នគរបាលចាប់ខ្លួនជនជាតិជប៉ុនម្នាក់ ពីបទជួយជនអន្តោប្រវេសន៍ខ្មែរខុសច្បាប់
នគរបាលបានចាប់ខ្លួនលោក Hirokazu Inatomi អាយុ ៦៣ ឆ្នាំដែលជាអតីតមន្រ្តីជាន់ខ្ពស់នៃសហជីពសមូហកម្ម Inaho នៅក្នុងខេត្ត Ibaraki ពីបទសង្ស័យថាបានជួយជនអន្តោប្រវេសន៍ខ្មែរខុសច្បាប់៣ នាក់ឲ្យរស់នៅក្នុងប្រទេសជប៉ុនក្នុងនាមជាសិក្ខាកាមទទួលការ ហ្វឹកហ្វឺន។
បើ តាមការស៊ើបអង្កេតរបស់ប៉ូលិសបានឲ្យដឹងថា អតីតមន្រ្តីរូបនេះក៏ជាប់បទសង្ស័យថាបានដកប្រាក់ម៉ោងរបស់កម្មករ ប្រមាណជា ២០០ លានយេនផងដែរ។
សហជីពសមូហកម្មនេះធ្លាប់បានទទួល យកជនបរទេសចំនួន ៥០០ នាក់រួចទៅហើយឲ្យធ្វើជាសិក្ខាកាមទទួលការបណ្តុះបណ្តាល រួមទាំងបានឲ្យជនបរទេសទាំងនោះទៅធ្វើការក្នុងកសិដ្ឋានតាំងពី ឆ្នាំ ២០០៣ មកម្ល៉េះ។
គម្រោងបណ្តុះបណ្តាលការងាររបស់ជប៉ុនអាច ឲ្យជនជាតិបរទេសចូលមកក្នុងប្រទេសជប៉ុនដើម្បីទទួលការបណ្តុះ បណ្តាលជំនាញបានម្ដងគត់ ហើយនគរបាលជឿជាក់ថា លោក Hirokazu Inatomi បានជំរុញឲ្យពលរដ្ឋខ្មែរធ្វើជាជនអន្តោប្រវេសន៍ខុសច្បាប់តាម រយៈការក្លែងបន្លំឈ្មោះក្នុងលិខិតឆ្លងដែន៕ (Radio Australia)