ជប៉ុនអំពាវនាវសុំឲ្យអង្គការសហប្រជាជាតិមានវិធានការឆ្លើយតបប្រឆាំងនឹងកម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង
លោក Shinzo Abe នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសជប៉ុន បានអំពាវនាវសុំឲ្យមានវិធានការឆ្លើយតបប្រឆាំងនឹងកម្មវិធីអាវុធ នុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។
អ្នកនាំពាក្យមួយរូបបានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីជប៉ុនបានធ្វើការអំពាវនាវនេះ ក្នុងពេលសន្ទនាតាមទូរសព្ទជាមួយលោក Ban Ki-moon អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ។
ប្រទេសជប៉ុនគឺជា សម្ព័ន្ធមិត្តសំខាន់មួយរបស់សហរដ្ឋអាម៉េរិក ដែលបានព្យាយាមបញ្ចុះបញ្ចូលប្រទេសចិនឲ្យគាំទ្រក្រុមប្រឹក្សា សន្តិសុខនៃអង្គការសហប្រជាជាតិក្នុងការចាត់វិធានការតឹងរ៉ឹងមួយ ប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងព្យុង យ៉ាងដែលបានសាកល្បងការបាញ់ បង្ហោះគ្រាប់រ៉ុកកែតចម្ងាយឆ្ងាយកាលពីពាក់កណ្ដាលខែធ្នូកន្លងមក ដែលគេហាមមិនឲ្យធ្វើ។
ក្រោយពីការសាកល្បងអាវុធនុយក្លេអ៊ែរ ដោយប្រទេសកូរ៉េខាងជើងនៅក្នុងឆ្នាំ២០០៦ និងឆ្នាំ២០០៩មក ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មប្រឆាំង នឹងប្រទេសកូរ៉េខាងជើង និងបានចេញការព្រមានជាច្រើនដងកុំឲ្យប្រទេសនេះធ្វើការសាកល្បង ជាថ្មីថែមទៀត៕(Radio Australia)