ជនសង្ស័យ ២នាក់ជិះម៉ូតូឆក់ឡេបថប និងទួរស័ព្ទ ធ្វើឲ្យនារីម្នាក់រងរបួស
ភ្នំពេញ ៖ កាលពីវេលាម៉ោង៤ និង៤៥ នាទីរសៀលថ្ងៃទី១៥ មករា ជនសង្ស័យ ២នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់កាតាបឡេបថបមួយគ្រឿង និងទូរស័ព្ទហ្គាឡាក់ស៊ី៣ មួយគ្រឿងនៅចំណុចស្តុបចំការមន តាមមហាវិថីម៉ៅសេទុងកែងផ្លូវលេខ៥៧ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ធ្វើឲ្យនារីរងគ្រោះ ដួលអូសប្រមាណ ៥ម៉ែត្រ រលាត់ដៃជើង ។
បើតាមសម្តីរបស់នារីរងគ្រោះ ជិះម៉ូតូហ្វីណូ ពណ៌កំបោរ ចេញពីធ្វើការជិះតាមមហាវិថីម៉ៅសេទុង ពីលិចទៅកើត ខណៈមកដល់ស្តុបចំការមនស្រាប់តែមានជនសង្ស័យ២នាក់ មិនចាំច្បាស់បានធ្វើសកម្មភាពឆក់យកកាតាប ដែលដាក់ឡេបថបដាក់នៅជាប់ នឹងម៉ូតូ ធ្វើឲ្យដួលម៉ូតូអូសប្រមាណ៥ ម៉ែត្រ រលាត់ដៃជើង។
សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា ខណៈមកជនសង្ស័យ ២នាក់ជិះម៉ូតូសេ១១០ ស៊េរី២០១២ ពណ៌ខ្មៅ អត់មានកញ្ចក់ និងអត់ពាក់មួកការពារ អ្នកជិះពីក្រោយពាក់អាវយឺតពណ៌ខ្មៅ បានធ្វើសកម្មភាពឆក់កាតាបយកទៅបាត់ ។
ស្របពេលនោះ សមត្ថកិច្ចល្បាតតាមផ្លូវបានជិះម៉ូតូដេញតាមឃាត់បានជនសង្ស័យ២នាក់ ដែលមានភិនភាគដូចខាងលើនៅតាមផ្លូវលេខ៣១០ មុខស្ទាយក្លឹប ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ប៉ុន្តែពេលដែលសមត្ថកិច្ចឃាត់ខ្លួនបាន ជនសង្ស័យទាំង ២នាក់នោះឆែកឆេររកមិនឃើញមានអ្វីនៅជាប់នឹងខ្លួនទេ ។
ទាក់ទិននឹងរឿងរ៉ាវនេះ សមត្ថកិច្ចបានឃាត់ជនសង្ស័យទាំង២នាក់ រួចហៅអាណាព្យាបាលមកធ្វើកិច្ចសន្យាធានាដោះលែងវិញ បើសិនជាសមត្ថកិច្ចត្រូវការសាកសួរ ពេលណា សូមឲ្យជួយសហការចូលខ្លួនមកដោះស្រាយ៕
ដោយ៖ ហេង នាង