លោកស្រី​អ៊ុងសានស៊ូជី​​ជួប​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ក្នុង​ដំណើរ​ទស្សនកិច្ច​ប្រវត្តិសាស្រ្ត​នៅ​ញូវដេលី

លោកស្រីអ៊ុង សានស៊ូជី បានជួបជាមួយលោកម៉ាន់មូហាន់ ស៊ិង នាយករដ្ឋមន្រ្តី ឥណ្ឌា នៅថ្ងៃពុធនេះនៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅឥណ្ឌារយៈ ពេល ៤ថ្ងៃ ដែលចាប់ផ្តើមកាលពីថ្ងៃអង្គារ ម្សិលមិញ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងទៅតាមការអញ្ជើញរបស់លោកម៉ាន់មូហាន់ ស៊ិង ដែលកំពុងតែព្យាយាម ផ្សះផ្សាទំនាក់ទំនងជាមួយប្រមុខបក្សប្រឆាំងភូមាឡើងវិញក្រោយពីបានគាំទ្ររបប សឹកអស់រយៈពេលរាប់ទសវត្សរ៍កន្លងទៅ។

នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៤ថ្ងៃនេះ លោកស្រីអ៊ុង សានស៊ូជី នឹងត្រូវជួបជាមួយនាយករដ្ឋមន្រ្តី និងសមាជិកសភាឥណ្ឌា ព្រមទាំងធ្វើដំណើរទៅ កាន់មហាវិទ្យាល័យ ដែលលោកស្រីធ្លាប់ធ្វើការសិក្សាផ្នែកវិទ្យាសាស្រ្ត នយោបាយ កាលពីអំឡុងទសវត្សរ៍ ឆ្នាំ៦០។

គួររំឭកឡើងវិញថា លោកស្រីអ៊ុង សានស៊ូជី និងក្រុមគ្រួសារធ្លាប់មានទំនាក់ទំនង យ៉ាង ជិតស្និទ្ធជាមួយឥណ្ឌា។ ឪពុករបស់លោកស្រីអ៊ុង សានស៊ូជី គឺឧត្តម សេនីយ៍ អ៊ុង សាន ដែលជាអ្នកទាមទារបានឯករាជ្យពីអង់គ្លេស គឺជាមិត្តភ័ក្តិ ផ្ទាល់របស់លោកអតីតនាយករដ្ឋមន្រ្តីឥណ្ឌាចាវ៉ាហារឡាល់នេរុហ៍(Jawaharlal Neruh)។ហើយលោកស្រីអ៊ុង សានស៊ូជី ផ្ទាល់ធ្លាប់បានរស់នៅនិងធ្វើការ សិក្សា នៅក្នុងប្រទេសឥណ្ឌា ក្នុងអំឡុងពេលដែលម្តាយរបស់លោកស្រី កាន់តំណែង ជាឯកអគ្គរដ្ឋទូតភូមា ប្រចាំទីក្រុងញូវដេលី។

ឥណ្ឌាក៏ធ្លាប់បានគាំទ្រយ៉ាងពេញទំហឹងដែរ ដល់ចលនាប្រជាធិបតេយ្យ ដឹកនាំ ដោយលោកស្រីអ៊ុង សានស៊ូជី។ ក៏ប៉ុន្តែក្រោយមកនៅក្នុងអំឡុងទសវត្សរ៍ ឆ្នាំ៩០ឥណ្ឌាដែលគេរាប់ថាជាប្រទេសមហាអំណាចប្រជាធិបតេយ្យមួយនោះក៏ ស្រាប់តែបានងាកទៅគាំទ្ររបបសឹកភូមាវិញដោយសារតែសំឡឹងឃើញផលប្រយោ ជន៍ខាងសេដ្ឋកិច្ចផង (ជាពិសេស សំឡឹងឃើញប្រភពធនធានធម្មជាតិរបស់ភូមា) និងដើម្បីប្រជែងដណ្តើមឥទ្ធិពលជាមួយចិនផង។

កាលពីខែឧសភាកន្លងទៅថ្មីៗនេះនៅក្រោយពេលរបបសឹកភូមាត្រូវរំលាយហើយ លោកប្រធានាធិបតីថេនសេនចាប់ផ្តើមធ្វើកំណែទម្រង់នយោបាយ និងសេដ្ឋកិច្ច លោកម៉ាន់មូហាន់ស៊ិង បានធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេស ភូមា ដោយក្នុងពេលនោះ លោកនាយករដ្ឋមន្រ្តីឥណ្ឌាក៏បានជួបជាមួយ នឹង លោកស្រីប្រមុខដឹកនាំប្រឆាំងភូមាផងដែរ។មិនតែប៉ុណ្ណោះលោកម៉ាន់ម៉ូហាន់ ស៊ិង បានអញ្ជើញលោកស្រីអ៊ុង សានស៊ូជី ឲ្យមកបំពេញទស្សនកិច្ច នៅក្នុង ប្រទេសឥណ្ឌា។

អ្នកវិភាគជាច្រើនយល់ថារដ្ឋាភិបាលរបស់លោកម៉ាន់ម៉ូហាន់ស៊ិងកំពុងតែព្យាយាម ផ្សះផ្សាទំនាក់ទំនងឡើងវិញ ជាមួយនឹងលោកស្រីអ៊ុង សានស៊ូជី ដែលបច្ចុប្បន្ន មានឋានៈត្រឹមតែជាសមាជិកសភាក៏ប៉ុន្តែ អាចនឹងមានតួនាទីសំខាន់ក្នុងឆាកនយោ បាយ ភូមា ទៅថ្ងៃអនាគត។

នៅមុនពេលជួបជាមួយនឹងលោកម៉ាន់ម៉ូហាន់ ស៊ិង នៅថ្ងៃពុធនេះ លោក ស្រី អ៊ុង សានស៊ូជី បានដាស់តឿនរំឭកដល់ឥណ្ឌាថាកុំឲ្យមានសុទិដ្ឋិនិយមជ្រុលហួស ហេតុពេក ចំពោះដំណើការកំណែទម្រង់នៅភូមាបច្ចុប្បន្ន។ លោកស្រីបាន បញ្ជាក់ថា គេគួរតែលើកទឹកចិត្ត ចំពោះអ្វីដែលគួរឲ្យលើកទឹកចិត្ត ប៉ុន្តែ ការមាន សុទិដ្ឋិនិយមជ្រុលអាចនឹងជារនាំង ធ្វើឲ្យគេមើលមិនឃើញចំណុចអវិជ្ជមាន ហើយទុក បណ្តោយឲ្យភូមាដើរទៅក្នុងផ្លូវខុសវិញ៕ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close