ប្រធានាធិបតី អូបាម៉ា រើស Chuck Hagel ជារដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក
យោងតាមសារព័ត៌មានអាមេរិកាំងជាច្រើនប្រធានាធិបតីអាមេរិកអូបាម៉ា នឹងប្រកាស នូវជំរើសរបស់ខ្លួន នៅថ្ងៃចន្ទនេះ ក្នុងការសំរេចអោយ អតីតសមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋ លោក Chuck Hagel ធ្វើជារដ្ឋមន្ត្រីក្រសួងការ ពារជាតិបន្តដំណែងពីលោក Leon Panetta។ ការសំរេចចិត្តនេះ នឹងធ្វើអោយមាន រលកប្រតិកម្ម នៅក្នុងព្រឹទ្ធសភា និងរដ្ឋសភារបស់អាមេរិក ព្រោះថា លោក Chuck Hagel ដែលជាវីរបុរសជាន់ចាស់ ក្នុងសង្គ្រាមវៀតណាម គ្មានឈ្មោះក្រអូបល្អឡើយ សំរាប់សមាជិកសភាឯទៀត ដែលលោកធ្លាប់ធ្វើការជាមួយ។ លោក ជាអ្នករិះគន់ប្រទេសអ៊ីស្រាអែល និងប្រជាជនហ្ស៊ីហ្វ។ គេបានអោយនាម Chuck Hagel ថាជាទាហាននាំមុខ ធ្វើការតែម្នាក់ឯង។
លោក Chuck Hagel ដែលជាវីរបុរសជាន់ចាស់ ក្នុងសង្គ្រាមវៀតណាម មានអាយុ៦៦ ឆ្នាំ។ លោកជា អតីតសមាជិកតំណាងរដ្ឋ Nebraska ស្ថិតនៅភាគកណ្តាលសហរដ្ឋអាមេរិក ពីឆ្នាំ ១៩៩៧ រហូតដល់ឆ្នាំ ២០០៩។ ក្នុងការងារជាសមាជិក រយៈពេលពីរអណ្ណត្តិ នៅ
ព្រឹទ្ធសភាអាមេរិក Chuck Hagel បានធ្វើការប្រឆាំងនឹង ឡប់ប៊ីជនជាតិហ្ស៊ីហ្វ ដែលមានឥទ្ធិពលសម្លុតអ្នកនយោបាយអាមេរិកនានាប្រឆាំងនឹងទណ្ឌកម្មឯក តោ ភាគី របស់អាមេរិកដែលដាក់ទៅលើប្រទេសអ៊ីរ៉ង់។
លើសពីនេះ លោកក៏បានរិះគន់ យុទ្ធសាស្ត្រសង្គ្រាមនៅអ៊ីរ៉ាក់ របស់អតីតប្រធានាធិបតី George Bush ផងដែរ។ Chuck Hagel ធ្លាប់បានប្រើពាក្យសំដីប្រឆាំងនឹងអ្នកស្រលាញ់ភេទដូចគ្នាតែក្រោយមក លោកបានធ្វើការសុំទោស។បើទោះ ជា Chuck Hagel ធ្លាប់បានអនុម័ត នូវថវិកា ៤០ពាន់លានដុល្លារ ជួយវិស័យសន្តិ សុខ នៅអ៊ីស្រាអែល កាលពីលោកធ្វើការនៅគណកម្មការកិច្ចការបរទេសក៏ដោយ ក៏ការចំអករបស់លោកទៅលើប្រទេសអ៊ីស្រាអែល និងប្រជាជនហ្ស៊ីហ្វ ធ្វើអោយសមាជិកសភា នៃគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ពិបាកនឹងដកដង្ហើមទទួលយកបាន។
ទោះយ៉ាងណា នៅក្នុងក្រសែភ្នែក របស់ប្រធានាធិបតីអាមេរិក លោក Chuck Hagel មានគុណសម្បត្តិគ្រប់គ្រាន់ និងធ្លាប់បានបំពេញការងារដ៏អស្ចារ្យ នៅក្នុងព្រឹទ្ធសភាអាមេរិក ព្រមទាំងបានបំរើប្រទេសជាតិប្រកបដោយភាពក្លាហាន នៅក្នុងសង្គ្រាមវៀតណាមទៀតផង៕ដោយ ព្រំ សឿន សូលីណា (RFI)