ក្រឡាបញ្ជីខេត្តកណ្តាល និងព្រះរាជអាជ្ញាខេត្តពោធិ៍សាត់ត្រូវបានប្រកាសតាមចាប់ខ្លួន
នៅថ្ងៃទី ២០ កុម្ភៈ ២០១២ មន្ត្រីក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានឲ្យដឹងថា ដីកាតាមចាប់ខ្លួនលោក លឹម កុម្ភៈ ក្រឡាបញ្ជីនៃតុលាការខេត្តកណ្ដាល និងលោក ពេជ្រ គង់យូ ជាម្ចាស់ភោជនីយដ្ឋានរាត្រីរីករាយនៅពោធិ៍សាត់ ក្រោមបទប្រព្រឹត្តអំពើពុករលួយ ត្រូវបានបញ្ជូនដល់ដៃសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិហើយ។
លោក លឹម កុម្ភៈ ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការស៊ីសំណូក ឃុបឃិតជាមួយចៅក្រម លោក ហួត ហ៊ាង នៃតុលាការខេត្តកណ្ដាល នៅខែមករា២០១២ កន្លងទៅនេះ។ ឯលោក ពេជ្រ គង់យូ ត្រូវបានចោទប្រកាន់ក្រោមបទជំរិតទារប្រាក់ និងបទបង្ខាំងមនុស្សខុសច្បាប់ ដោយបានឃុបឃិតជាមួយអតីតព្រះរាជអាជ្ញានៃតុលាការខេត្តពោធិ៍សាត់ លោក តុប ច័ន្ទសិរីវុធ នៅខែមិថុនា ២០១០ កន្លងទៅនេះ។
ទាក់ទងនឹងការស្វែងរកចាប់ខ្លួនជនសង្ស័យទាំង ២នាក់នោះ លោកស្រី ម៉ម ស៊ីថា ប្រធានគណៈកម្មាធិការកម្ពុជាឯករាជ្យប្រឆាំងអំពើពុករលួយបាននិយាយថា លោកស្រីគាំទ្រក្នុងការដែលអង្គភាពប្រឆាំងអំពើពុករលួយជីកឫសជីក គល់ដើម្បីឲ្យអ្នកដែលប្រព្រឹត្តអំពើពុករលួយនានារាងចាល៕