ម៉ាលី៖ ទាហានបារាំងបន្តប្រតិបត្តិការទ័ពអាកាស រង់ចាំទ័ពពីប្រទេសអាហ្វ្រិកផ្សេងទៀត
នៅថ្ងៃ អាទិត្យនេះ កងទ័ពបារាំងកំពុងបន្តធ្វើការវាយប្រហារតាមអាកាស ទៅលើក្រុមភេរវជនអ៊ីស្លាម អាន់សារឌីន (Ansar Dine) នៅប៉ែកខាងជើងប្រទេសម៉ាលី។ ក្នុងពេលជាមួយគ្នានេះ កងកម្លាំងមកពីបណ្តាផ្សេងទៀត នៅអាហ្វ្រិកក៏កំពុងតែរៀបចំបញ្ជូនមកកាន់ប្រទេសម៉ាលីដែរ។ កងកម្លាំងអន្តរជាតិទាំងអស់នេះ ត្រូវដាក់ពង្រាយនៅម៉ាលី ទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ក្រោយពីក្រុមឧទ្ទាម និងក្រុមភេរវជនអ៊ីស្លាមបានវាយដណ្តើមកាន់កាប់ប៉ែកខាងជើងប្រទេស ម៉ាលី កាលពីឆ្នាំទៅមិញ។
លោក ហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់ (Jean-Yves Le Drian) រដ្ឋមន្រ្តីក្រសួងការពារជាតិបារាំង បានអះអាង នៅព្រឹកថ្ងៃអាទិត្យនេះថា ប្រតិបត្តិការទ័ពអាកាសរបស់បារាំង ទៅលើក្រុមភេរវជនអ៊ីស្លាម (ក្រុមអានសារឌីន ឬ Ansar Dine) នៅប៉ែកខាងជើងប្រទេសម៉ាលី កំពុងបន្តធ្វើជាប់ជាប្រចាំ។ “កាលពីយប់ម្សិលមិញក៏មានធ្វើ នៅថ្ងៃអាទិត្យនេះក៏មានធ្វើ ហើយនៅថ្ងៃស្អែកក៏នឹងនៅតែបន្តធ្វើដែរ”។
លោក រដ្ឋមន្រ្តីការពារជាតិបារាំងក៏បានបញ្ជាក់ផងដែរថា ប្រសិនបើកងទ័ពបារាំងមិនធ្វើអន្តរាគមន៍ជួយកងទ័ពរដ្ឋាភិបាលម៉ាលីទេ នៅពេលនេះ រដ្ឋធានីបាម៉ា កូ (Bamako) របស់ម៉ាលី ត្រូវធ្លាក់ក្នុងដៃរបស់ក្រុមភេរវជនបាត់ទៅ ហើយ។
គួរបញ្ជាក់ថា ក្រៅពីកងទ័ពអាកាសកងទ័ពជើងគោករបស់បារាំងដែលមានមូល ដ្ឋានទ័ពនៅក្នុងប្រទេសកូតឌីវ័រនិងប្រទេសឆាដ ក៏ត្រូវបានបញ្ជូនមកដល់ប្រទេស ម៉ាលីដែរ កាលពីថ្ងៃសៅរ៍ម្សិលមិញ។
ចំណែក ទាហានមកពីបណ្តាប្រទេសនៅអាហ្វ្រិកប្រមាណជា ២ពាន់នាក់ នឹងត្រូវដាក់ ពង្រាយនៅម៉ាលី នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។ ការដាក់ ពង្រាយកងកម្លាំងអន្តរជាតិនេះ គឺធ្វើឡើង នៅក្នុងក្របខ័ណ្ឌសេចក្តី សម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ដែលអនុម័ត កាលពីខែធ្នូ ដើម្បីជួយរដ្ឋា ភិបាលម៉ាលី ក្នុងការបណ្តេញក្រុមភេរវជនអ៊ីស្លាម ចេញពីតំបន់ប៉ែកខាងជើងប្រទេស។
តាមគម្រោង កងកម្លាំងអន្តរជាតិ នៅម៉ាលីនេះ ភាគច្រើនគឺមកពីបណ្តាប្រទេសអាហ្វ្រិក ហើយនឹងត្រូវដឹកនាំដោយកងទ័ពនីហ្សេរីយ៉ា ដែលជាមហា អំណាចយោធាដ៏សំខាន់មួយ នៅអាហ្វ្រិក។ ឧត្តមសេនីយ៍នីហ្សេរីយ៉ា ដែលនឹងត្រូវដឹកនាំកងកម្លាំងអន្តរជាតិនៅម៉ាលី នឹងធ្វើដំណើរមកដល់រដ្ឋធានីបាម៉ាកូ នៅថ្ងៃអាទិត្យនេះ។
កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ទាហានបារាំងម្នាក់ ដែលជាអ្នកបើកបរឧទ្ធម្ ភាគចក្រ បានបាត់បង់ជីវិត នៅក្នុងប្រតិបត្តិការទ័ពអាកាស ដើម្បីវាយដណ្តើមយកទីក្រុងកូណា (Kona) ពីក្រុមភេរវជន។ រដ្ឋាភិបាលម៉ាលីក៏បានឲ្យដឹងផងដែរថា នៅក្នុងប្រតិបត្តិការនេះ ទាហានម៉ាលី ១១នាក់ ត្រូវបាត់បង់ជីវិត និង ៦០នាក់ផ្សេងទៀតត្រូវរងរបួស។ ចំណែកអង្គការ Human Rights Watch វិញ អះអាងថា ការវាយប្រយុទ្ធគ្នានៅម៉ាលី បានបណ្តាលឲ្យបាត់បង់ជីវិត ជនស៊ីវិលប្រមាណជា ១០នាក់ ក្នុងនោះ មាន ៤នាក់ ជាកុមារ។
លោក ដាវីដ កាមរ៉ន (David Cameron) នាយករដ្ឋមន្រ្តីអង់គ្លេស បានប្រកាស កាលពីថ្ងៃសៅរ៍ម្សិលមិញថា អង់គ្លេសនឹងជួយខាងផ្នែកភស្តុភា សម្រាប់ប្រតិបត្តិការកងទ័ពបារាំង ប៉ុន្តែ អង់គ្លេសនឹងមិនបញ្ជូនកងទ័ពប្រយុទ្ធទៅកាន់ប្រទេសម៉ាលីទេ។
មន្រ្តី ក្រសួងការពារជាតិអាមេរិកវិញបានឲ្យដឹងថា អាមេរិកកំពុងតែពិចារណាថា តើនឹងត្រូវចូលរួមចំណែកត្រឹមកម្រិតណា ក្នុងប្រតិបត្តិការនៅម៉ាលី។ អាមេរិកទំនងជានឹងជួយខាងផ្នែកប្រមូលព័ត៌មានទ័ព តាមរយៈផ្កាយរណប និងយន្តហោះឈ្លបយកការណ៍ ដែលគ្មានមនុស្សបើក៕ដោយ សេង ឌីណា (RFI)