ដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកស្ហ៊ីនហ្សូ អាបេ គឺនៅអាស៊ីអាគ្នេយ៍
មន្រ្តីរដ្ឋាភិបាលជប៉ុនបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា លោកស្ហ៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន នឹងចាប់ផ្តើមចេញទៅបំពេញទស្សនកិច្ចទៅក្រៅប្រទេស នៅសប្តាហ៍ក្រោយ ហើយដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកទីមួយនេះ លោកអាបេ ជ្រើសរើសយកប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺវៀតណាម ថៃ និងឥណ្ឌូណេស៊ី។
យោងតាមមន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោកស្ហ៊ីនហ្សូ អាបេ នឹងចេញទៅបំពេញទស្សនកិច្ចនៅក្រៅប្រទេសជាលើកទី១ នៅចន្លោះពីថ្ងៃពុធ ទី១៦ ដល់ថ្ងៃ សៅរ៍ ១៩ មករា សប្តាហ៍ក្រោយនេះ ដោយធ្វើដំណើរទៅប្រទេស៣ ដែលសុទ្ធសឹងជាសមាជិកអាស៊ានគឺវៀតណាម ថៃ និងឥណ្ឌូណេ ស៊ី។ មន្រ្តីអ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា នៅក្នុងពេលបច្ចុប្បន្ននេះ ដោយសារតែស្ថានភាពយុទ្ធសាស្រ្តកំពុងតែមានការផ្លាស់ប្តូរ ការពង្រឹងទំនាក់ទំនងរវាងជប៉ុន និងប្រទេសសមាជិកអាស៊ាន គឺមានសារៈសំខាន់ណាស់ ដើម្បីរក្សាសន្តិភាព និងវិបុលភាព នៅក្នុងតំបន់។
រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន គឺលោក ហ្វ៊ូមីញ៉ូ គីស្ហ៊ីដា (Fumio Kishida) ក៏បានជ្រើសរើសយកប្រទេសសមាជិកអាស៊ាន ជាទិសដៅសម្រាប់ដំណើរទស្សន កិច្ចក្រៅប្រទេសជាលើកទី១របស់លោកដែរ ដោយនៅថ្ងៃព្រហស្បតិ៍នេះ កំពុងតែបំពេញទស្សនកិច្ចនៅហ្វីលីពីន ដែលជាគូជម្លោះដ៏ធំមួយ ជាមួយនឹងចិន ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង។ លោកគីស្ហ៊ីដា បានជួបជាមួយរដ្ឋមន្រ្តីការ បរទេសហ្វីលីពីន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ហើយគ្រោងជួបជាមួយលោកប្រធា នាធិបតីអាគីណូ នៅថ្ងៃដដែលនេះ។
គេសង្កេតឃើញថា មួយរយៈកាលចុងក្រោយនេះ ជប៉ុនបានផ្តោតអាទិភាពកាន់តែខ្លាំង ទៅលើទំនាក់ទំនងជាមួយប្រទេសសមាជិកអាស៊ាន ដោយសារតែជប៉ុនសំឡឹងឃើញពីសក្តានុពលរបស់អាស៊ាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ និងជាទីផ្សារដ៏សំខាន់ សម្រាប់ការនាំចេញទំនិញជប៉ុន។
ម្យ៉ាងវិញទៀត នៅក្នុងពេលដែលជម្លោះដែនទឹក នៅក្នុងតំបន់អាស៊ីកាន់តែមានភាពតានតឹងខ្លាំងទាំងជម្លោះរវាងចិននិងជប៉ុននិងជម្លោះរវាងចិន និងប្រទេសមួយចំនួនក្នុងតំបន់អាស៊ានការពង្រឹងទំនាក់ទំនងជាមួយអាស៊ាន កាន់តែមានសារៈសំខាន់ថែមទៀត សម្រាប់ជប៉ុន ក្នុងការប្រជែងដណ្តើមឥទ្ធិពលជាមួយនឹងចិន។
គួររំឭកឡើងវិញថា កាលពីពេលចូលកាន់តំណែងនាយករដ្ឋមន្រ្តីជប៉ុន កាលពីអាណត្តិមុន (ឆ្នាំ២០០៦-១០០៧) លោកស្ហ៊ីនហ្សូ អាបេ បានជ្រើសរើសយកប្រទេសចិន សម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី១របស់លោក។ នៅក្នុងអាណត្តិថ្មីនេះ តាមគម្រោងពីដំបូង លោកស្ហ៊ីនហ្សូ អាបេ បានជ្រើសរើសយកសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ មន្រ្តីសេតវិមានបានឲ្យដឹងថា លោកអូបាម៉ាជាប់រវល់ខ្លាំង ហើយបានសុំលើកពេលដំណើរទស្សនកិច្ចរបស់លោកស្ហ៊ីនហ្សូ អាបេ ទៅខែកុម្ភៈ ឬខែបន្ទាប់វិញ។ ហេតុដូច្នេះហើយ ទើបលោកស្ហ៊ីនហ្សូ អាបេ សម្រេចចេញទៅបំពេញទស្សនកិច្ចនៅវៀតណាម ថៃ និងឥណ្ឌូណេស៊ី មុនសហរដ្ឋអាមេរិក៕ដោយ សេង ឌីណា (RFI)