ព្យុងយ៉ាង​បាញ់​សាកល្បង​នុយក្លេអ៊ែរ​ជា​លើក​ទី​បី នៅ​ក្រោមដី

កូរ៉េខាង​ជើង​បាន​​បញ្ជាក់​ព័ត៌មាន​អំពី ការ​បាញ់​សាកល្បង​នុយក្លេអ៊ែរ​ជា​លើក​ទី​បី ប្រកប​ដោយ​ជោគជ័យ​ នៅ​ព្រឹក​ថ្ងៃទី ១២ កុម្ភៈ​ឆ្នាំ​២០១៣​នេះ ដូច​ការ​គ្រោង។ នេះ​បើ​តាម​ភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េខាង​ជើង KCNA ដែល​បាន​លម្អិត​ថា ការ​បាញ់​សាកល្បងលើក​នេះមាន​កំរិត​បច្ចេកវិទ្យា​​ជាក់លាក់មួយ​​ដោយ​ប្រើគ្រាប់​នុយក្លេអ៊ែរ​ តូច​ ស្រាល តែ​មាន​កម្លាំង​​​ខ្លាំង។​

ការ​បាញ់​សាកល្បង​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង​ជា​លើក​ទី​បី ប្រព្រឹត្ត​ទៅ​នៅ​ម៉ោង​ ១១ និង​៥៧​នាទី​ព្រឹក​ថ្ងៃ​អង្គារ​នេះ ម៉ោង​នៅ​ទីក្រុង​សេអ៊ូល ដោយ​ស្តែង​ជា​​ហេតុ ការណ៍​រញ្ជួយ​ដី​​ បែប​សម្បនិមិត្តមួយ​ រង្គើរញ្ជួយ​​ដឹង​ដល់​ខេត្តចិន​ ជាប់​នឹង​ព្រំដែន​។

បើតាម​របាយការណ៍​រ​បស់​​អ្នក​ឯកទេស​អាមេរិក និង​កូរ៉េខាង​ត្បូង​ ចំណុច​កណ្តាល​នៃ​ការ​រញ្ជួយ ដែល​ផ្ទុះ​ចេញ​​ពី​ក្នុង​ដី​ ក្នុង​ជម្រៅ​ប្រមាណ​១​គីឡូម៉ែត្រ​ ក្រោមដី គឺ​​ស្ថិត​នៅ​​​ត្រង់​មជ្ឈមណ្ឌល​ពិសោធន៍​នុយក្លេអ៊ែរ Punggye-ri ភាគ​ឦសាន​ប្រទេស។ កម្លាំង​នៃ​រញ្ជួយ​​ នេះ​មាន​ទំហំ​ និង​កម្លាំង​​ស្មើ​នឹងការ​រញ្ជួយ​ដី​ធម្មជាតិ ក្នុង​កំរិត​​៤,៩ គិត​តាម​មាត្រដ្ឋាន​Richter។ នេះ​បើតាម​ការ​ព្យាករណ៍​របស់​ការិយាល័យ​ការពារ​ការ​​រញ្ជួយ​ដី​ចិន​។ ហើយ​បើ​និយាយ​អំពី​កម្លាំង​សមត្ថភាព​នៃ​ការ​ផ្ទុះ​វិញ យោធា​កូរ៉េខាង​ត្បូង​អះអាង​ ​គ្រាប់​ ​នុយក្លេអ៊ែរ​​ដែល​កូរ៉េខាង​ជើង​បាន​បាញ់​សាក​ល្បង​នៅ​ព្រឹក​មិញ មាន​​អំណាច ស្មើ​នឹង​គ្រាប់​​បែក​រវាងពី​៦​ទៅ​៧ គីឡូតោន ពោល​គឺ​ស្មើ​នឹង​ពាក់​កណ្តាល​នៃ​អំណាច​របស់​គ្រាប់​បែក​បរមាណូ​ដែល​ទម្លាក់​ លើ​ទីក្រុង​អ៊ីរ៉ូស្ហ៊ីម៉ា ជប៉ុន​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទីពីរ។

​បើ​​ដូច​ការ​​រៀប​រាប់​ខាង​លើ​ជា​ការពិត​មែន នោះ​បញ្ជាក់​ថា កូរ៉េខាង​ជើង​ពិត​ជា​​​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​បាន​ប្រសើរ​ឡើង​ខ្លាំង ​ ជាង​ការ​បាញ់​សាកល្បង​នុយក្លេអ៊ែរ​ជា​លើក​ទី​មួយ និង​លើក​ទីពីរ ២០០៦ និង​២០០៩​ ដែល​កាល​ណោះ​គ្រាប់​ផ្ទុះ​មាន​អំណាច​ខ្យោយ​ជាង​។

គេ​ពុំ​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា តើ​គ្រាប់​នុយក្លេអ៊ែរ​ដែល​កូរ៉េខាង​ជើង​បាញ់​លើក​នេះ ជា​គ្រាប់​ធ្វើ​ពី​ធាតុ plutonium ឬ ពី​ uraniumទេ ប៉ុន្តែ​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាង​ជើង បាន​លើក​សរសើរ​​អំពី​ដំណើរ​ការ​បាញ់​សាកល្បង​ តាម​បច្ចេកវិទ្យា​​​ជាក់លាក់ បំផុត មួយ ដោយ​ប្រើ​​គ្រាប់នុយក្លេអ៊ែរ​​ដ៏​តូច ស្រាល ​តែ​មាន​អំណាច​ខ្លាំង ហើយ​មិន​ផ្តល់​ប៉ះពាល់​ជា​អវិជ្ជមាន ដល់​បរិស្ថាន ក្នុង​ពេល​ភ្លាមៗ​ឡើយ! ​សម្រាប់​​​របប​ក្រុង​ព្យុង យ៉ាង​នេះ​​គឺ​​ជោគជ័យ​ដ៏​ធំធេង​របស់​ខ្លួន​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា កូរ៉េ ខាង​ជើង​មិន​ចាញ់​សំឡុត​អាមេរិក កូរ៉េខាង​ត្បូង និង​សម្ព័ន្ធ​តែ​មួយ​គត់​ចិន​ឡើយ។
 
ទោះ​មាន​ការ​ហាមឃាត់ ពី​សំណាក់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ និង​មាន​ការ​ព្រមាន​ពី​សហគមន៍​អន្តរជាតិ ជុំ​ទិស​ យ៉ាង​ណា​ក៏​ដោយ ក៏​ព្យុង យ៉ាង​ធ្វើ​គ​ធ្វើ​ថ្លង់​មិន​ឮ ហើយ​បាន​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ​ជា​លើក​ទី​បី នៅ​ថ្ងៃ​នេះ​ ដូច​ការ​ប្រកាស​គ្រោង​ទុក៕ដោយ អៀង សុខម៉ិញ (RFI)

Related Articles

Back to top button
Close
Close