ថយរថយន្តបុក ហើយចុះមកវាយជនរងគ្រោះថែមទៀត
ភ្នំពេញ៖ កាលពីវេលាម៉ោង ១១៖២០នាទី យប់ថ្ងៃទី១៦ ខែមករា បុរសជនជាតិចិន ចំនួន៤នាក់ ដែលមាន ស្ថានភាពស្រវឹង បានថយ រថយន្ត ទៅបុក យុវជនម្នាក់ ហើយចុះពីលើរថយន្ត មកវាយជនរងគ្រោះថែមទៀតផង ស្ថិតនៅតាម ផ្លូវលេខ ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ពោលនៅមុខ ហាងម៉ាស្សា ឡាក់គីម៉ាស្សា។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ បុរសជនជាតិចិន ចំនួន៤នាក់ ដែលមានអាការៈស្រឹវឹង ហើយបានបើក រថយន្តម៉ាកលុច្សស៊ីស RX-300 ពណ៌ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 2O-5518 មានបំណងមកម៉ាស្សា នៅខាងលើ ប៉ុន្តែពេលមកដល់ ត្រូវបានបុគ្គលិក ប្រាប់ថា ផុតម៉ោងហើយ ។ ពេលនោះ អ្នកបើករថយន្ត បានបើក ថយក្រោយ បណ្តាលឲ្យបុក បុគ្គលិកនៅហាងខាងលើនេះ មានឈ្មោះ សួន ម៉ារ៉ែនឌី អាយុ២០ឆ្នាំ កំពុងនៅលើ ម៉ូតូរបស់ខ្លួនរបស់ម៉ាក សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1F-2911បណ្តាលឲ្យដួល ។
ពេលនោះ បុរសជនជាតិចិន ដែលគេមិនស្គាល់ អត្តសញ្ញាណ បានចុះពីលើរថយន្ត ស្ទុះទៅវាយ ជនរងគ្រោះ ហើយក៏ត្រូវ ជនរងគ្រោះ និងមិត្តភក្តិ វាយវិញ បណ្តាលឲ្យរងរបួសវិញ ។ ភ្លាមៗនោះ ពួកគេ បានទូរស័ព្ទ ទៅបុរសម្នាក់ ដើម្បីមក អន្តរាគមន៍ ។
ពេលដែលបុរសរូបនេះ មកដល់ បានសួរទៅជនរងគ្រោះថា យកប៉ុន្មាន ជនរងគ្រោះឆ្លើយថា យក៥០ដុល្លារ តែថៅកែ ហាងម៉ាស្សា ប្រាប់មកវិញថា ទើបពួកគេត្រឡប់ទៅវិញ៕
ដោយ៖ ហេង នាង