បាតុកម្មទាមទារអោយបញ្ចប់ការកាប់សំលាប់ជននិកាយChiites នៅប៉ាគីស្ថាន
នៅ ថ្ងៃចន្ទនេះ នៅប្រទេសប៉ាគីស្ថាន គេឃើញប្រជាជនធ្វើបាតុកម្ម កាន់តែច្រើនឡើងៗ ទាមទារអាជ្ញាធររកវិធានការ បិទបញ្ចប់នូវការកាប់សំលាប់ជននិកាយChiites ក្នុងប្រទេស។
បណ្តាជននិកាយChiites បានប្រកាសធ្វើបាតុកម្មក្នុងលក្ខណៈទ្រង់ទ្រាយធំ តាំងពីថ្ងៃសៅរ៍មកម្ល៉េះ បន្ទាប់ពីមានមនុស្សជាង៨០ នាក់ស្លាប់ក្នុងអំពើភេរវកម្ម ប្រឆាំងនឹងក្រុម និកាយChiites នៅប៉ាគីស្ថាន។ ក្រុមប្រដាប់អាវុធ Lashkar-e-Jhangvi ដែលស្ថិតនៅក្រោមឧវាទរបស់ក្រុមភេរវកម្មអាល់កៃដា បានប្រកាសថាខ្លួនជាមេខ្លោងក្នុងការវាយប្រហារភេរវកម្ម កាលពីថ្ងៃសៅរ៍មុននេះ។
បាតុកម្ម គាំទ្រជននិកាយChiites នៅប៉ាគីស្ថាន បានចាប់ធ្វើឡើង តាំងពីថ្ងៃអាទិត្យម្សិលមិញមកម្ល៉េះ ហើយបានកំពុងតែរីកសាយភាយ ក្នុងទ្រង់ទ្រាយធំ នៅថ្ងៃចន្ទនេះ នៅក្នុងក្រុង ការ៉ាឈី ដែលជាក្រុងសេដ្ឋកិច្ចរបស់ប៉ាគី ស្ថាន ស្ថិតនៅភាគខាងត្បូង។
បាតុករនានាមានការខឹងសម្បារ នឹងភេរវកម្មវាយប្រហារទៅលើ បណ្តាជននិកាយChiites កាលពីថ្ងៃសៅរ៍ កន្លងទៅ ដែលអំពើភេរវកម្មនេះ បានសំលាប់ជីវិតមនុស្សប្រហែលជាង ៨០នាក់។ បាតុករទាមទារអោយអាជ្ញាធរប៉ាគីស្ថាន ស្វែងរករាល់វិធានការ ដើម្បីអោយការកាប់សម្លាប់ជននិកាយChiites នៅប៉ាគី ស្ថាន ត្រូវបញ្ចប់ជាស្ថាពរ។
កាលពីយប់ម្សិលមិញ នៅខេត្តBaloutchistan ក្នុងក្រុង Quetta ដែលជាទីកន្លែងវាយប្រហារភេរវកម្ម ស្ត្រីនិកាយChiites ៤០០០ នាក់ បានបដិសេធមិនព្រមបញ្ចុះសពជនដែលស្លាប់ក្នុងភេរវកម្ម។ នេះជាទង្វើដែលកម្រនឹងមានណាស់ ក្នុងសាសនាអ៊ីស្លាម ដែលជាទូទៅគេត្រូវតែបញ្ចុះសាកសពនៅថ្ងៃស្លាប់ រឺក៏នៅថ្ងៃបន្ទាប់ពីថ្ងៃស្លាប់ អោយបានឆាប់រហ័សបំផុត។ ក្រុមប៉ូលិសនឹងចរចាជាមួយមេដឹកនាំនានានៃនិកាយChiites នៅថ្ងៃចន្ទនេះ ដើម្បីជំរុញអោយពួកគេបញ្ចុះសព។
“ពួកយើងនឹងបញ្ចុះសាកសពលុះត្រាតែប្រតិបត្តការ ប្រឆាំងនឹងក្រុមបង្កភេរវកម្មនេះ ត្រូវធ្វើឡើង” នេះជាការប្រកាសរបស់មេដឹកនាំនិកាយChiites មួយរូប នៅQuetta។
នៅប៉ាគីស្ថាន ក្រុមនិកាយឈីអ៊ីត ជាក្រុមជនជាតិភាគតិចដើមកំណើត Hazara មានប្រមាណជា ២០%នៃប្រជាជនក្នុងប្រទេស។ ប្រជាជនសរុបនៅប៉ាគីស្ថាន មានជាង១៨០លាននាក់ ភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាមនិកាយSunnites។
នៅខេត្តBaloutchistan ក្រុមនិកាយ Chiites តែងតែរងនូវការវាយប្រហារពីសំណាក់ក្រុមប្រដាប់អាវុធ ដូចជាក្រុម Lashkar-e-Jhangvi Lashkar-e-Jhangvi ដែលស្ថិតនៅក្រោមឧវាទរបស់ក្រុមអាល់កៃដា។
តាំងពីខែមករាដើមឆ្នាំមក ជននិកាយChiites ប្រហែលជា ២០០ នាក់បានបាត់បង់ជីវិតក្នុងអំពើវាយប្រហារនានា។ យោងតាមអង្គការសិទ្ធិមនុស្ស Human Rights Watch ជននិកាយChiites ប្រហែលជា ៤០០ នាក់ បានបាត់បង់ជីវិត នៅប៉ាគីស្ថាន ក្នុងឆ្នាំ២០១២ កន្លងមក។
សំរាប់ឆ្នាំ២០១៣នេះ ការស្លាប់មានដល់ទៅ២០០នាក់ទៅហើយ។
ស្ថានភាពនេះធ្វើអោយគេគិតថា ការសម្លាប់ជននិកាយChiites នឹងកើនឡើងថែមទៀត សំរាប់ឆ្នាំថ្មីនេះ។
នៅថ្ងៃចន្ទនេះ សារព័តម៌ាននានានៅប៉ាគីស្ថាន បានចោទរដ្ឋាភិបាល ភ្នាក់ងារស៊ើបការ និងក្រុមសន្តិសុខក្នុងប្រទេសថា មានការជិតដិតជាមួយពួកអ៊ីស្លាមជ្រុលនិយម ហើយមិនបានធ្វើអ្វីទាំងអស់ដើម្បីកំចាត់មេខ្លោងភេរវ កម្ម៕ ដោយ ព្រំ សឿន សូលីណា (RFI)