វណ្ណកម្មដំបូងរបស់លោក ព្រុំ សុខា សៀវភៅ “រដ្ឋមន្ត្រីកូវីដ” ជាកំណត់ត្រាជីវិតក្រោយឆ្លងកាត់សង្រ្គាម និងទីវាលពិឃាត
Cambodia News
ភ្នំពេញ ៖ នៅក្នុងសន្និសីទស្តីពីការបង្ហាញសៀវភៅដែលមានចំណងជើងថា ” រដ្ឋមន្ត្រីកូវីដ” នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបារាំង-កម្ពុជា ( IFC ) លោកទេសរដ្ឋមន្ត្រី ព្រុំ សុខា បានបញ្ជាក់ថា វណ្ណកម្មដំបូងរបស់លោកនេះជាសំណេរកំណត់ត្រាជីវិត និងការងាររបស់លោកក្រោយពីបានឆ្លងកាត់ពេលវេលានៃសង្រ្គាម និងទីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ប៉ុល ពត។
រយៈពេលជាង ៤០ ឆ្នាំ ចាប់តាំងពីថ្ងៃ ៧ មករា ១៩៧៩ មកដល់បច្ចុប្បន្ន លោកទេសរដ្ឋមន្ត្រី ព្រុំ សុខា បានផ្សារភ្ជាប់ជីវិតលោកជាមួយការងារជាមន្ត្រីសាធារណៈដែលបានចាប់ផ្តើមជាបន្តបន្ទាប់ពីមន្ត្រីថ្នាក់ទាប មធ្យម មកដល់មន្ត្រីជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាលកម្ពុជា ពិសេស ជារដ្ឋមន្ត្រីរយៈពេល ៣ ឆ្នាំក្នុងពេលមានការរាតត្បាតជំងឺឆ្លងកូវីដ១៩(២០២០-២០២៣)។
លោកទេសរដ្ឋមន្ត្រីបានលើកទ្បើងថា ក្នុងការតាក់តែងនិពន្ធ លោកខំស្រាវជ្រាវ ចងក្រងច្នៃកំណត់ត្រាជីវិតពិតទៅជានិទានកថា បែបអក្សរសិល្ប៍ ដែលមានលក្ខណៈចម្រុះឆ្លុះបញ្ចាំងតាមរយៈរដ្ឋបាលសាធារណៈនូវបញ្ហា សង្គម នយោបាយ សេដ្ឋកិច្ចផ្សារភ្ជាប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិ ជាអាទិ៍ សង្គ្រាម របបប្រល័យពូជសាសន៍និងយុទ្ធភូមិសាស្ត្រ (Geostrategy) ក៏ដូចជាភូមិសាស្ត្រនយោបាយ។ល។ រីឯលំនាំនៃការនិពន្ធទៀតសោត ត្រូវបានរៀបចំតាមរបៀបនៃការតាក់តែង បែបបុរាណផង បែបសម័យផង ដោយគួបផ្សំតាមបែបបរទេសផង ប៉ុន្តែខំរក្សាអត្ថរូប អត្ថរស និងអត្ថន័យ ខ្លឹមសារជាអក្សរសិល្ប៍ខ្មែរ។
លោក ព្រុំ សុខា ក៏បានបញ្ជាក់ផងដែរថា មានឃ្លាឃ្លោង ពាក្យទំនៀមបុរាណ និង ពាក្យពេចន៍ខ្មែរជាច្រើនដែលលោកខំស្រាវជ្រាវគាស់កកាយយកមកប្រើប្រាស់ឡើងវិញ ដោយផ្ទៀងផ្ទាត់ប្រាកដប្រជាតាមវចនានុក្រមខ្មែរជាផ្លូវការនិងបានពិគ្រោះយោបល់ជាមួយ អ្នកជំនាញដើម្បីអភិរក្សកេរដំណែល វប្បធម៌សម្បូរបែបរបស់បុព្វបុរស ដូនតាខ្មែរសម័យ ដើម និងមនុស្សជំនាន់មុន។ ក្នុងន័យនេះ អ្នកនិពន្ធខំប្រឹងអស់លទ្ធភាពដើម្បីរក្សាតម្លៃរួម ដែលជាវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិដោយផ្អែកជាមូលដ្ឋានទាំងស្រុងលើ ទស្សនវិជ្ជាព្រះពុទ្ធសាសនា។
