ស្ដ្រីម្នាក់សម្រាលកូនតាមផ្លូវបន្ទាប់ពីពេទ្យប្រាប់គ្មានឆ្មបប្រចាំការ
ភ្នំពេញ៖ កាលពីវេលាម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី១២កុម្ភៈ ស្ដ្រីវ័យ២៩ឆ្នាំម្នាក់បានសម្រាលកូននៅតាមផ្លូវ រទេះភ្លើង ស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ក្រោយពេលនាងជិះ ម៉ូតូឌុបទៅមន្ទីរ ពេទ្យបង្អែកសម្ដេចឪគីឡូម៉ែត្រលេខ៦ ហើយត្រូវគ្រូពេទ្យប្រាប់ថាអត់មានពេទ្យឆ្មបប្រចាំការទេ។
ស្ដ្រីដែលសម្រាលកូនរូបនេះមានឈ្មោះជា ចែត អាយុ ២៩ឆ្នាំ មានប្ដីឈ្មោះឌី ប្រកបមុខរបរលក់លៀសហាល មានទីលំនៅក្នុងភូមិ- សង្កាត់កើតហេតុខាងលើ ។ គាត់បាននិយាយថា នៅព្រឹកថ្ងៃ ទី១១កុម្ភៈ គាត់បានឈឺពោះយ៉ាងខ្លាំងក៏បានជិះម៉ូតូឌុបទៅមន្ទីរពេទ្យបង្អែកសម្ដេច ឪ នៅសង្កាត់គីឡូម៉ែត្រ លេខ៦ ដែលស្ថិតនៅក្បែរនោះ ពេលទៅដល់មន្ទីរពេទ្យបង្អែកសម្ដេចឪគ្រូពេទ្យនៅទីនោះប្រាប់គាត់ថា គ្មានពេទ្យឆ្មបប្រចាំការទេ។
ដោយគ្មានជម្រើស ក៏បានឡើងជិះម៉ូតូឌុបវិលត្រឡប់ទៅផ្ទះវិពា្ញ ដល់ចំណុចផ្លូវរទេះភ្លើង ទ្រាំមិនបានក៏ឱ្យម៉ូតូឌុបឈប់ គ្រាន់តែចុះពីលើម៉ូតូក៏សម្រាលកូនតែម្ដង។
ភ្លាមនោះប្រជាពលរដ្ឋចិត្ដធម៌ចាស់ទុំនៅក្បែរនោះក៏មកជួយជ្រោមជ្រែង កូនដែលនាងចែតសម្រាលមកជាកូនស្រី ត្រូវបានអ្នកស្រុកលាងទឹករៀបចំឱ្យ ហើយក៏ប្រញាប់ហៅរថយន្ដសង្គ្រោះដឹកយកទៅមន្ទីរពេទ្យ៕