ការអភិវឌ្ឍកំពង់ផែរួមរវាងថៃ-ភូមាជាប់គាំងដំណើរ
រដ្ឋមន្រ្ដីក្រសួងដឹកជញ្ជូននៃប្រទេសថៃ មានប្រសាសន៍ថា កំពង់ផែក្នុងទឹកជ្រៅដែលរដ្ឋាភិបាលថៃរបស់លោកកំពុងស្នើអភិវឌ្ឍ រួមជាមួយនឹងភាគីប្រទេសភូមាអាចនឹងគាំងដំណើរអស់ពេល១ឆ្នាំទៀត។
លោក ឆាដឆាត សិទិ្ធពូន (Chadchat Sittipunt) មានប្រសាសន៍ថា កំពង់ផែនេះ ដែលគេគ្រោងសង់នៅខេត្ដ Dawei ប៉ែកខាងត្បូងប្រទេសភូមាដែលនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស បានគាំងដំណើរដោយសារតែភាពមិនប្រាកដច្បាស់នៃគម្រោងផែនការ រួមជាមួយនឹងបញ្ហាជម្លោះក្នុងចំណោមវិនិយោគិន។
កាសែតបាងកក ប៉ុស្ដិ៍រាយការណ៍ថា រដ្ឋមន្រ្ដីថៃរូបនេះ ដែលជាប្រធានអនុគណៈកម្មាធិការមួយខាងផ្នែកអភិវឌ្ឍន៍តំបន់ Dawei និយាយថា រដ្ឋាភិបាលថៃរបស់លោកក៏ជួបប្រទះនឹងការលំបាកផងដែរ ក្នុងការទាក់ទាញវិនិយោគិនដ៏ធំមួយពីប្រទេសជប៉ុន។
លោកមាន ប្រសាសន៍ថា ភាពមិនស៊ីសង្វាក់គ្នារវាងភាគីថៃ និងជប៉ុនជុំវិញបញ្ហាមួយចំនួននៃគម្រោងនេះ បានធ្វើឲ្យមានការលំបាកដល់ការដើរទៅមុខនៃគម្រោងអភិវឌ្ឍន៍នេះ។
កិច្ច ព្រមព្រៀងមួយជុំវិញការអភិវឌ្ឍកំពង់ផែរវាងរដ្ឋាភិបាលថៃ និងភូមា ត្រូវបានភាគីទាំងពីរចុះហត្ថលេខាកាលពីឆ្នាំមុន ប៉ុន្ដែកាសែតបាងកកប៉ុស្ដិ៍រាយការណ៍ថា គេនៅមិនទាន់រកបានប្រាក់បោះទុនប្រហែល៩ពាន់លានដុល្លារនៅឡើយ ទេ៕ (Radio Australia)