លោកក៏បានអះអាងដោយមោទនៈ សច្ចភាពចេញពីបេះដូងថា វណ្ណកម្មនេះជារបស់លោកផ្ទាល់ ដែលអាចនិយាយបានថាពាក្យពេចន៍មួយម៉ាត់ៗនៅក្នុងសៀវភៅ ទាំងអត្ថបទសំណេរ ចំណងជើងរង ទាំងកំណាព្យ គឺសុទ្ធតែចេញពីខួរក្បាល ពីបេះដូង និងពីដៃទាំងទ្វេរបស់លោក។ ចំណែកវត្ថុបំណងសំខាន់បំផុតនៃការតែងនិពន្ធសៀវភៅនេះគឺលោកចង់ចែករំលែកបង្ហាញពី ទស្សនៈផ្នត់គំនិតជាទ្រឹស្តីសម្រាប់ការអនុវត្តជាក់ស្តែងនិងឧត្តមានុវត្តន៍ (Best Practices) ដែលបានសន្សំក្នុងរយៈពេលជាង៤៥ឆ្នាំកន្លងទៅ។

លោកទេសរដ្ឋមន្ត្រី ព្រុំ សុខា បានថ្លែងថា អំណាចដ៏អស្ចារ្យនៃព័ត៌មាន(The Incredible Power of Information) នាពេល បច្ចុប្បន្ន ដែលជាផ្លែផ្កាកើតចេញពីបដិវត្តន៍ឧស្សាហកម្មទាំង៤ជំនាន់ក្នុងរយៈពេលជិត៣សតវត្សចុងក្រោយនេះ បានផ្លាស់ប្តូរពិភពលោកទៅកាន់ភាពស៊ីវិល័យរុងរឿងយ៉ាងឆាប់ រហ័សបំផុត។ ប៉ុន្តែជាក្រឹត្យក្រមធម្មជាតិ ពេលណាមានការវិវត្ត ប្រែប្រួល ផ្លាស់ប្តូរ ជាបរិវត្តកម្ម ពេលនោះពិតជានឹងមានការប្រឈមជាមួយបញ្ហាថ្មីជាក់ជាមិនខាន (More Transformation More New Challenges)។
លោកបន្តថា បាតុភូតអសកម្មនានាដែលបានកើតឡើង និងកំពុងក្លាយជាឧបសគ្គដល់អត្ថិភាព (Existence) ដល់ការស្ថិតស្ថេរចីរកាល(Sustainability) និងដល់ការអភិវឌ្ឍ (Development) ទាមទារនូវការតស៊ូពុះពារដោះស្រាយដើម្បីគាំពារ គុណភាពជីវិតមនុស្សជាតិរស់នៅគ្រប់អឌ្ឍគោលលើភពផែនដីយើងនេះ។ ដើមអាទិ៍គឺព័ត៌មានក្លែងក្លាយ (Fake News) ដែលជាបិសាចឥតស្រមោលកំពុងយាយី ធ្វើទុក្ខបុកម្នេញ បំផ្លាញពិភពលោកដែលគ្មានសណ្តាប់ធ្នាប់ស្រាប់ (The World Disorder) ដូចពេលសព្វថ្ងៃ។

