ព្រះរាជពិធី​ច្រត់ព្រះនង្គ័លឆ្នាំនេះនឹងប្រារព្ធធ្វើឡើង​នៅខេត្តកំពង់ស្ពឺ

សារព័ត៌មាន Cambodia News/

ភ្នំពេញ៖ តាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា ព្រះរាជពិធី​ច្រត់ព្រះនង្គ័ល នឹងប្រារព្ធធ្វើឡើង​នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ​២០២៤ខាងមុខនេះ នៅទីព្រះស្រែ ក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ។

យោងតាម​ផែនការណែនាំ​ស្តីពី​ការរៀបចំ​ព្រះរាជពិធី​ច្រត់ព្រះនង្គ័ល​ឆ្នាំ​២០២៤ របស់​គណៈកម្មាធិការជាតិរៀបចំ​បុណ្យជាតិ-អន្តរជាតិ បាន​ឱ្យដឹងថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាព្រះ​រាជប្បវេណី​ដ៏មាន​សារៈសំខាន់ ក្នុងបណ្តា​ព្រះរាជពិធី​បុណ្យ​ទ្វាទសមាសប្រចាំឆ្នាំ ដោយចាត់ទុក​ជាវប្បមង្គល​មួយ​ដ៏ប្រសើរ​របស់​ប្រជារាស្រ្តខ្មែរ ដែលព្រះមហាក្សត្រ គ្រប់ព្រះអង្គ​តែងដឹកនាំ​ប្រារព្ធធ្វើពុំដែលខកខាន​តាំងពីបុរាណ​កាលរៀងមក។

យ៉ាងណាមិញ ចំណេរកាលក្រោយមក ព្រះមហាក្សត្រ​ ស្តេចពុំបាន​យាងច្រត់​ព្រះនង្គ័ល​ដោយផ្ទាល់​ព្រះអង្គឡើយ។ ព្រះអង្គ​តែចាត់ព្រះរាជតំណាង​យាងច្រត់ជំនួស តែព្រះអង្គ​ស្តេចយាង​ជាព្រះ​រាជាធិបតី​ដ៏ខ្ពង់ខ្ពស់​បំផុត​ក្នុងព្រះរាជពិធីនេះវិញ។

ព្រះរាជពិធីនេះ ប្រព្រឹត្តិឡើង​ដើម្បីជាមង្គល ឧទ្ទិស​ដល់ការចាប់ផ្តើម​រដូវ​ធ្វើស្រែចម្ការ​ របស់​ប្រជាកសិករ និងបួងសួងដល់​វត្ថុស័ក្តិសិទ្ធិ ឱ្យបង្អុរទឹកភ្លៀង​បរិបូណ៌តាមរដូវកាល បម្រើ​ឱ្យវិស័យ​កសិកម្ម​គ្រប់ប្រភេទ ទទួលបាន​ភោគផលខ្ពស់។ តាមទម្លាប់ពិធីនេះធ្វើឡើងក្នុងការផ្សង មើលប្រថ្នូលរបស់ស្រុកទេស ទៅតាមការទទួលទាន​របស់ “ គោឧសភរាជ ”៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close