មន្ត្រីសង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាលចាប់ខ្លួនអភិបាលក្រុងបាវិតមកផ្តន្ទាទោស
ភ្នំពេញ: អស់រយៈពេលចំនួន ១៧ ថ្ងៃមកហើយ បន្ទាប់ពីបានប្រព្រឹត្តអំពើបាញ់ប្រហារ ដោយមិនញញើតដៃ ទៅលើក្រុមកម្មកររោងចក្រស្បែកជើង នៅតំបន់សេដ្ឋកិច្ចពិសេស នៃក្រុងបាវិត ខេត្តស្វាយរៀង ប៉ុន្តែរហូតមកដល់ពេលនេះតុលាការទើបតែចេញដីកាកោះហៅជនសង្ស័យយកមកសាកសួរ។
មន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក លោក ចាន់ សុវេត បានស្នើរសម្តេច ហ៊ុន សែន ចេញបញ្ជាទៅស្ថាប័នអនុវត្តចាត់ការតាមនីតិវិធិចាប់ខ្លួនជនជាប់ចោទ ឈ្មោះ ឈូក បណ្ឌិត អភិបាលក្រុងបាវិតមកធ្វើការផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យបានឆាប់។
លោកបានបន្តថា ក្នុងការស្វែងរកតាមចាប់ខ្លួនជនល្មើសមកផ្តន្ទាទោសគ្មានអ្វីពិបាកនោះទេ ពីព្រោះកន្លងមកលោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រាប់អ្នកកាសែតដោយបានបង្ហាញពីអត្តសញ្ញាណរបស់ជនជាប់ចោទរួចមកហើយ។
លោកឈូក បណ្ឌិត អភិបាលក្រុងបាវិត គឺជាជនសង្ស័យតែម្នាក់គត់ ដែលជាប់ពាក់ព័ន្ធក្នុងការបាញ់ប្រហារកម្មករឲ្យរងរបួសកាលពីថ្ងៃទៅ ២០ កុម្ភៈ កន្លងមក។ នេះបើតាមការបញ្ញាក់របស់លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានថ្លែងប្រាប់ក្រុមអ្នកកាសែតកាលពីសប្តាហ៍មុន៕