កូរ៉េ​ ខាង​ត្បូង​ជា​ដើម។ គឺ​ជា​ការ​គំរាម​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ទណ្ឌ កម្ម​ថ្មី​ដាក់​លើ​ខ្លួន​ពី​ សំណាក់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ទាក់ ទង​នឹង​ការ​សាកល្បង​នុយក្លេអ៊ែរ​លើកទី៣​ដោយ​ជោគជ័យ​កាល​ពី​ថ្ងៃទី១២កុម្ភៈ​ កន្លង​ទៅ។

គួរ​ជម្រាប​ជូន​ថា ទោះ​បី​ជា​កូរ៉េ​ទំាង​ពីរ ជើង ត្បូង​បាន​ព្រមព្រៀង​បញ្ឈប់​សង្រ្គាម​រវាង​គ្នា​តំាង​ពី​ជាង​កន្លះ​សតវត្ស​ មក​ហើយ​ក្តី ក៏​ភាគី​ទំាង​សងខាង​នៅ​មិនទាន់​បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាផ្លូវការ ​រវាង​គ្នា​នៅ​ឡើយ​ទេ។ យ៉ាង​ណា​ក៏​ដោយអ្នកនំាពាក្យ​ក្រសួងការពារជាតិ​អាមេរិក​បាន​ធានា​ថា ទីក្រុង​ វ៉ាស៊ីនតោន​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ការពារ​អធិបតេយ្យ​ របស់​កូរ៉េខាង ត្បូង និង​ប្រទេស​ជប៉ុន ប្រឈម​ទប់​នឹង​គ្រប់​ការ​វាយប្រហារ​ជា​យថាហេតុ​ពី​សំណាក់​កូរ៉េខាងជើង។

ប្រតិកម្ម​ក៏​មាន​ដែរ ពី​អ្នកនំាពាក្យ​ក្រសួង​ការបរទេស​អាមេរិក លោកស្រី Victoria Nuland ដែល​បាន​បរិហារ​ពី​ការ​បង្ក​រឿង​របស់​កូរ៉េខាងជើង។ យោង​តាម​លោកស្រី Victoria Nuland ទង្វើ​ផ្គើន​របស់​របប​ក្រុង​ព្យុងយ៉ាង​មិន​បាន​ជួយ​ធ្វើ​ឲ្យ​ចម្រើន​នូវ​ លក្ខខណ្ឌ​នៃ​ជីវិត​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ឬ​មួយ​ក៏​បិទ​បញ្ចប់​ភាព​ឯកាអាណាថា​របស់​កូរ៉េខាងជើង​ទេ ផ្ទុយ​ទៅ​វិញ វា​បាន​ធ្វើ​ឲ្យ​ភាព​តានតឹង​កាន់​តែ​កើន​ឡើង​ដែល​ជា​រឿង​មួយ​គួរ​ឲ្យ​ សោកស្តាយ​ខ្លំាង​ណាស់៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close