ក្រុម​អភិបាល​រដ្ឋ​នៅនីហ្សេរីយ៉ា ពិភាក្សា​​អំពី​ការបង្កើត​នាយកដ្ឋាន​ប៉ូលីស​តាម​តំបន់

កងកម្លាំងប៉ូលីសក្នុងតំបន់អាចបង្កើនសន្តិសុខ ប៉ុន្តែក្រុមមន្រ្តីផ្សេងទៀត មានការព្រួយបារម្ភថាចំណាត់ការបែបនេះអាចនាំប្រទេសនេះទៅរកសង្រ្គាមស៊ីវិល ឡើងវិញ។

អភិបាលក្រុងទាំងឡាយរបស់ប្រទេស នីហ្សេរីយ៉ា (Nigeria) កំពុងពិភាក្សាគ្នា អំពីផែនការដ៏ចម្រូងចម្រាស់ ដើម្បីធ្វើវិមជ្ឈការកងកម្លាំងសន្តិសុខរបស់ប្រទេស នេះដោយបង្កើតនាយកដ្ឋានប៉ូលីសនៅតាមរដ្ឋនីមួយៗ។មន្រ្តីមួយចំនួននិយាយ ថា កងកម្លាំងប៉ូលីសក្នុងតំបន់អាចបង្កើនសន្តិសុខប៉ុន្តែក្រុមមន្រ្តីផ្សេងទៀត មានការព្រួយបារម្ភថា ចំណាត់ការបែបនេះអាចនាំប្រទេសនេះទៅរកសង្រ្គាមស៊ីវិល ឡើងវិញ។
ប្រទេសនីហ្សេរីយ៉ា មិនបានបំភ្លេចសង្គ្រាមស៊ីវិលរបស់ខ្លួនឡើយ។រយៈ ពេល ពីរឆ្នាំកន្លះរវាងឆ្នាំ១៩៦៧និងឆ្នាំ១៩៧០ដែលពោរពេញទៅដោយអំពើរឃោរ ឃៅជនស៊ីវិលនិងទាហានជាងមួយលាននាក់បានស្លាប់ដោយសារការវាយប្រយុទ្ធ គ្នានិងគ្រោះទុរ្ភិក្ស។ អំពើហិង្សាផ្នែកជាតិពន្ធុនៅតែបន្តយាយីប្រទេស នេះដដែល។
ថ្ងៃនេះពាក្យថា«ការរួបរួម»អាចត្រូវបានមើលឃើញនៅគ្រប់ទីកន្លែងទាំងអស់នៅ ក្នុងរដ្ឋធានី ដូចជានៅតាមស្លាកសញ្ញាតាមដងផ្លូវ ផ្ទាំងបិតប្រកាស និង នៅលើបបូរមាត់របស់ក្រុមមេដឹកនាំនយោបាយទៀតផង។
អតីតអគ្គអធិការប៉ូលីស លោក មូហាមម៉ាឌូ ហ្គាមបូ (Muhammadu Gambo) និយាយថា ការធ្វើវិមជ្ឈការកងកម្លាំងសន្តិសុខ តាមរយៈការបង្កើតនាយកដ្ឋាន ប៉ូលីសនៅតាមរដ្ឋទាំងឡាយ អាចគំរាមកំហែងដល់ការរួបរួមនេះ ដោយផ្តល់កង ជីវពលទៅឱ្យក្រុមមេដឹកនាំក្នុងតំបន់ទាំងនោះ។
លោកនិយាយថា មុនពេលមានសង្រ្គាមស៊ីវិលនាយកដ្ឋានប៉ូលីសរបស់រដ្ឋបានទប់ ស្កាត់ក្រុមអ្នកនយោបាយ មិនឱ្យធ្វើសកម្មភាពឃោសនានៅតាមតំបន់ទាំង ឡាយ ដែលគូបដិបក្ខរបស់ខ្លួនគ្រប់គ្រង។
«មានចលនាកងទ័ពយ៉ាងធំធេងនិងសកម្មភាពផ្សេងៗទៀត ដើម្បីធានាឱ្យ ប្រាកដថានឹងមិនមានរឿងអ្វីកើតឡើង។ប្រសិនបើអ្នកចង់បំបែកប្រទេសនីហ្សេរីយ៉ា អ្នកអាចលើកទឹកចិត្តតាមរបៀបនេះទៅ។ នីហ្សេរីយ៉ានឹងរលាយបាត់ជាក់ជា ពុំខាន»។
លោក ហ្គាមបូ និយាយថា រដ្ឋភាគច្រើននៅក្នុងចំណោមរដ្ឋ ទាំង៣៦របស់ នីហ្សេរីយ៉ាមិនអាចផ្តល់ហិរញ្ញវត្ថុទៅឱ្យនាយកដ្ឋានប៉ូលីសបានទេប្រសិន បើរដ្ឋទាំងនេះមាននាយកដ្ឋាននេះ។
