ជិះ​ម៉ូតូ​ឌុប​គ្នា​ទាំង​ស្រវឹង​រេច​ង្កូត​ដួល​រង​របួស​ធ្ងន់​ម្នាក់​​ ​ស្រាល​ម្នាក់​

ភ្នំពេញ៖ កាលពីវេលាម៉ោង១៩និង០០នាទី ថៃ្ងទី១៧ ធ្នូ បុរសពីរនាក់ជិះម៉ូតូឌុបគ្នាទាំង ស្រវឹងក្នុងល្បឿនលឿន ហើយរេចង្កូតដួលខ្លួនឯងបណ្តាលឲ្យបុរសម្នាក់ដួលបោកក្បាល ទៅលើផ្លូវរបួសបែកក្បាល សន្លប់ស្តូកស្តឹង និងម្នាក់ទៀតរបួសស្រាល ស្ថិតនៅលើដងផ្លូវ ច្រកចូលសកលវិទ្យាល័យ ភូមិន្ទកសិកម្មចំការដូង ចំណុចទល់មុខរោងចក្រផលិតសសរ បង្គោលភ្លើងអគ្គីសនីក្រុមទី១៨ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឃុត-សារ៉ាត់ អាយុ៣២ឆ្នាំ មាន មុខរបរជាជាងតភ្លើង ត្រូវរងរបួសបែកក្បាលយ៉ាងធ្ងន់ធ្ងរនិងម្នាក់ទៀតមានឈ្មោះសុខ- សុភា អាយុ៣០ឆ្នាំ រងរបួសស្រាល។ ជនរងគ្រោះទាំងពីរស្នាក់នៅក្នុងភូមិខ្វាខាងកើត សង្កាត់ដង្កោ ខណ្ឌដង្កោ។

ប្រភពព័តមានពីសាក្សីដែលបានឃើញហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏នេះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញបុរសពីនាក់បានជិះម៉ូតូមួយគ្រឿងឌុបគ្នាម៉ាកហុង ដាសេ ១២៥ ពណ៏ក្រហម ពាក់ស្លាកលេខ កណ្តាល ១បេ-៥៨៤៥ បានធ្វើដំណើរពីកើត មកលិចយ៉ាងលឿនលុះបានមកដល់ចំនុចកើតហេតុបានដួល ម៉ូតូអូសជិត១០ម៉ែត្រ បណ្តាលឲ្យបុរសម្នាក់ត្រូវរបួសក្បាលយ៉ាងធ្ងន់ធ្ងរ សន្លប់ស្តូកស្តឹងតែម្តង និងបុរសម្នាក់ ទៀតត្រូវរបួសស្រាល។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យមិត្តភាពខែ្មរសូវៀត ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលចរាចរ នាំយក ទៅថែរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌដង្កោ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close