បើក​រថយន្ត​រេចង្កូត​បុករ​បាំង​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​១១​ផ្ទាំង​

ភ្នំពេញ ៖ កាលពីវេលាម៉ោង៧និង១៥ នាទីព្រឹកថ្ងៃទី១០ ធ្នូ មាន គ្រោះថ្នាក់ចរាចរមួយ បានកើតឡើង បង្កដោយរថយន្ដឆ្លាមមួយគ្រឿង ដែលអ្នកបើក មានអាការៈស្រវឹងបានរេចង្កូតបុក របាំងចែកទ្រូងផ្លូវ បណ្ដាលឱ្យបាក់អស់១១ផ្ទាំង ស្ថិតឡើងនៅលើកំណាត់ផ្លូវសហព័ន្ធរុស្សី មុខ វិហារចិន ត្រកូល
ហ្គូវ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រភពព័ត៌មានពីសមត្ថកិច្ច ចរាចរ ដែលចុះទៅវាស់វែងនៅកន្លែងកើត ហេតុបានឱ្យដឹងថា
រថយន្ដបង្កខាងលើនេះ ម៉ាកកាមរីឆ្លាម ពាក់ស្លាកលេខភ្នំពេញ 2F-1891 បើកបរក្នុងទិសដៅពីកើតទៅលិច ដោយបុរសម្នាក់ ត្រូវបានសមត្ថកិច្ចប្រាប់ថា មានឈ្មោះសាន់ សុខធន់ អាយុ២៧ឆ្នាំ រស់នៅភូមិ៤ សង្កាត់មិត្ដភាព ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតបុករបាំងចែកទ្រូងផ្លូវ បណ្ដាលឱ្យ បាក់អស់១១ផ្ទាំង ហើយខូចខាតរថយន្ដយ៉ាង ធ្ងន់ធ្ងរផងដែរ។

មុនពេលកើតហេតុ រថយន្ដខាងលើនេះ បានបើកក្នុងទិសដៅ យ៉ាងលឿន លើកំណាត់ផ្លូវសហព័ន្ធរុស្សី ហើយអ្នកបើកបរ ដែលមានអាការៈស្រវឹង នោះបានរេចង្កូតទៅបុករបាំងចែកទ្រូងផ្លូវតែម្ដង រួចហើយពេលសមត្ថកិច្ចចរាចរទៅ ត្រួតពិនិត្យនៅកន្លែងកើតហេតុស្ទូចយករថយន្តទៅទុកនៅសាលារាជធានី ភ្នំពេញ ដើម្បីធ្វើការផាកពិន័យទៅតាមផ្លូវច្បាប់៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close