កូរ៉េខាងត្បូងបង្អួតមីស៊ីលប្រភេទថ្មីក្រោយពីកូរ៉េខាងជើងសាកល្បងអាវុធនុយក្លេអ៊ែរ
នៅថ្ងៃ ព្រហស្បតិ៍នេះ កូរ៉េខាងត្បូងបានប្រកាសឲ្យដឹងថាខ្លួនទើបនឹងបានដាក់ពង្រាយមីស៊ីល ប្រភេទថ្មីទំនើប ដែលអាចបាញ់ទៅលើគោលដៅ នៅគ្រប់កន្លែងទាំងអស់ នៅក្នុងទឹកដីកូរ៉េខាងជើង។ ការប្រកាសបង្អួតមីស៊ីលប្រភេទថ្មី នេះ ធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះ ក្រោយពីកូរ៉េខាងជើងបានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរ ជាលើកទី៣ កាលពីថ្ងៃអង្គារ។
ការបង្ហាញ ពីមីស៊ីលប្រភេទថ្មីនេះ ត្រូវបានធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌ មានពិសេសមួយរៀបចំឡើងដោយក្រសួងការពារជាតិកូរ៉េខាងត្បូង។ ក្រ សួងការពារ ជាតិបានបង្ហាញដល់អ្នកសារព័ត៌មាន នូវរូបភាពវីដេអូ អំពីការបាញ់សាកល្បងមីស៊ីលប្រភេទថ្មីនេះ ចេញពីនាវាចម្បាំងធម្មតា និងចេញពីនាវាមុជទឹក។
ក្រសួងការពារជាតិកូរ៉េខាងត្បូងមិនបានបញ្ជាក់ច្បាស់ថា តើមីស៊ីលនេះអាចបាញ់បានដល់ចម្ងាយប៉ុន្មានគីឡូម៉ែត្រនោះទេ គ្រាន់តែបានប្រាប់ថា វាអាចបាញ់ទៅលើគ្រប់គោលដៅ និងគ្រប់ទីកន្លែងទាំងអស់ នៅក្នុងទឹកដីកូរ៉េខាងជើង។ ម្យ៉ាង ទៀត មីស៊ីលថ្មីនេះមានប្រព័ន្ធកំណត់គោលដៅដ៏ទំនើប ដែលគេអាចកំណត់គោលដៅបាញ់ឲ្យចូលក្នុងបង្អួចអគារណាមួយបានយ៉ាង ជាក់លាក់។
គួរបញ្ជាក់ថា កងទ័ពកូរ៉េខាងត្បូងត្រូវបានដាក់ឲ្យស្ថិតក្នុងសភាពប្រុងជើងការ ខ្ពស់ នៅក្រោយពីកូរ៉េខាងជើងបានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរ ជាលើកទី៣ កាលពីថ្ងៃអង្គារ ដើមសប្តាហ៍នេះ។ កាលពីថ្ងៃពុធម្សិលមិញនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងក៏បានប្រកាសឲ្យដឹងផងដែរថា ខ្លួននឹងពន្លឿនកម្មវិធីផលិតមីស៊ីលបាលីស្ទិករយៈចម្ងាយឆ្ងាយរបស់ ខ្លួន ព្រមទាំងប្រព័ន្ធខែលការពារមីស៊ីល ដើម្បីបាញ់ទម្លាក់មីស៊ីលរបស់កូរ៉េខាងជើង ក្នុងករណីចាំបាច់។
គួររំឭកថា នៅក្នុងកិច្ចព្រមព្រៀងសម្ព័ន្ធមិត្ត រវាងកូរ៉េខាងត្បូង និងអាមេរិក អាមេរិកបានរក្សាកងទ័ពចំនួនជិត ២ម៉ឺន ៨ពាន់ ៥រយនាក់ នៅលើទឹកដីកូរ៉េខាងត្បូង ហើយសន្យាថានឹងប្រើអាវុធនុយក្លេអ៊ែរវាយប្រហារទៅលើប្រទេសណា ដែលហ៊ានប្រើអាវុធនុយក្លេអ៊ែរវាយប្រហារមកលើកូរ៉េខាងត្បូង។ ជាថ្នូរមកវិញ អាមេរិកដាក់កម្រិតមិនឲ្យកូរ៉េខាងត្បូងផលិតមីស៊ីលបាលីស្ទិករយៈ ចម្ងាយឆ្ងាយទេ។ ក៏ប៉ុន្តែ កាលពីខែតុលា ឆ្នាំទៅមិញនេះ អាមេរិកបានសុខចិត្តឲ្យកូរ៉េខាងត្បូងផលិតមីស៊ីលបាលីស្ទិករយៈចម្ងាយ ឆ្ងាយ ទៅតាមការស្នើសុំរបស់រដ្ឋាភិបាលក្រុងសេអ៊ូល ដែលបានលើកហេតុផលថា ការអភិវឌ្ឍកម្មវិធីមីស៊ីលបាលីស្ទិករយៈចម្ងាយឆ្ងាយនេះ គឺដើម្បីឆ្លើយតបនឹងកម្មវិធីមីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង ដែលកាន់តែទំនើបឡើងៗ។
ការបាញ់សាកល្បងប្រកបដោយជោគជ័យ នូវរ៉ុកកែតផ្ទុកផ្កាយរណបរបស់កូរ៉េខាងជើង កាលពីខែធ្នូកន្លងទៅនេះ គឺជាការបង្ហាញថា កូរ៉េខាងជើងមានបច្ចេកវិទ្យាគ្រប់គ្រាន់ ក្នុងការផលិតមីស៊ីលបាលីស្ទិក ដែលអាចនឹងបាញ់ទៅ ដល់ទឹកដីមួយផ្នែករបស់អាមេរិក៕ដោយ សេង ឌីណា (RFI)