១ឆ្នាំនៃគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល៖ ចិនបន្តសាងសង់ស្ពានមេត្រីភាព ដើម្បីអនាគតរួមរបស់មនុស្សជាតិ

Cambodia News

ខួប១ឆ្នាំនៃគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល គឺជាឱកាសដ៏មានសារៈសំខាន់មួយសម្រាប់សហគមន៍អន្តរជាតិ ព្រោះគំនិតផ្តួចផ្តើមនេះត្រូវបានស្នើឡើងជាផ្លូវការដោយលោក Xi Jinping ប្រធានរដ្ឋចិន នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំ «អង្គការសហប្រតិបត្តិការសៀងហៃ+» នៅទីក្រុងធានជីន។ លោក Xi Jinping បានអំពាវនាវឱ្យបណ្តាប្រទេសនានារួមគ្នាជំរុញការកសាងប្រព័ន្ធអភិបាលកិច្ចសកលមួយ ដែលកាន់តែមានយុត្តិធម៌ និងសមធម៌ ហើយឆ្ពោះទៅរកការកសាងសហគមន៍ដែលមានអនាគតរួមសម្រាប់មនុស្សជាតិ។

ការលើកឡើងនូវគំនិតផ្តួចផ្តើមនេះ កើតឡើងនៅក្នុងឆ្នាំដែលពិភពលោករំលឹកខួប៨០ឆ្នាំនៃការបញ្ចប់សង្គ្រាមលោកលើកទី២ និងការបង្កើតអង្គការសហប្រជាជាតិ។ ដូច្នេះ វាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយស្មារតីនៃការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងការពង្រឹងប្រព័ន្ធពហុភាគីនិយម។

ចំណុចសំខាន់នៃគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលនេះ ត្រូវបានលោក Xi Jinping ដាក់ចេញតាមរយៈគោលការណ៍ស្នូលចំនួន៥ គឺ៖ ១-ការប្រកាន់ខ្ជាប់សមភាពអធិបតេយ្យ ២-ការគោរពនីតិអន្តរជាតិ ៣-ការអនុវត្តពហុភាគីនិយម ៤-ការប្រកាន់យកប្រជាជនជាស្នូលអាទិភាពខ្ពស់បំផុត និង ៥-ការផ្តោតលើសកម្មភាពជាក់ស្តែង។

បន្ថែមពីលើនេះ គោលការណ៍សមភាពអធិបតេយ្យ លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសទាំងអស់ មិនថាប្រទេសធំ ឬតូច ខ្លាំង ឬខ្សោយ សម្បូរបែប ឬកំពុងអភិវឌ្ឍន៍ គួរតែមានសិទ្ធិស្មើគ្នាក្នុងការចូលរួម ការសម្រេចចិត្ត និងទទួលផលប្រយោជន៍ពីអភិបាលកិច្ចសកល។ នេះក៏ជាកត្តាដែលផ្តល់សារៈសំខាន់ជាពិសេសដល់ការបង្កើនតំណាង និងសម្លេងរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសសកលខាងត្បូង។ ចំណុចមួយទៀតដែលមានសារៈសំខាន់ គឺការគោរពនីតិអន្តរជាតិ។ គំនិតផ្តួចផ្តើមនេះបានលើកឡើងពីការគោរពយ៉ាងពេញលេញនូវគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងបទដ្ឋានមូលដ្ឋានដែលត្រូវបានទទួលស្គាល់ជាសកលក្នុងទំនាក់ទំនងអន្តរជាតិ។ ក្នុងន័យនេះ ការគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងការអនុវត្តច្បាប់អន្តរជាតិដោយស្មើភាព គឺជាមូលដ្ឋានសម្រាប់ការកសាងទំនុកចិត្ត និងសន្តិភាពអន្តរជាតិ។

សម្រាប់បណ្តាប្រទេសសកលខាងត្បូង គំនិតផ្តួចផ្តើមនេះក៏បង្ហាញពីសារៈសំខាន់នៃការផ្តល់ឱកាសឱ្យប្រទេសកំពុងអភិវឌ្ឍន៍ចូលរួមកាន់តែសកម្មក្នុងអភិបាលកិច្ចសកល។ ការដែលប្រទេសនានាអាច “ប្រកៀកស្មា” ចូលរួមក្នុងការពិភាក្សា ការសម្រេចចិត្ត និងការដោះស្រាយបញ្ហារួម គឺអាចជួយឱ្យប្រព័ន្ធអន្តរជាតិឆ្លើយតបបានកាន់តែប្រសើរចំពោះបញ្ហាអភិវឌ្ឍន៍ សន្តិសុខ និងបញ្ហាប្រឈមឆ្លងដែន។

ក្នុងនាមជាអ្នកស្រាវជ្រាវ ខ្ញុំយល់ថា អភិបាលកិច្ចសកលមិនគួរត្រូវបានយល់ថាជាការបង្កើតរបាំងថ្មីរវាងប្រទេសនានានោះទេ ប៉ុន្តែគួរតែជាការសាងសង់ «ស្ពានមេត្រីភាព» តាមរយៈកិច្ចសន្ទនា ការពិគ្រោះយោបល់ ការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

ជាមួយគ្នានេះ គោលការណ៍ «ឈ្នះ-ឈ្នះ» អាចដើរតួនាទីជាចលករសម្រាប់ការអភិវឌ្ឍ ដោយប្រទេសនានាអាចចែករំលែកបទពិសោធន៍ បច្ចេកវិទ្យា ធនធាន និងឱកាសទីផ្សារ ដើម្បីបង្កើនសមត្ថភាពអភិវឌ្ឍន៍របស់ខ្លួន។ វាក៏អាចជួយកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេសនានា ដែលជាបញ្ហាមួយដែលលោក Xi Jinping បានលើកឡើងនៅក្នុងគោលការណ៍អភិបាលកិច្ចសកល។

ក្នុងន័យនេះ ខួប១ឆ្នាំនៃគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល អាចជាចំណុចមួយសម្រាប់បន្ត «ចាប់ដៃគ្នា សាងសង់ស្ពានមេត្រីភាព» រវាងប្រទេសនានា ជាពិសេសការផ្តល់ឱកាសឱ្យបណ្តាប្រទេសសកលខាងត្បូងចូលរួមប្រកៀកស្មាគ្នា ក្នុងការកសាងសន្តិភាព ការអភិវឌ្ឍ និងអនាគតរួមរបស់មនុស្សជាតិ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close