ប៉ុន្តែ ក្រុមមន្រ្តីឆ្នើមៗផ្សេងទៀត ដែលរួមទាំងអតីតប្រធានាធិបតី លោកឧត្តម សេនីយ អ៊ីប្រាហីម បាបានហ្គីដា (Ibrahim Babangida) និយាយថា ការភ័យខ្លាចពី សង្រ្គាម ស៊ីវិល គឺហួសសម័យទៅហើយ។ ពួកគេនិយាយថា នាយកដ្ឋានប៉ូលីសតាម តំបន់មានសារសំខាន់ណាស់ ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ ដោយបាននិយាយ យោងទៅ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ថាជាប្រទេសដែលមានទាំង កង កម្លាំងសន្តិសុខក្នុងតំបន់ផងនិង ថ្នាក់ជាតិផង។
កងកម្លាំងសន្តិសុខរបស់ហ្សេរីយ៉ា កំពុងប្រយុទ្ធប្រឆាំងនឹងកងជីវពលនៅ ភាគខាងជើង ធ្វើការចាប់ពង្រាត់នៅភាគខាងត្បូង និងអំពើហិង្សាជាតិពិន្ធុ ដែលបាន សម្លាប់ប្រជាពលរដ្ឋរាប់ពាន់នាក់នៅ«តំបន់ខ្សែក្រវ៉ាត់កណ្តាល(MiddleBelt)» របស់នីហ្សេរីយ៉ា ។
លោក ប៉ូលលៃ អូណាហ្ស (Paul-light Onah) និស្សិតដែលទើបបញ្ចប់ការសិក្សា ពីមហាវិទ្យាល័យនាពេលថ្មីៗនេះថ្លែងថាដូចប្រជាពលរដ្ឋនីហ្សេរីយ៉ាជាច្រើន ទៀតដែរ លោកត្រូវការសន្តិសុខខ្លាំងជាងមុន ហើយថាការបង្កើតនាយកដ្ឋាន ប៉ូលីសនិងអគ្គអធិការប៉ូលីសនៅតាមរដ្ឋនីមួយៗអាចជួយសង្រ្គោះជីវិតមនុស្ស។
«ប្រសិនបើនាយកដ្ឋាននេះមិនមានអំពើពុករលួយទេ វានឹងកាត់បន្ថយបទឧក្រិដ្ឋកម្ម នៅក្នុងប្រទេសនីហ្សេរីយ៉ា។ វានឹងបង្កភាពស្រួលនិងឆាប់រហ័សក្នុងការចូល ទៅ កាន់កន្លែងកើតអំពើ ឧក្រិដ្ឋកម្ម។ ខ្ញុំជឿជាក់ថា ប្រសិនបើរដ្ឋនីមួយៗមាន អគ្គអធិការប៉ូលីស យ៉ាងហោចណាស់ វានឹងធ្វើឳ្យការដើរល្បាតមានភាពងាយ ស្រួល ហើយពួកគេយល់អំពីរដ្ឋនោះបានយ៉ាងល្អទៀតផង»។
អភិបាលរដ្ឋទាំងឡាយរបស់ប្រទេសនីហ្សេរីយ៉ានឹងជួបប្រជុំដើម្បីពិភាក្សាបញ្ហា នេះ។ ឥឡូវនេះ អភិបាលរដ្ឋទាំងនេះ កំពុងតែមានភាពបែកខ្ញែកគ្នាជាសាធារណ គឺដូចជាប្រទេសនីហ្សេរីយ៉ាដែរ ដែលមានការបែងចែករវាងភាគខាងជើងនិងភាគ ខាងត្បូង។
ក្រុមអភិបាលរដ្ឋមកពីភាគខាងជើង ដែលគ្របដណ្តប់លើសលប់ទៅដោយក្រុម អ្នកកាន់សាសនាអ៊ីស្លាមប្រឆាំងទៅនឹងការបង្កើតនាយកដ្ឋានប៉ូលីសនៅតាម រដ្ឋខណៈពេលដែលក្រុមអភិបាលរដ្ឋ មកពីភាគខាងត្បូងដែលភាគច្រើនជាអ្នកកាន់ សាសនាគ្រិស្តវិញ គាំទ្រគំនិតនេះ៕ប្រែសម្រួលដោយ ឌី ខាំបូលី (VOA)

Related Articles

Back to top button
Close
Close