បច្ចុប្បន្ន កម្ពុជាមានព្រះសង្ឃសរុប ៥៣.២៥៧ អង្គ
ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីបិទអនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី ២១នៅសាល សន្និសីទចតុមុខ កាលពីថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា សព្វថ្ងៃនេះប្រទេសកម្ពុជា មានព្រះសង្ឃសរុប៥៣.២៥៧ អង្គ និង មានវត្តសរុបចំនួន៤.៥៥៣ វត្ត ដែលមានការខុសប្លែកពីលើកមុន មាន ព្រះសង្ឃត្រឹមតែ៧អង្គប៉ុណ្ណោះ។
ជាមួយគ្នានោះលោក ហ៊ុន សែន បានសម្តែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ផងដែរ ចំពោះថ្នាក់ដឹកនាំទាំងអស់ នៃក្រសួងធម្មការ និង សាសនា ដែលបានពួតដៃគ្នា ខិតខំរួមចំណែកដឹកនាំកិច្ចការ សាសនានៅព្រះរាជាណាចក្រកម្ពុជាបានយ៉ាងល្អប្រសើរ ដោយបានធ្វើឱ្យផ្នែកពុទ្ធចក្រ និង ឤណាចក្រ មាន ការអភិវឌ្ឍ និង រីកចម្រើនព្រមគ្នាគួរឱ្យកត់សម្គាល់”។
ចំពោះការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ក្នុងវិស័យពុទ្ធសាសនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានយកចិត្តទុកដាក់ នឹងលើកកម្ពស់ពុទ្ធិកសិក្សាអប់រំ ចំពោះព្រះសង្ឃ និងពុទ្ធសាសនិកជនទូទៅ ដោយបានរៀបចំឱ្យមានការបង្ហាត់បង្រៀន, អប់រំបណ្តុះបណ្តាល, និង ផ្សព្វផ្សាយ ព្រះធម៌, ព្រះវិន័យ និង ទំនៀមទម្លាប់ប្រពៃណីសំខាន់ៗ សម្រាប់ការប្រារព្ធពិធីបុណ្យផ្សេងៗ ក្នុងលទ្ធិព្រះពុទ្ធសាសនានៅទាំងទូប្រទេស ៕