ជាមួយនោះ លោកព្រុំ សុខា ក៏បានបញ្ជាក់បន្ថែមថា ការចុះមូលដ្ឋានផ្ទាល់ឬការច្បាមជាប់សមរភូមិការងារជាក់ស្តែង (Fieldwork) ដើម្បីស្វែងយល់ ស្រាវជ្រាវរាវរក និងផ្ទៀងផ្ទាត់ឱ្យបានព័ត៌មានពិតប្រាកដ គឺជាវិធីសាស្ត្រនិងជា មធ្យោបាយយ៉ាងសាមញ្ញមួយដែលលោកចាត់ទុកជាគំរូឧត្តមានុវត្តន៍ដ៏ថ្លៃថ្លានៃភាពជាអ្នកដឹកនាំ (Leadership) នៅក្នុងយុគសម័យវិទ្យាសាស្ត្រ បច្ចេកវិទ្យាជឿនលឿននៃបរិវត្តកម្មឌីជីថល ដែលបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) បានក្លាយជាអព្ភូតហេតុដ៏អស្ចារ្យស្ទើរ តែហោះហើរដើរលើអាកាសខ្ពស់ទៅឆ្ងាយហួសផុតពីបញ្ញាមនុស្ស។
យ៉ាងណាក៏ដោយ លោកទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បំណងប្រាថ្នាតែមួយគត់របស់អ្នកនិពន្ធ គឺការចែករំលែកនូវមេរៀនពិសោធ ផ្ទាល់នៃជីវិតការងាររបស់មន្ត្រីសាធារណៈដែលជាឧត្តមានុវត្តន៍ (Best Practices) កើតចេញពីការអនុវត្តសាកល្បងជាក់ស្តែងនូវទស្សនៈ (Concept) ទ្រឹស្តី(Academics) និងសិក្ខាបទ (Precepts) សំខាន់ៗក្នុងការងាររយៈពេលជាង៤៥ឆ្នាំកន្លងមក។ មេរៀនពិសោធជាអភិក្រមជាប់លាប់ គឺការរៀនសូត្រដ៏ទៀងទាត់ ជារៀងដរាប មិនចេះចប់។ នោះគឺជាការរៀនសូត្រពីការងារ រៀនសូត្រពីសភាពការណ៍ ស្ថានការណ៍ជាក់ស្តែងរបស់មនុស្សដែលសម្រេចជាចុងក្រោយគឺ រៀនសូត្រពីការដឹកនាំជីវិត។ លោកបន្ថែមថា ភាពជាអ្នកដឹកនាំ ឬ ការដឹកនាំ(Leadership) និយាយឱ្យងាយស្រួលយល់តាម និយមន័យផ្ទាល់របស់ខ្ញុំគឺជា “សិល្បៈនៃការគិតនិងការសម្រេចចិត្តដើម្បីដោះស្រាយបញ្ហា” (The Art of Thinking and Decision Making to Solve Problems)។

ចុងក្រោយលោកទេសរដ្ឋមន្ត្រីបានសរុបសេចក្តីថា ការដឹកនាំមានទំនោរជាសិល្បៈច្រើនជាងវិទ្យាសាស្ត្រ (Leadership is more art than science) ។ នេះជាសិល្ប៍វិធីនៃការចេះប្រើប្រាស់យ៉ាងឈ្លាសវៃនិងប៉ិនប្រសប់នូវ របៀននៃការច្របាច់បញ្ចូលគ្នាឱ្យមានការផ្សារភ្ជាប់គ្នាដោយពិតប្រាកដរវាងអំណាចនិង ឥទ្ធិពល សំដៅសម្រេចឱ្យបានទៅតាមទិសស្លោកទាំង ៣ រួមមាន៖ មួយគឺ ចងចាំនិងរៀនសូត្រមេរៀនពិសោធពីអតីតកាលដើម្បីកសាងអនាគត ភ្លឺស្វាង។
ពីរគឺ ប្រើប្រាស់ប្រកបដោយវិចារណញ្ញាណពេញលេញនូវបច្ចេកទេសព័ត៌មានវិទ្យា ទំនើប សម្រាប់លើកកម្ពស់គុណភាពជីវិត ពិសេសគឺត្រូវចេះប្រើប្រាស់បញ្ញា សិប្បនិម្មិត (AI) ដើម្បីជាគុណប្រយោជន៍របស់មនុស្សជាតិ។
បីគឺ អ្វីទាំងអស់គឺដើម្បីចូលរួមកសាងសុខដុមនីយកម្មសង្គមជាតិនិងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ៕

