បណ្ណាល័យមេគង្គ-ឡានឆាងទី៥ ចាប់ផ្តើមអនុវត្តនៅសាលាបឋមសិក្សាមិត្តភាពកម្ពុជា-ចិន ឃ្មួញ
Cambodia News
ក្រោមការគាំទ្រពីស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងការរួមចំណែកដោយផ្ទាល់ពីមជ្ឈមណ្ឌលប្រទេសចិនសម្រាប់ការបោះពុម្ពផ្សាយអន្តរជាតិ (China International Publishing Center—CIPC) នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានចាប់ផ្តើមអនុវត្តគម្រោង «បណ្ណាល័យមេគង្គ-ឡានឆាង» ទី៥ នៅសាលាបឋមសិក្សាមិត្តភាពកម្ពុជា-ចិន ឃ្មួញ។
គម្រោងនេះមានគោលបំណងចូលរួមលើកកម្ពស់វប្បធម៌អាន និងការសិក្សាស្រាវជ្រាវរបស់សិស្ស តាមរយៈការផ្តល់សៀវភៅ និងធនធានចំណេះដឹងដែលមានប្រយោជន៍ ស្របតាមតម្រូវការរបស់សាលា និងសិស្សានុសិស្ស។ ជាពិសេស វាជាចំណែកមួយក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់សិស្សានុសិស្សស្គាល់កាន់តែច្បាស់អំពីប្រទេសចិន ភាសា វប្បធម៌ ប្រវត្តិសាស្ត្រ និងទំនាក់ទំនងមិត្តភាពរវាងប្រជាជនកម្ពុជា និងចិន។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានមានប្រសាសន៍ថា ការចូលរួមរបស់ CIPC ក្នុងគម្រោងបណ្ណាល័យមេគង្គ-ឡានឆាង គឺជាការរួមចំណែកជាក់ស្តែងរបស់មិត្តចិនក្នុងការបង្កើនវប្បធម៌អំណាននៅកម្ពុជា។ លោកបានលើកឡើងថា សៀវភៅមិនមែនគ្រាន់តែជាប្រភពចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានភ្ជាប់មនុស្សទៅកាន់មនុស្ស វប្បធម៌ទៅកាន់វប្បធម៌ និងបង្កើនការយល់ដឹងទៅវិញទៅមករវាងប្រជាជាតិទាំងពីរ។
លោកបណ្ឌិត ជា មុនីឫទ្ធិ បានបន្តថា ការគាំទ្ររបស់ CIPC តាមរយៈការផ្តល់សៀវភៅ និងការចូលរួមក្នុងការបង្កើតបណ្ណាល័យនេះ បាននាំចំណេះដឹងឱ្យកាន់តែខិតជិតដល់សិស្ស ជាពិសេសកុមារនៅតាមសាលារៀន។ តាមរយៈការអាន សិស្សអាចពង្រីកចំណេះដឹង កែលម្អសមត្ថភាពគិត និងបង្កើតទម្លាប់សិក្សាដោយខ្លួនឯង ដែលជាមូលដ្ឋានសំខាន់សម្រាប់ការកសាងធនធានមនុស្សនាពេលអនាគត។
លោកបានគូសបញ្ជាក់ថា «ការបង្កើតបណ្ណាល័យ គឺជាការដាំគ្រាប់ពូជនៃចំណេះដឹង។ សៀវភៅមួយក្បាលអាចបើកទ្វារទៅកាន់ពិភពលោកមួយ ហើយបណ្ណាល័យមួយអាចបង្កើតជំនាន់មនុស្សមួយដែលស្រឡាញ់ការអាន និងការសិក្សា»។ លោកចាត់ទុកការចូលរួមរបស់ CIPC ថា ជាការបន្តពង្រឹងស្ពានវប្បធម៌ និងចំណេះដឹងរវាងកម្ពុជា និងចិន តាមរយៈការអាន និងការផ្លាស់ប្តូរផ្នែកបោះពុម្ពផ្សាយ។
លោក ប៉ែន សាត នាយកសាលាបឋមសិក្សាមិត្តភាពកម្ពុជា-ចិន ឃ្មួញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងភាគីចិន ដែលបានផ្តល់ការគាំទ្រ និងយកចិត្តទុកដាក់ដល់ការអប់រំរបស់សិស្សានុសិស្សនៅកម្ពុជា។ លោកបានវាយតម្លៃខ្ពស់ចំពោះមិត្តចិន ដែលតែងតែចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំ និងការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា និងចិន។
លោកបានបញ្ជាក់ថា បណ្ណាល័យមេគង្គ-ឡានឆាងនេះ នឹងក្លាយជាកន្លែងមួយសម្រាប់សិស្សានុសិស្សស្វែងរកចំណេះដឹង បង្កើនទម្លាប់អាន និងពង្រីកទស្សនវិស័យរបស់ខ្លួន។ លោកក៏បានប្តេជ្ញាថា សាលានឹងយកចិត្តទុកដាក់ថែរក្សា និងប្រើប្រាស់ធនធានសៀវភៅឱ្យមានប្រសិទ្ធភាព ដើម្បីផ្តល់ប្រយោជន៍ដល់សិស្សានុសិស្សជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយ។
ការចាប់ផ្តើមអនុវត្ត «បណ្ណាល័យមេគង្គ-ឡានឆាង» ទី៥ នៅសាលាបឋមសិក្សាមិត្តភាពកម្ពុជា-ចិន ឃ្មួញ ក៏បានបង្ហាញពីការរួមចំណែកជាក់ស្តែងក្នុងការជំរុញវប្បធម៌អាននៅកម្ពុជា ព្រមទាំងបន្តពង្រឹងការផ្លាស់ប្តូរផ្នែកអប់រំ វប្បធម៌ និងចំណេះដឹងរវាងកម្ពុជា និងចិន តាមរយៈសៀវភៅ និងការអាន។
សម្រាប់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ការអនុវត្តគម្រោងនេះ គឺជាការបន្តចូលរួមចំណែកក្នុងការកសាងសង្គមដែលមានវប្បធម៌អាន និងស្រឡាញ់ការសិក្សា ដោយភ្ជាប់ «សៀវភៅ» ជាស្ពាននៃចំណេះដឹង មិត្តភាព និងការយល់ដឹងរវាងប្រជាជនកម្ពុជា-ចិន៕

