«ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់»៖ ២១ឆ្នាំ ពីដំណើរអភិវឌ្ឍបៃតងរបស់ចិន ឆ្ពោះទៅកាន់គំរូភាពសកល

Cambodia News

ក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍសេដ្ឋកិច្ច ពិភពលោកធ្លាប់ប្រឈមនឹងសំណួរដ៏ស្មុគស្មាញមួយថា៖ តើយើងត្រូវជ្រើសរើសរវាងកំណើនសេដ្ឋកិច្ច និង ការការពារបរិស្ថាន ឬអាចសម្រេចបានទាំងពីរនៅពេលតែមួយ?

អស់រយៈពេលជាច្រើនទសវត្សរ៍ ប្រទេសជាច្រើនបានដើរតាមគំរូអភិវឌ្ឍន៍ដែលផ្តោតលើការប្រើប្រាស់ធនធានធម្មជាតិ ដើម្បីបង្កើនផលិតកម្ម និងកំណើនសេដ្ឋកិច្ច។ ប៉ុន្តែការ​អភិវឌ្ឍបែបនេះ​ក៏បានបង្កើត​បញ្ហាបំពុលបរិស្ថាន ការបាត់បង់ធនធានធម្មជាតិ ការប្រែប្រួល​អាកាសធាតុ និងការថយចុះនៃគុណភាពជីវិត។ ក្នុងបរិបទនេះ ទស្សនវិជ្ជា «ទឹកថ្លា ភ្នំបៃតង ​ជាភ្នំមាស ភ្នំប្រាក់» ដែលបានផ្តួចផ្តើមដោយលោក Xi Jinping បានក្លាយជាគតិបណ្ឌិតដ៏​​មានគុណតម្លៃមហាសាលមួយ​ដែលព្យាយាមដោះស្រាយភាពផ្ទុយគ្នារវាងការអភិវឌ្ឍសេដ្ឋ​កិច្ច និងការការពារ​បរិស្ថាន។ ទស្សនវិជ្ជានេះត្រូវបានលើកឡើងជាលើកដំបូងនៅថ្ងៃទី ១៥ ​ខែសីហា ឆ្នាំ២០០៥ ក្នុងអំឡុងពេលលោក Xi Jinping ដែលពេលនោះជាលេខាបក្សខេត្ត Zhejiang ចុះពិនិត្យការងារនៅភូមិ Yucun ស្រុក Anji ខេត្ត Zhejiang​ ។ ចាប់តាំងពីពេល​នោះមក រយៈពេល២១ឆ្នាំដែលទស្សនវិជ្ជានេះបានដំណើរការនៅមូលដ្ឋាន ទៅជាគតិ បណ្ឌិតដ៏សំខាន់មួយនៃការកសាងអរិយធម៌អេកូឡូស៊ីរបស់ប្រទេសចិនទាំងមូល។​

ចំណុចសំខាន់បំផុតនៃទស្សនវិជ្ជា «ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» គឺមិនមែនគ្រាន់តែអំពាវនាវឱ្យមនុស្ស​​ការពារធម្មជាតិនោះទេ​ ​វាថែមទាំងបានផ្លាស់ប្តូររបៀបគិត​ ពីការមើលធម្មជាតិជាឧបសគ្គចំពោះការអភិវឌ្ឍ ទៅជាការមើលធម្មជាតិថាជាទ្រព្យសម្បត្តិសេដ្ឋកិច្ចដ៏​

