រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រមានសារព័ត៌មានមិនឲ្យផ្សព្វផ្សាយរូបភាពហិង្សាកាចសាហាវ
កាលពីថ្ងៃទី២១ កុម្ភៈ ២០១២ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញលិខិតហាមឃាត់ឲ្យបញ្ឈប់ការផ្សាយរូបភាពដែលបង្ហាញនូវអំពើហិង្សាកាចសាហាវ រូបភាពគ្រោះថ្នាក់ចរាចរដែលគួរអោយរន្ធត់ និងរូបភាពឧក្រិដ្ឋនៃអំពើហិង្សាលើស្ត្រីដោយមិនបានបិតបាំងនូវអត្តសញ្ញាណមុខមាត់ជនរងគ្រោះ។
ការហាមឃាត់នេះធ្វើឡើងដោយសារ មានសារព័ត៌មានមួយចំនួនមិនបានយកចិត្តទុកដាក់ទទួលខុសត្រូវឲ្យបានខ្ពស់លើការផ្សព្វផ្សាយនៅលើទំព័រសារព័ត៌មានរបស់ខ្លួននូវរូបភាពគ្រោះថ្នាក់ចរាចរនានាដែលមើលទៅគួរអោយរន្ធត់ ភ័យខ្លាច និងរូបភាពខ្លះទៀតបង្ហាញនូវភាពឧក្រិដ្ឋនៃអំពើហិង្សាលើស្ត្រី និងកុមារ។
ដោយការផ្សព្វផ្សាយនោះអាចនាំអោយប្រាសចាកពីក្រមសីលធម៌ វិជ្ជាជីវៈ និងច្បាប់ស្ដីរបបសារព័ត៌មាន មិនត្រឹមតែប៉ុណ្ណោះបានធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិសេរីភាពរស់នៅ និងជីវភាពឯកជនរបស់បុគ្គលទៀតផង៕