មហាសាល ពោលគឺព្រៃឈើមិនមែនគ្រាន់តែជាឈើសម្រាប់កាប់យក​លក់ទេ ​នៅពេលដែលទន្លេមិនមែនគ្រាន់តែជាប្រភពទឹកសម្រាប់ប្រើប្រាស់ទេ ហើយភ្នំមិនមែនគ្រាន់តែជាធនធាន​រ៉ែទេ។ ធម្មជាតិ​អាចបង្កើត​តម្លៃតាមរយៈទេសចរណ៍អេកូឡូស៊ី កសិកម្មបៃតង ផលិតផលធម្មជាតិ ​សេវាប្រព័ន្ធ អេកូឡូស៊ី ការអភិរក្សជីវចម្រុះ និងឧស្សាហកម្មបច្ចេកវិទ្យាបៃតង។​ ករណីភូមិ Yucun គឺជាទឡ្ហីករណ៍បែបគរុសភា​មួយដែលត្រូវបានពិភពលោកលើក​ឡើងជាឧទាហរណ៍យ៉ាងញឹកញាប់។ នេះជាការបង្ហាញថា ការអភិរក្សបរិស្ថាន មិនចាំបាច់មានន័យថាបញ្ឈប់ការអភិវឌ្ឍសេដ្ឋកិច្ចទេ។ ផ្ទុយទៅវិញ វាអាចជាការផ្លាស់ប្តូររបៀបបង្កើតទ្រព្យសម្បត្តិ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតក្នុងដំណើររបស់ប្រទេសចិន គឺការបម្លែទស្សនវិជ្ជាដែលពីមុន​ត្រឹមតែជាការអនុវត្តនៅកម្រិតមូលដ្ឋានទៅជាគោលនយោបាយជាតិ ដោយបានភ្ជាប់ជាមួយការកសាង​អរិយធម៌អេកូឡូស៊ី ដែលក្លាយ​ជាផ្នែកសំខាន់នៃទិសដៅអភិវឌ្ឍន៍របស់ចិន​។ ក្នុងផែនការ​សកម្មភាពសម្រាប់ការឈានដល់កំពូលកាបូនក្នុងអំឡុង​ផែនការ៥ឆ្នាំទី១៥ (ឆ្នាំ២០២៦-២០៣០) ដែលរដ្ឋាភិបាលចិនបានចេញផ្សាយកាលពីខែកក្កដា ឆ្នាំ២០២៦ ប្រទេសចិនកំណត់គោលដៅឱ្យការបញ្ចេញកាបូនិក​ថយចុះ១៧%ពីកម្រិតឆ្នាំ២០២៥ និងឱ្យចំណែកថាមពលមិនមែនហ្វូស៊ីលឡើងដល់ ២៥% នៃការប្រើប្រាស់ថាមពល នៅឆ្នាំ២០៣០។   ​នេះបង្ហាញថា ទស្សនវិជ្ជា «ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់»  កំពុងត្រូវបាន​​​បម្លែងទៅជាគោលដៅដែលវិទ្យាសាស្រ្តអាចវាស់វែងបានយ៉ាងសុក្រឹត។

ចំណុចមួយទៀតដែលគួរឱ្យចាប់អារម្មណ៍ គឺការពង្រីក​ទស្សនវិជ្ជា «ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» ​នេះពីបញ្ហាបរិស្ថានក្នុងប្រទេសចិន ទៅកាន់កិច្ចសហប្រតិបត្តិការអន្តរជាតិ។​ ប្រទេសចិនបានដាក់​ការឈានដល់​កំពូលនៃការបញ្ចេញកាបូន និងអព្យាក្រឹតភាពកាបូន

ជាផ្នែកមួយនៃទិសដៅអភិវឌ្ឍន៍របស់ខ្លួន ហើយនៅឆ្នាំ២០២៥ បានចេញសៀវភៅសស្តីពីផែនការនិងដំណោះស្រាយរបស់ចិនសម្រាប់ការឈានដល់កំពូលកាបូន និងអព្យាក្រឹត ភាពកាបូន ដោយផ្តោតលើការផ្លាស់ប្តូរថាមពល ឧស្សាហកម្ម និងវិស័យសំខាន់ៗទៅរកការអភិវឌ្ឍកាបូនទាប។ នៅឆ្នាំ២០២៥ ក៏មាន​វេទិកាអន្តរជាតិដែលយក​ទស្សនវិជ្ជា «ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» មកពិភាក្សាជាមួយរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាព​របស់អង្គការសហប្រជាជាតិ ។ អ្នកជំនាញអន្តរជាតិបានលើក​ឡើងថា បទពិសោធន៍របស់ប្រទេសចិនបង្ហាញពីកំណើនសេដ្ឋកិច្ច និងការកែលម្អបរិស្ថានអាចកើតមានស្របគ្នា ដំណាលគ្នា និងជួយគ្នាទៅវិញទៅមក។

ទស្សនវិជ្ជា «ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» បាននិងកំពុងក្លាយជាបទពិសោធន៍សម្រាប់ប្រទេសទាំងអស់ ដោយបញ្ជាក់ដោយច្បាស់លាស់ថា ការអភិវឌ្ឍពិតប្រាកដ មិនមែនជាការប្រើប្រាស់ធនធានធម្មជាតិឱ្យអស់លឿន​បំផុតទេ ប៉ុន្តែជាការធ្វើឱ្យធនធានធម្មជាតិអាចបង្កើតតម្លៃសម្រាប់ប្រជាជនបានយូរបំផុតនិងប្រកបដោយចីរភាព។

ហើយទស្សនវិជ្ជាដ៏មានតម្លៃរបស់លោក Xi Jinping បាននិងកំពុងបន្តបម្លែងទៅជាការអនុវត្តនៅប្រទេសជាច្រើន ដែលឈានឆ្ងាយពីបទពិសោធន៍របស់ចិនក្នុងរយៈពេល២១ឆ្នាំកន្លងទៅជាផ្នែកដ៏សំខាន់មួយនៃការស្វែងរកមាគ៌ាអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់មនុស្សជាតិ​ទាំងមូល។

ជារួម នៅពេលពិភពលោកកំពុងប្រឈមនឹងការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវចម្រុះ កង្វះធនធាន និងបញ្ហាអភិវឌ្ឍន៍មិនស្មើគ្នា នោះចម្លើយដែលឆ្លើយនឹងសំណួរដ៏សំខាន់សម្រាប់មនុស្សជាតិ គឺបទពិសោធន៍របស់ប្រទេសចិនក្នុងរយៈពេល២១ឆ្នាំកន្លងមកនេះ បានរំលេចយ៉ាងប្រត្យក្សថា ការការពារបរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ចអាចត្រូវបានរៀបចំ

ឱ្យដើរទន្ទឹមគ្នា ប្រសិនបើមានចក្ខុវិស័យរយៈពេលវែង គោលនយោបាយសមស្រប ការវិនិយោគ​ បច្ចេកវិទ្យា​ និងការចូលរួមរបស់សង្គម។ ទស្សនវិជ្ជា «ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់»​ មិនគួរត្រូវបានយល់ត្រឹម​តែជាពាក្យស្លោកអំពីបរិស្ថានទេ​ តែវាគឺជាការអំពាវនាវដល់មនុស្សជាតិ ផ្លាស់ប្តូររបៀបគិតអំពីការអភិវឌ្ឍ ដោយ ១)ពីការយកធម្មជាតិមកប្រើប្រាស់ទៅជាការរស់នៅជាមួយធម្មជាតិ ២)ពីការបំផ្លាញធនធាន ដើម្បីទទួលបានកំណើនរយៈពេលខ្លីទៅជាការរក្សាទ្រព្យសម្បត្តិធម្មជាតិដើម្បីបង្កើតផលប្រយោជន៍ប្រកបដោយ​ចីរភាព​ ៣)ពីការមើលបរិស្ថានជាចំណាយទៅការមើលបរិស្ថានជាទ្រព្យសម្បត្តិ និង ៤)ពីការអភិវឌ្ឍដែលផ្តោតលើមនុស្សជំនាន់បច្ចុប្បន្ន ​ទៅការអភិវឌ្ឍដែលគិតគូរដល់មនុស្សជំនាន់ក្រោយ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ

ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close